សមាជិកព្រឹទ្ធសភាបក្សប្រឆាំង ថាក់ ឡានី មិនចូលបំភ្លឺជាលើកទី២

 

 

សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោកស្រី ថាក់ ឡានី ដែលរងបណ្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបង្ហាញខ្លួននៅតុលាការតាមការកោះហៅជាលើកទី២ នៅព្រឹកថ្ងៃ១៧នេះ។

លោកស្រី ថាក់ ឡានី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈមេធាវីតំណាងរបស់ខ្លួន ប្ដឹងកាលពីថ្ងៃទី១ ខែសីហា ជុំវិញការចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅពីក្រោយឃាតកម្មលើលោក កែម ឡី។

លោក សំ សុគង់ ដែលជាមេធាវីកាពារក្តីលោកស្រី ថាក់ ឡានី បានមានប្រសាសន៍ថា មូលហេតុដែលលោកស្រីមិនបានទៅបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយលោកស្រីជាព្រឹទ្ធសភា មានអភ័យឯកសិទ្ធិ ការពារដោយរដ្ឋធម្មនុញ្ញត្រង់មាត្រា១០៤។

លោកបានបញ្ចាក់ថា៖ ”ការស៊ើបសួររបស់តុលាការជាបទល្មើសមិនជាក់ស្ដែង ដើម្បីឲ្យមានការអនុវត្ដបានត្រឹមត្រូវ គឺត្រូវមានការប្រជុំពីព្រឹទ្ធសភា ដើម្បីភ្ជួរ ឬ ដកអភ័យឯកសិទ្ធទៅតាមនិតិវិធីច្បាប់ ហើយចាំឲ្យតុលាការដំណើរការនិតិវិធីតាមច្បាប់ទៀត”

លោកបន្ដថាទោះបីជាលោកស្រីមិនបានទៅបំភ្លឺតែលោកស្រីបានឲ្យមេធាវីរបស់លោកស្រីទៅការពារនិងជួបជាមួយព្រះរាជអជ្ញារង ដើម្បីពិភាក្សាពីបញ្ហាផ្លូវច្បាប់និងរង់ចាំការឆ្លើយតបពីព្រះរាជអាជ្ញារង។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ប្រាប់តាមប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិច Telegram ថា ការមិនចូលខ្លួនតាមកាលបរិច្ឆេទនៃការកោះហៅលើកទី២ អយ្យការអមសាលាដំបូងសម្រេចបន្តចំណាត់ការស៊ើបអង្កេតរឿងក្តីនេះទៀត ដោយពិនិត្យលើពាក្យបណ្តឹង  ភស្តុតាង និងសាក្សី ដែលមានប្រយោជន៍ដល់ចំណាត់ការរឿងក្តីនេះ។

ថ្លែងក្នុងពិធីបើកសម្ពោធកំណាត់ផ្លូវមួយចំនួនក្នុងខេត្តកំពង់ស្ពឺនាពេលកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានសមាជិកព្រឹទ្ធសភា លោកស្រី ថាក់ ឡានី កុំឲ្យចេញពីប្រទេសកម្ពុជា បន្ទាប់ពីលោកបានដាក់ពាក្យបណ្តឹងទៅតុលាការ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈមេធាវីតំណាងរបស់ខ្លួនបានប្តឹងមេដឹកនាំបក្សប្រឆំាងលោក សម រង្ស៊ី និងមន្ត្រីបក្សនោះមួយរូប ទាមទារសំណងជំងឺចិត្តម្នាក់ៗ ១០០រៀល (លុយខ្មែរ) ដោយចោទថាមន្រ្តីបក្សប្រឆាំងបានចោទរដ្ឋាភិបាលថានៅពីក្រោយឃាតកម្មលើលោក កែម ឡី។

ប៉ុន្តែលោកស្រី ថាក់ ឡានី បានបដិសេធថាគាត់មិនបានចោទប្រកាន់លោក ហ៊ុន សែន ទេ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ