វិភាគ៖ តើ​នឹង​មាន​យុត្តិធម៌​សម្រាប់​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​លោក កែម ឡី ឬ​ទេ?

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជា​ប្រិយភាព លោក​បណ្ឌិត កែម ឡី បាន​កន្លងផុត​ទៅ​អស់​រយៈ​ពេល​១ឆ្នាំ​ហើយ ខណៈ​ដែល​សាច់​ញាតិ មិត្តភក្តិ និង​អ្នក​គាំ​ទ្រ​អ្នក​វិភាគ​នយោបាយ​រូប​នេះ បាន​រៀបចំ​ពិធី​បុណ្យ​គម្រប់​ខួប ១​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​រូប​លោក។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្តារ​ម៉ាត ស្ថិត​ក្នុង​ស្ថានីយ៍​ប្រេង​សាំង​កាល់តិច នៅ​ម្ដុំ​ស្តុប​បូកគោ។ ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ កើត​ឡើង​តែ ២​ថ្ងៃ​ក្រោយ​ពីរូប​លោក​និយាយ​នៅ​ក្នុង​វិទ្យុ​អាស៊ី​សេរី បន្ទាប់​ពី​អង្គការ​ Global Witness បាន​ចេញ​របាយការណ៍​មួយ និយាយ​អំពី​ចក្រភព​ជំនួញ​នៃ​គ្រួសារ​ត្រកូល “ហ៊ុន” របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ភ្លាមៗ​ក្រោយ​ពី​ឃាតកម្ម​នោះ​បាន​កើត ខ្មាន់​កាំភ្លើង​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន។ ខ្មាន់​កាំភ្លើង​រូប​នោះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រូប​គេ​មាន​ឈ្មោះ ជួប សម្លាប់ ប៉ុន្តែ សាច់​ញាតិ និង​អ្នក​ស្គាល់​ខ្មាន់​កាំភ្លើង​រូប​នោះ ឲ្យ​ដឹង​ថា រូប​គេ​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា អឿត អាង ដែល​មាន​ប្រភព​កំណើត​នៅ​ឯ​ភូមិ​ទន្លេស ឃុំ​នគរភាស ស្រុក​អង្គរជុំ ក្នុង​ខេត្ត​សៀមរាបឯណោះ។ ក្រៅ​ពី​ការ​ប្រាប់​ឈ្មោះ​ក្លែង​ក្លាយ​នេះ ខ្មាន់​កាំភ្លើង​រូប​នេះ ថែម​ទាំង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយ​ផ្ទាល់ ដោយ​ថា អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ ជំពាក់​លុយ​គាត់ ៣០០០​ដុល្លារ។

មិន​ថា​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ ឬ​ក៏​ឈ្មោះ អឿត អាង នោះ​ទេ ខ្មាន់​កាំភ្លើង​រូប​នេះ ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក លាង សំណាត សម្រេច​​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧​នេះ។

ខណៈ​ដែល​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី បាន​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ទៅ​ហើយ​នោះ វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​ឃាតកម្ម​លើ​អ្នក​វិភាគ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ អាច​នឹង​ទទួល​បាន​យុត្តិធម៌​ឬ​ទេ? ប្រសិន​បើ​ករណី​ឃាតកម្ម​នេះ ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា នៅ​តែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ទេ​នោះ តើ​វា​នឹង​ជះឥទ្ធិពល​ដូចម្ដេច​ទៅ​លើ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នេះ?

បើទោះបី​ជា​ខ្មាន់​កាំភ្លើង​ អឿត អាង ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ ត្រូវ​បាន​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​មួយ​ជីវិត​ហើយ​ក៏​ដោយ ប៉ុន្តែ សាច់​ញាតិ និង​មិត្ត​ភក្តិ​របស់​លោក កែម ឡី និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​មិន​ទាន់​អាច​ទទួល​យក​បាន​ចំពោះ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ឃាតកម្ម​ដ៏​រស៊ើប​នេះ​បាន​នៅ​ឡើយ​ទេ។

ជា​មិត្ត​ភក្តិ​រួម​ការងារ​ដ៏​ជិត​ស្និទ្ធិ​នៅ​ក្នុង​ការងារ​ស្រាវជ្រាវបញ្ហា​សង្គម លោក​បណ្ឌិត មាស នី បាន​បង្ហាញ​ក្ដី​នឹក​រំលឹក​ទៅ​ដល់​លោក​បណ្ឌិត កែម ឡី នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហើយ​បាន​បង្ហាញ​នូវ​ការ​យល់​ឃើញ​របស់​លោក​ថា យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​រូប​លោក កែម ឡី ផ្ទាល់ នៅ​មិន​ទាន់​កើត​មាន​នៅ​ឡើយ​ទេ។ ជា​ការ​បញ្ជាក់​នូវ​ជំហរ​របស់​លោក អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី ប្ដេជ្ញា​ចូល​រួម​ជា​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត ដើម្បី​ជំរុញ​ទៅ​រដ្ឋាភិបាល ឲ្យ​ត្រូវ​តែ​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​លោក កែម ឡី នា​ពេល​អនាគតឲ្យ​ខាង​តែ​បាន។

សម្រាប់​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ លោក​បណ្ឌិត មាស នី យល់​ថា អាច​មាន​មនុស្ស​លើស​ពី​ខ្មាន់​កាំភ្លើង ដែល​ពាក់​ព័ន្ធ ឬ​នៅ​ពី​ក្រោយ​អំពើ​មនុស្ស​ឃាត​នេះ។

លោក​បណ្ឌិត មាស នី មាន​ប្រាប់​វីអូឌី​ថា​៖ “បើ​យើង​សង្កេត​មើល​ដំណើរការ​ទាំង​ស្រុង​ទាក់​ទង​នឹង​របៀប​ដែល​ប្រព័ន្ធ​យុត្តិធម៌ ឬ​ក៏​រដ្ឋាភិបាល​គ្រប់​គ្រង​ករណី​ឃាតកម្ម​នេះ គឺ​យើង​ឃើញ​ថា រដ្ឋាភិបាល​មិន​ទាន់​បាន​ផ្ដល់​យុត្តិធម៌ពេញ​លេញ​ជូន​លោក កែម ឡី នៅ​ឡើយ​ទេ។ ការ​ចាប់​តែ​មនុស្ស​ម្នាក់​យក​ទៅ​ដាក់​គុក កាត់​ទោស​ហើយ​នេះ វា​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃវិធានការ​របស់​ក្រសួង​យុត្តិធម៌​ទាំង​មូល​ទេ។ ប៉ុន្តែ បើយើង​មើល​អំពីភិនភាគ​មនុស្ស យើង​មើល​អំពី​ព្រឹត្តិការណ៍​ដែល​កើត​មាន ហើយ​អ្វី​ដែលតុលាការ​បាន​បំភ្លឺ…”។

ដោយ​លើក​ឡើង​ពី​ករណី​ឃាតកម្ម​ធំៗ​ទៅ​លើ​មេដឹកនាំ​សហជីព សកម្មជន​បរិស្ថាន អ្នក​នយោបាយ អ្នក​សារព័ត៌មាន ឬ​សិល្បការិនី​​នា​ពេល​កន្លង​មក លោក​បណ្ឌិត មាស នី យល់​ថា ករណី​ឃាតកម្ម​លើ​លោក កែម ឡី ក៏​មិន​ខុស​គ្នា​ដែរ ដោយ​លោក​មិន​មាន​ជំនឿ​ទៅ​លើ​របៀប​​ដែលសមត្ថកិច្ច និង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ដំណើរការ​ស៊ើប​អង្កេត និង​ជម្រះ​ក្ដី​នោះ​ឡើយ។

ក្រៅ​ពី​មិន​រំពឹង​ថា នឹង​មាន​យុត្តិធម៌​សម្រាប់​សព​លោកបណ្ឌិត កែម ឡី នោះ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ជឿ​ជាក់​ថា កង្វះ​ភាព​យុត្តិធម៌​ក្នុង​ករណី​នេះ នឹង​ធ្វើ​ឲ្យ​វប្បធម៌​និទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់​តែ​រីក​ធំ​ថែម​ទៀត ហើយ​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​កាន់​តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ។

ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ទាំង​ជាតិ និង​អន្តរជាតិ ១៦៤​ស្ថាប័ន បាន​​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បង្កើត​ក្រុម​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ទៅ​លើ​ឃាតកម្ម​នេះ។ ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ក្រុម​អង្កការ​ជាតិ-អន្តរជាតិ​ទាំង​នោះ បញ្ជាក់​ថា ទាល់​តែ​មាន​ការ​ចូល​រួម​ពី​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ។

ក្នុង​លិខិត​ចំហផ្ញើ​ទៅ​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ លោក ស ខេង នា​ពេល​ថ្មីៗ​នេះ និង​ចម្លង​ជូន​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​រដ្ឋ​មន្ត្រី​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន និង​ប្រធានស្ថាប័ន​តុលាការ​កម្ពុជា​ផង​នោះ ក្រុម​អង្គការ​ទាំង​នោះ បាន​លើក​ឡើង​ថា ការ​ស៊ើប​អង្កេត​ជុំ​វិញ​ករណី​ឃាតកម្ម​នេះ មាន​ការ​វិវឌ្ឍ​តិច​តួច​បំផុត។ ការ​វិវឌ្ឍ​តិច​តួច​នេះ ពួកគេ​ថា នោះ​ក៏​ដោយសារ​តែ​មាន​តែ​ឈ្មោះ អឿត អាង តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​កាត់​ទោស។ ពួកគេ​លើក​ឡើង​បន្ត​ថា ការស៊ើប​អង្កេត​កន្លង​មក​របស់​សមត្ថកិច្ច នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។

ដោយ​តាម​ដាន​ទៅ​លើ​អ្វី​ដែល​ខ្មាន់​កាំភ្លើង​ អឿត អាង ឆ្លើយ​ប្រាប់​ទៅតុលាការ​អំឡុង​ពេល​ជំនុំ​ជម្រះ និង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិលជាតិ-អន្តរជាតិ បាន​លើក​ឡើង​ថា ករណី​នេះ​បន្សល់​ទុក​នូវ​មន្ទិល​សង្ស័យ​ជា​ច្រើន ដែលពុំ​ទាន់​មាន​ការ​បក​ស្រាយ​ឲ្យ​បាន​ច្បាស់​លាស់ ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ។ មូល​ហេតុ​ជំពាក់​លុយ ៣០០០​ដុល្លារ ដែល​បុរស​ឈ្មោះ អឿត អាង ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន មិន​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ជា​ការ​ពិត​នោះ​ដែរ។

ចំណែក​ឯ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បាន​មក​ពី​ស្ថានីយ៍​ប្រេង​សាំង​កាល់តិច​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល អះ​អាង​ថា ក៏​ពុំ​ត្រូវ​បានបង្ហាញ​ឲ្យ​បាន​ពេញ​លេញ​នោះ​ដែរ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ជន​មួយ​ចំនួន​​ពាក់​ព័ន្ធ​ទៅ​នឹង​ឃាតកម្ម​នេះ មាន​ទាំង​មន្ត្រី និង​យោធា​ផង​ដែរ ដែល​ត្រូវ​បាន អឿត អាង បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​។ មនុស្ស​ពាក់​ព័ន្ធ​ទាំង​នោះ រាប់​បញ្ចូល​ទាំង​អ្នក​លក់​អាវុធ​ឲ្យ​ទៅ អឿត អាង អ្នក​ជូន​ អឿត អាង​ មក​ភ្នំពេញ និង​អ្នក​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​ខ្មាន់​កាំភ្លើង​រូប​នេះ។ ការ​ស៊ើប​អង្កេត​ទៅ​លើ​ជន​ពាក់​ព័ន្ធ​ទាំង​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល បញ្ជាក់​ថា មាន​ការ​វិវឌ្ឍ​តិច​តួច​ប៉ុណ្ណោះ។

ប្រសិន​បើ​ដំណើរការ​ស៊ើប​អង្កេត​ស៊ីជម្រៅ ដោយ​ឯករាជ្យ ដោយ​តម្លាភាព ពុំ​មាន​ដំណើរការ​ទៅ ឬ​មាន​ដំណើរ​វិឌ្ឍន៍​តិច​តួច នោះ​វា​ច្បាស់​ណាស់​ថា យុត្តិធម៌​សម្រាប់​សព​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី នឹង​មិន​ត្រូវបាន​រំពឹង​ថា កើត​ឡើង​នោះ​ឡើយ។

ប្រសិន​បើ​យុត្តិធម៌​សម្រាប់​សព​លោក​បណ្ឌិត កែម ឡី ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​រំពឹង​ទុក​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី ជឿ​ជាក់​ថា រឿង​នេះ​នឹង​ជះ​ឥទ្ធិពល​មិន​ល្អទៅ​លើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​នា​ពេល​សព្វ​ថ្ងៃ​នេះ ជា​ពិសេស​នោះ វា​នឹង​ប៉ះ​ពាល់​ទៅ​ដល់​សំឡេង​ឆ្នោត​គាំ​ទ្រ​ទៅ​លើ​គណបក្ស​មួយ​នេះ នៅ​ឆ្នាំ​ក្រោយ​នេះ។

ឃាតកម្ម​លើ​លោក កែម ឡី ដែល​ជា​បញ្ហា​ដ៏​រសើប​ដែល​កើត​ឡើង​នៅ​ឆ្នាំ​មុន​នោះ ត្រូវ​បាន​​ដាក់​បញ្ចូល​នៅ​ក្នុង​ការ​ស្ទង់​មតិ​កាល​ពី​ឆ្នាំ​មុន ដោយ​​ជា​លទ្ធផល ត្រូវបាន​រក​ឃើញ​ថា អ្នក​ឆ្លើយ​តប​ដល់​ទៅ ៦៦​ភាគរយ គ្មាន​ជំនឿ​សោះ​ឡើយ​ថា នឹង​មាន​យុត្តិធម៌​សម្រាប់​សព​អ្នក​វិភាគ​ដ៏​ល្បី​ល្បាញ​រូប​នេះ​នោះ​ទេ។

ចំណុច​សំខាន់​បំផុត​នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ ប្រហែល​ជា​​ការ​ប្រមើល​មើល​ទៅ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នេះ។ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​លើក​ទី១ ដែល​ធ្វើ​ឡើង​នៅ​មុន​ឃាតកម្ម​លើ​លោក កែម ឡី នោះ បាន​បង្ហាញ​ថា ពលរដ្ឋ​ភាគ​ច្រើន​ដល់​ទៅ ៤៦​ភាគរយ នឹង​បោះ​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច ខណៈ​ដែល​ពលរដ្ឋ ៣៦​ភាគរយ​ទៀត​ថា នឹង​ជ្រើស​រើស​បក្ស​ប្រឆាំង។

ប៉ុន្តែ ការ​ស្ទង់​មតិ​នៅ​ខែ​កញ្ញា នៅ​ក្រោយ​ឃាតកម្ម​លើ​លោក កែម ឡី នោះ បាន​បង្ហាញ​ថា អ្នក​ឆ្លើយ​តប​ដល់​ទៅ ៤៤​ភាគរយ បាន​សម្រេច​ចិត្ត​បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រឆាំង ខណៈ​អ្នក​ឆ្លើយ​តប ៣៥​ភាគរយ សម្រេច​ចិត្ត​បោះ​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ត្រង់​ចំណុច​នេះ គឺ​ចំនួន​ភាគរយ​​នៃ​អ្នក​ដែល​មិន​ទាន់​សម្រេច​ចិត្ត​នោះ​ បាន​ហក់​ឡើង​ពី ៩​ភាគរយ នៅ​ក្នុង​ខែ​ឧសភា ដល់ ១៧​ភាគរយ​នៅ​ក្នុង​ខែ​កញ្ញា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ