ព្រះ​នាង ម៉ាកូ និង​មិត្ត​ប្រុស​ គ្រោង​ប្រកាស​ពី​ពិធី​ភ្ជាប់​ពាក្យ​នៅ​ខែ​ក្រោយ

ចៅ​ស្រី​ច្បង​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគីហ៊ីតុ គឺ​ព្រះ​នាង ម៉ាកុ និង​មិត្ត​ប្រុស​របស់​ព្រះ​នាង លោក កេអ៊ិ កូមូរ៉ូ នឹង​ប្រកាស​ជា​សាធារណៈ​នូវ​ការ​ភ្ជាប់​ពាក្យ​របស់​ពួកគេ​នៅ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​ខាង​មុខ​នេះ។ នេះ​ដោយ​យោង​តាម​ការ​សេចក្ដី​រាយការណ៍​របស់សារព័ត៌មាន Channel News Asia។

សារព័ត៌មាន​សិង្ហបុរី​បាន​ចុះ​ផ្សាយ​ដូច្នេះ ដោយ​ផ្អែក​ទៅ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​រាជ​វាំង​ជប៉ុន នៅ​ថ្ងៃ​នេះ។

កាសែត​ Japan Times បាន​រាយការណ៍​ថា ពិធី​ភ្ជាប់​ពាក្យ​នេះ ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​កក្កដា​កន្លង​មក ប៉ុន្តែ ត្រូវ​បាន​ពន្យា​ពេល​ទៅ​វិញ។ កាសែត​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្មី​នេះ គឺ​ច្បាស់​លាស់ បន្ទាប់​ពី​គ្រួសារ​រាជ​វង្ស​ជប៉ុន​បាន​កំណត់​ពេល​វេលា​ជាក់​លាក់​រួច​មក​ហើយ​នោះ។

គូស្នេហ៍​ទាំង​ពីរ​រូប​នេះ ដែល​មាន​វ័យ ២៥​ឆ្នាំ​ដូច​គ្នា​នោះ បាន​ជួប​គ្នា​តាំង​ពី ៥​ឆ្នាំ​មក​ម៉្លេះ នៅ​ពេល​ពួកគេ​ជា​និស្សិត​សិក្សា​នៅ​សាកល​វិទ្យាល័យ​គ្រីស្ទាន​អន្តរជាតិ នៅ​ទីក្រុង​តូក្យូ។

លោក កូមូរ៉ូ ដែល​បម្រើការ​នៅ​ឯ​ក្រុមហ៊ុន​ច្បាប់​មួយ​ក្នុង​ទីក្រុង​តូក្យូ​នោះ ត្រូវ​បាន​រាយការណ៍​ថា បាន​មាន​ទំនាក់​ទំនង​នឹង​ព្រះ​នាង ម៉ាកូ កាល​ពី​មួយ​ឆ្នាំ​មុន។

បើ​តាម​កាសែត​ជប៉ុន អាពាហ៍ពិពាហិ៍​របស់​ពួកគេ គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៨ បន្ទាប់​ពី​ព្រះ​នាង ម៉ាកូ បោះ​បង់​ឋានៈ​របស់​ព្រះ​នាង​នៅ​ក្នុង​រាជ​វង្ស​ជប៉ុន ទៅ​តាម​ច្បាប់​របស់​ប្រទេស​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ