សកម្មជនប្រធានាធិបតេយ្យទីក្រុងហុងកុង យុវនិស្សិត Joshua Wong ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ខែ ជុំវិញតួនាទីរបស់សកម្មជនរូបនេះ នៅក្នុងបាតុកម្មប្រជាធិបតេយ្យនៅក្នុងទីក្រុងនេះ កាលពីឆ្នាំ២០០១៤កន្លងមក។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
បើតាមសារព័ត៌មានសិង្ហបុរីមួយនេះ យុវនិស្សិត Wong អាយុ ២០ឆ្នាំ ត្រូវបានកាត់ទោសនៅថ្ងៃនេះ រួមជាមួយអតីតមេដឹកនាំចលនាឆ័ត្រ លោក Alex Chow និងលោក Nathan Law ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៧ខែ និង ៨ខែរៀងៗខ្លួន។
លោក Law អាយុ ២៤ឆ្នាំ គឺជាសមាជិកសភាជាប់ឆ្នោតវ័យក្មេងបំផុត ប៉ុន្តែ ត្រូវបានបណ្ដេញចេញពីតំណែងកាលពីខែមុន។ ការបណ្ដេញចេញនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីតុលាការសម្រេចថា ការស្បថចូលកាន់តំណែងរបស់លោកកាលពីជិតមួយឆ្នាំមុននោះ ពុំមានសុពលភាពទេ ដោយសារលោកបន្ថែមពាក្យ និងបញ្ចេញសំឡេងដែលត្រូវបានចាត់ទុកថា មានលក្ខណៈមិនគោរពដល់ប្រទេសចិន។
ចំណែកយុវនិស្សិត Wong កាលពីដំបូងលើយ ត្រូវបានតុលាការសម្រេចដាក់ទោសឲ្យបម្រើការងារសង្គមកិច្ច ៨០ម៉ោង សម្រាប់ការប្រមូលផ្ដុំដោយខុសច្បាប់ អំឡុងពេលបាតុកម្មកាលពីឆ្នាំ២០១៤ ប៉ុន្តែ ក្រុមរដ្ឋអាជ្ញាបានប្ដឹងជំទាស់ និងទាមទារឲ្យដាក់ពន្ធនាគារ៕