មន្ត្រីជាន់ខ្ពស់អារ៉ាប់រួម បាននិយាយថា ការតាមដានជាអន្តរជាតិ គឺជាការចាំបាច់សម្រាប់ជម្លោះរវាងប្រទេសកាតា និងបណ្ដាប្រទេសជិតខាងខ្លួន ដោយថា ការដាក់សម្ពាធទៅលើរដ្ឋាភិបាលក្រុងដូហា កំពុងមានដំណើរការ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានដាក់ទណ្ឌកម្មទៅលើប្រទេសកាតា កាលពីថ្ងៃទី០៥ ខែមិថុនា ដោយបានកាត់ផ្ដាច់ទំនាក់ទំនងកាទូត និងផ្លូវដឹកជញ្ជូនជាមួយរដ្ឋតូចមួយនេះ ដោយបានចោទប្រទេសនេះថា បានជួយលុយកាក់ដល់ក្រុមជ្រុលនិយម និងមានសម្ព័ន្ធភាពជាមួយប្រទេសអ៊ីរ៉ង់ ដែលជាសត្រូវនឹងបណ្ដារដ្ឋនៅតំបន់អារ៉ាប់។ ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានរដ្ឋាភិបាលក្រុងដូហាបដិសេធទៅវិញ។
រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម លោក អាន់វ៉ា ហ្កាហ្កាស ត្រូវបានដកស្រង់សម្ដីនៅសុន្ទរកថាដែលនិយាយថា គេត្រូវការដំណោះស្រាយតាមតំបន់ និងការតាមដានពីអន្តរជាតិ។
លោកបន្តថា គេត្រូវច្បាស់ថា កាតា ដែលមានប្រេងតម្លៃ ៣០០ពាន់លានដុល្លារនោះ មិនមែនជាអ្នកជួយឧបត្ថម្ភផ្លូវការ ឬក្រៅផ្លូវការដល់ក្រុមជីហាដ និងបុព្វហេតុភេរវកម្មទៀតទេ។
លោក ហ្កាហ្កាស បានបន្ថែមថា អនុស្សារណៈយោគយល់គ្នាដែលចុះហត្ថលេខាដោយអាមេរិក និងកាតាកាលពីថ្ងៃអង្គារសប្ដាហ៍មុន ស្ដីពីការជួយលុយកាក់ដល់ចលនាភេរវកម្មនោះ គឺជាដំណើរវិឌ្ឍន៍វិជ្ជមាន។
ក្រុងវ៉ាស៊ីងតោន និងក្រុងដូហា បានចុះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បំពេញទស្សនកិច្ចនៅកាតា ក្នុងដំណើរទស្សនកិច្ច ៣ថ្ងៃទៅកាន់បណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែក ដើម្បីបញ្ចប់វិវាទរបស់រដ្ឋនៅតំបន់អារ៉ាប់។
ទោះជាយ៉ាងណា មហាអំណាចអារ៉ាប់ទាំង ៤ នៅតែលើកឡើងថា កិច្ចព្រមព្រៀងនោះ មិនបំពេញតាមក្ដីកង្វល់របស់ពួកគេនោះឡើយ ដោយពួកគេនៅតែដាក់ទណ្ឌកម្មលើក្រុងដូហា រហូតទាល់តែកាតាធ្វើតាមការទាមទាររបស់ពួកគេ៕