តុលាការកំពូលឲ្យបន្តឃុំខ្លួន លោក អ៊ុំ សំអាន ទាំងមានអភ័យឯកសិទ្ធិសភាដូចតុលាការថ្នាក់ក្រោម

តុលាការកំពូល នៅព្រឹកថ្ងៃពុធនេះ បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំ របស់តំណាងរាស្ត្របក្សប្រឆាំង លោក  អ៊ុំ សំអាន ដូចតុលាការថ្នាក់ក្រោមដែរ   ដោយអះអាងថា ការឲ្យតំណាងរាស្ត្ររូបនោះ បាននៅក្រៅឃុំ បារម្ភថាអាចនឹងបង្គឲ្យមានចលាចលក្នុងសង្គម។

លោក អ៊ុំ សំអាន ត្រូវសត្ថកិច្ចចាប់ខ្លួនកាលពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប ទាក់ទិននឹងការរិះគន់ រដ្ឋាភិបាលថា បានប្រើប្រាស់ផែនទីក្លែងក្លាយ បោះបង្គោលព្រំដែន ជាមួយវៀតណាម ធ្វើឲ្យខ្មែរខាតបង់ទឹកដីទៅប្រទេសជិតខាង។

ក្រោយមកសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យឃុំខ្លួនតំណាងរាស្ត្ររូបនោះ បណ្តោះអាសន្ននៅពន្ធនាគារព្រៃស រងចាំសវនាការ ចោទពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឲ្យមានការរើសអើង ។

ប៉ុន្តែការចោទប្រកាន់ និងការឃុំខ្លួននោះ ត្រូវ លោក អ៊ុំ សំអាន ប្តឹងជាបន្តបន្ទាប់ ដោយអះអាងថាតាមច្បាប់ អ្នកតំណាងរាស្ត្រ តុលាការអាចឃុំខ្លួន ឬចោទប្រកាន់ បាន លុះណាតែរដ្ឋសភា ប្រកាសដកអភ័យឯកសិទ្ធិ តាមរដ្ឋធម្មនុញ្ញ ដោយសំឡេង២ភាគ៣ជាមុនសិន។

នៅថ្ងៃទី១៧ខែឧសភា សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានប្រកាសច្រានចោល បណ្តឹងសុំនៅក្រៅឃុំរបស់លោក អ៊ុំ សំអាន ដោយអះអាងថា តំណាងរាស្ត្ររូបនោះ អាចនឹងបង្កចលាចលក្នុងសង្គម ប្រសិនបើបាននៅក្រៅឃុំ ។

ករណីនេះជំរុញឲ្យតំណាងរាស្ត្របក្សប្រឆាំងរូបនោះប្តឹងសាទុក្ខទៅតុលាការកំពូល ស្វែងរកយុត្តិធម៌។

នៅព្រឹកថ្ងៃទី១៧ខែសីហានេះ ចៅក្រមតុលាការកំពូល លោក សេង នាង បានប្រកាសថា កាលើកឡើង របស់មេធាវីការពារក្តី លោកអ៊ុំ សំអាន ក្នុងអង្គសវនាការ កាលពីថ្ងៃទី១០ខែសីហា ដែលថា ការឃុំខ្លួនកូនក្តីទាំងមានអភ័យឯកសិទ្ធិសភា បានរំលោភរដ្ឋធម្មនុញ្ញ ហើយសុំឲ្យកូនក្តី គឺលោក អ៊ុំ សំអាន បាននៅក្រៅឃុំនោះ  លោក សេង នាង ថា តុលាការកំពូល ពុំមានសិទ្ធិអំណាចពិចារណាទៅលើអង្គហេតុនេះទេ។

លោក សេង នាង បន្តថា បើពិនិត្យទៅលើបទចោទ របស់សាលាដំបូងវិញចៅក្រមរូបនោះ ថាការឲ្យលោក អ៊ុំ សំអានបាននៅក្រៅឃុំ តុលាការកំពូលបារម្ភថា តំណាងរាស្ត្របក្សប្រឆាំងរូបនោះ អាចនឹងបង្កឲ្យមានចលាចលក្នុងសង្គម ដូចការបារម្ភរបស់ សភាស៊ើបសួរ សាលាឧទ្ធរណ៍ដែរ។

លោក សេង នាង បន្តអានសាលដីកាថា តុលាការកំពូល សម្រេច តម្កល់សាលដីកា សាលាឧទ្ធរណ៍ទុកជាបានកាតាមទម្រង់ច្បាប់ ដោយបន្តឲ្យឃុំខ្លួនលោក អ៊ុំ សំអាន នៅពន្ធនាគារដដែល រងចាំថ្ងៃបើកសវនាការ ជាសាធារណៈនៅសាលដំបូង។

មេធាវី លោក ហែម សុជាតិ ដែលការពារក្តីឲ្យលោក អ៊ុំ សំអាន បង្ហាញការខកចិត្ត ទៅនឹងតុលាការជាន់ខ្ពស់ដែលបានប្រកាសច្រានចោលបន្តឹងសាទុក្ខសុំនៅក្រៅឃុំ របស់កូនក្តីលោកនេះ ដោយលោក អះអាងថា អយុត្តិធ៌មនៅបន្តកើតមានទៅលើកូនក្តីលោក បើទោះបីលោកថា មេធាវីបានប្រឹងប្រែងបង្ហាញអង្គហេតុ និងអង្គច្បាប់ប្រាប់ចៅក្រម នៅតុលាការជាន់ខ្ពស់នេះថា លោក អ៊ុំ សំអាន ចាប់ឃុំខ្លួនទាំងបំពានច្បាប់ក្នុងនាមលោកជាតំណាងរាស្ត្រក៏ដោយ។

លោកថា៖«អ្វីដែលសភាស៊ើបសួរសាលាឧទ្ធរណ៍ ក៏ដូចជាតុលាការកំពូល បញ្ជាក់ថាខ្លួនអត់មានសមត្ថកិច្ចពិចារណា សិទ្ធិតំណាងរាស្ត្រនោះ ខ្ញុំគិតថា គឺជារឿងមិនត្រឹមត្រូវទេ ពីព្រោះ ពីព្រោះទាំងតុលាការកំពូល ទាំងសភាស៊ើបសួរសាលាឧទ្ធរណ៍  គឺខ្លួនមានសិទ្ធិពិនិត្យរាល់និយត្តកម្ម រាល់នីតិវិធីទាំងអស់ ពីព្រោះតុលាការថ្នាក់លើ មានតួនាទីសម្រាប់ត្រួតពិនិត្យ ពីភាពមិនត្រឹមត្រូវ របស់តុលាការថ្នាក់ក្រោមបាទ»។

ទោះជាយ៉ាងណានៅពេលប្រកាសសាលដីការនៅព្រឹកនេះ គ្មានវត្តមានជនត្រូវចោទតំណាងរាស្ត្រ លោក អ៊ុំ សំអាន ទេប៉ុន្តែកាលពីថ្ងៃទី១០ខែសីហាជាថ្ងៃបើកសវនា លើបណ្តឹងសុំនៅក្រៅឃុំ លោក អ៊ុំ សំអាន បានប្រាប់អ្នកសារព័ត៌ពេលឆ្នាំគុកបណ្តើឡើងរថយន្តទៅឃុំខ្លួនវិញ ទាំងដៃជាប់ខ្នោះថា តុលាការបច្ចុប្បន្នជាឧបករណ៍នយោបាយ របស់បក្សកាន់អំណាច។

លោកថា៖«អ្នកការពារទឹកដី ត្រូវជាប់ពន្ធនាគារ ឯអ្នកធ្វើឲ្យបាត់បង់ទឹកដីគឺជាអ្នកស្នេហាជាតិនិងរួចខ្លួនទៅវិញ

យ៉ាងណាក៏ដោយមេធាវីការពារក្តីឲ្យលោក អ៊ុំ សំអាន គឺលោក ហែម សុជាតិ អះអាងថា ករណីនេះក្រុមមេធាវីរបស់លោក នឹងបន្តតតាំងក្តីនៅពេលជំនុំជម្រះ ឬអាចប្តឹង ករណីនេះ ទៅឧត្តក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមេធាវីថា ដើម្បីស្វែងរកយុត្តិធម៌ជូនតំណាងរាស្ត្រដែលកំពុងឃុំខ្លួនទាំងមានអភ័យឯកសិទ្ធិសភានេះ។ដោយ ញឹម សុខន

 

 

 

 

 

 

 

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ