សហគមន៍ផ្លូវ​ដែកទាមទារឲ្យអាជ្ញាធរបញ្ជាក់ពីគម្រោងអភិវឌ្ឍដោយបារម្ភការបណ្តេញចេញ​

ប្រជាពលរដ្ឋចំនួន៨សហគមន៍ នៅ​តាម​បណ្តោយ​ផ្លូវដែក

ប្រជាពលរដ្ឋចំនួន៨សហគមន៍ នៅ​តាម​បណ្តោយ​ផ្លូវដែក បានប្រមូល​ផ្តុំ​និងយកញត្តិដាក់​សាលា​​រាជធានី​ភ្នំ​ពេញជាថ្មី​ទៀត​​ ដោយថាទាមទារឲ្យមន្ត្រីស្ថាប័ននេះ ពន្យល់​​ឲ្យ​ច្បាស់​ពី​គម្រោង​អភិវឌ្ឍ​ផ្លូវ​ដែក​​នៅ​តំបន់​នោះ ខណៈពួកគេព្រួយ​បារម្ភ​ពីការបណ្តេញ​ចេញដោយ​បង្ខំ​ដូច​សហគមន៍​ដទៃ។

សហគមន៍ទំាងនោះរួមមាន សហគមន៍អភិវឌ្ឍថ្មី សហគមន៍រួមចិត្តតែមួយ សហគមន៍ភូមិ២ សហគមន៍​ភូមិ​១៧ សហគមន៍ភូមិ២១ សហគមន៍ភូមិ២៣ សហគមន៍ភូមិ១០៤ សហគមន៍ភូមិ១០៥ ស្ថិតនៅ​ខ​ណ្ឌ​ដូន​ពេញ និង​ខណ្ឌ​ទួល​គោក រាជធា​នីភ្នំពេញ។

ប្រជាសហគន៍ភូមិ១៧ លោក នូ សារិន បានថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចូលដាក់ញត្តិ​ជាថ្មី​នៅសា​លា​​​​​រាជ​​ធានី​​ភ្នំពេញថា អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បាន​ប្រាប់​ប្រជា​ពល​រដ្ឋ​នៅ​ បណ្តោយ​​ផ្លូវ​ដែកថា ​កុំឲ្យបារម្ភពីគម្រោងអភិវឌ្ឍនៅតំបន់នោះ ដោយថានៅពេលសា​លា​រាជធានីចុះ ធ្វើ​ការ​អភិវឌ្ឍ នោះសាលាក្រុងនឹង​បើកវេទិកាសាធារណៈដើម្បី​សុំយោបល់ពីអ្នករង​ផល​ប៉ះពាល់​។

យ៉ាងណាក៏ដោយ លោក សារិន បញ្ជាក់ថា​ លោកមិនជំទាស់នឹងគម្រោង​អភិវឌ្ឍ​នៅតាម​បណ្តោ​យផ្លូវ​ដែក​​នោះទេ ប៉ុន្តែ​លោកចង់ឲ្យអភិបាលក្រុងលោក ឃួង ស្រេង ដែលទើប​ឡើងកាន់​តំណែង​ពន្យល់​និង​បង្ហាញឲ្យច្បាស់ ពីគម្រោង​អភិវឌ្ឍនៅតាមបណ្តោយផ្លូវដែក ដោយថាពួកគេព្រួយបារម្ភពីផល​ប៉ះពាល់​លំឋាន​ ក្រោម​គម្រោង​​​អភិវឌ្ឍនៅតំបន់នោះ។

លោកនិយាយថា «ចង់ជួបឯកឧត្តម ឃួង ស្រេង ដែលលោកឡើងមក​ថ្មីនេះ ចង់ដឹងថាញត្តិដែលខ្ញុំដាក់​ គាត់ដោះស្រាយ​ដល់កម្រិតប៉ុន្មាន ហើយការចុះវាស់សព្វថ្ងៃនេះ ថាតើគេវាស់យ៉ាងម៉េច​ ហើយចង់ដឹងការងារអភិវឌ្ឍថា តើគេយកប៉ុន្មានម៉ែត្រឲ្យច្បាស់លាស់ វាងាយស្រួលប្រជាពលរដ្ឋធ្វើការតស៊ូមតិ ពីព្រោះ​កាល​ពីជំនាន់មុន​ ដែលឯកឧត្តមលោកមុន[ប៉ា សុជាតិវង្ស]លោកនៅថា ពី៣០ម៉ែត្រ ទៅ២៥ម៉ែត្រ និង១០​ម៉ែត្រកន្លះ បើសិនត្រឹម១០ម៉ែត្រ ឬ១០ម៉ែត្រកន្លះផ្ទះណាខ្លះត្រូវ​អស់ទំាងស្រុងតែម្តង​»

ប្រជាសហគមន៍ភូមិ២៣ អ្នកស្រី មាស ស្រីមុំ មានប្រសាសន៍ថា គាត់មិនមា​ន​ជំនឿ​លើ​ការ​សន្យា​របស់​សាលា​រាជ​ធានី​​​​ភ្នំពេញ​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេ ដោយថា ស្ថាប័ននេះតែងតែពន្យារពេល​មិនចង់បង្ហាញប្លង់​ឲ្យប្រជាពល​រដ្ឋដឹង​ជា​សាធារណៈនោះ​ទេ​​។ អ្នកស្រីព្រមានថា បើសាលារាជធានីមិនបង្ហាញព័ត៌មានឲ្យច្បាស់ទេ នោះ​ពួកគេ​​នឹងនាំគ្នាទ្រង់​ទ្រាយ​ធំ​​មកស្ថាប័​ន​នេះជាថ្មីទៀតនៅដើមខែក្រោយនេះ។

អ្នកស្រីព្រមានថា «បើសិនជាសាលារាជធានីលោក មិនគិតគូដល់ពួកខ្ញុំ ពួកខ្ញុំនឹងត្រឡប់​មក​វិញនៅថ្ងៃទី៧ ខែ៨ ខ្ញុំនឹងត្រឡប់​មក​ជាទ្រង់ទ្រាយធំ ដើម្បីនូវ​អ្វីដែលពួកខ្ញុំត្រូវ​ការ​»

VOD​ បានទាក់ទងទៅអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ដែរ ប៉ុន្តែលោក​បង្វែរ​សំនួរឲ្យទៅ​សួរអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី វិញ។ លោក មាសភក្តី បាន​ប្រាប់ទៅពលរដ្ឋ​​ថា សាលារាជធានីមិនទាន់មានគម្រោងអភិវឌ្ឍនៅតំបន់​នោះទេ ដោយថា​បើអភិវឌ្ឍ ស្ថាប័ន​រដ្ឋ​នឹងជូនដំណឹងទៅពលរដ្ឋ ដើម្បីសុំយោបល់ផងដែរ។

លោកនិយាយថា «ផ្លូវរថភ្លើងវាវែង​ តែយើងបានជម្រាបគាត់រួច​ហើយ យើងធ្វើតែពីផ្លូវ​រថភ្លើងដែលចេញពី​ទំបន់៧០ ឡើងទៅគីឡូម៉ែត្រលេខ៦ ខាងឬស្សីកែវ មួយកំណាត់ចុះមក​តំបន់បឹងកក់វិញ តំបន់ទួល​គកវិញ គឺមិនមានធ្វើអ្វីទេ​ ហើយក៏បានជម្រាបគាត់ឲ្យបានស្ងប់ចិត្តការងារហ្នឹងដែរ តែគ្រាន់តែមាន​បងប្អូន​យើងខ្លះគាត់នៅតែបារម្ភ ដោយសារថា ពាក្យថាផ្លូវ​រថភ្លើង យើងថាធ្វើមួយកំណាត់ គាត់ថាចេះតែខ្លះថា ធ្វើ​មួយកំណាត់ចុះមកក្រោមទៀត ហើយត្រូវ​បានជម្រាបគាត់អស់ហើយ ថាយើងអត់មានធ្វើអីទេ ពាក់​ព័ន្ធ​មួយកំណាត់ចុះមក​តំបន់បឹងកក់»

ប្រធាន​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅឋាន​លោក សៀ ភារម្យ មានប្រសាសន៍ថា បើធ្វើការអភិវឌ្ឍនៅ​តំបន់​ផ្លូវដែក​ឲ្យមានសុក្រិតភាពដល់ពលរដ្ឋដែលរងផលប៉ះពាល់ទេ នឹងធ្វើឲ្យសន្លឹក​ឆ្នោតនៅឆ្នាំ២០១៨​របស់​បក្ស​កាន់អំណាច​ថយចុះ។

លោកមានប្រសាសន៍ថា «ការបោះឆ្នោតឆ្នាំ២០១៨តំណាងរាស្ត្រ ជិតមក​ដល់ហើយ​ ខែ៧ នៅសល់​មួយ​ឆ្នាំទៀត បើសិនជាសាលារាជធានីភ្នំពេញ ធ្វើការមិនប្រយ័ត្នប្រយ៉ែងទេ វាអាចប៉ះពាល់ទៅ​ដល់​សំឡេង​ឆ្នោតរបស់គណបក្សប្រជាជនដែលកំពុងកាន់អំណាចផង​ដែរ​​»

ប្រជាសហគមន៍ទំាងនោះបានអះអាងប្រហាក់ប្រហែលគ្នាថា ពួកគេដាក់ញត្តិទៅសាលារាជធានី​ភ្នំពេញ​ច្រើន​ដងហើយ ដោយថាតំាងពីអតីតអភិបាល​រាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ឲ្យពន្លឿនបង្ហាញប្លង់​មេ ក្រោមគម្រោងអភិវឌ្ឍផ្លូវដែកនោះ ប៉ុន្តែស្ថាប័ននេះចេះតែពន្យារពេលមិនបង្ហាញព័ត៌មានជាក់លាក់ រហូត​ដល់​អភិបាលថ្មីលោក ឃួង ស្រេង ចូលកាន់តំណែង។

ករណីនេះ ជាដើមចម​នាំឲ្យពលរដ្ឋមានការព្រួយបារម្ភពីគម្រោងអភិវឌ្ឍរបស់សាលារាជធានីភ្នំពេញ នៅ​តាម​​បណ្តោយ​​ផ្លូវ​ដែកនោះ ដោយពួកគេថា កន្លងទៅការ​អភិវឌ្ឍ​នៅក្នុង​រាជធានីភ្នំពេញ​មានការ​បណ្ដេញ​​​ពល​រដ្ឋ​ចេ​ញពីលំនៅស្ថានមានដូចជា បឹងកក់ បុរីកីឡា ដីក្រហម សំបុកចាប ដោយ​បើក​ផ្លូវ​ឲ្យក្រុ​មហ៊ុ​ន​ចូល​អភិ​វឌ្ឍ ហើយមកដល់ពេលនេះ​អ្នកខ្លះមិន​ទាន់បានសំ​ណងនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ