អាជ្ញាធរឧតុនិយមកម្ពុជា បានព្រមានទៅប្រជាពលរដ្ឋនៅតាមបណ្ដោយដងទន្លេ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកទន្លេដែលនឹងហក់ឡើងខ្ពស់ ចំពេលដែលមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើនៃទន្លេមេគង្គនៅក្នុងប្រទេសឡាវ និងថៃ ចាប់ពីថ្ងៃស្អែកទៅ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ ក្រសួងធនធានទឹក និងឧតុនិយម បានរៀបរាប់ថា កូនព្យុះតាឡាស ដែលជាព្យុះទី៤ប្រចាំឆ្នាំនេះ បាន និងកំពុងតែស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ក្នុងដំណើរសំដៅទៅប្រទេសឡាវ និងថៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដានេះ។
ក្រសួងថា កូនព្យុះនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ ហើយដោយឡែកនៅកម្ពុជាវិញ ភ្លៀងនឹងធ្លាក់រាយប៉ាយរហូតដល់ថ្ងៃទី២៥ ខែកក្កដានេះ។
ជាមួយស្ថានភាពទឹកទន្លេមេគង្គហក់ឡើងជាលំដាប់នោះ ក្រសួងក្រើនរំលឹកប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ឲ្យបង្កើនការប្រុងប្រយ័ត្ន។ ក្រសួងក៏ព្រមានទៅដល់ពលរដ្ឋនៅតាមតំបន់ឆ្នេរសមុទ្រ ឲ្យប្រុងប្រយ័ត្នផងដែរ ចំពោះគ្រោះថ្នាក់ផ្សេងៗ៕