ពលរដ្ឋខេត្តកោះកុងរកអន្តរាគមន៍ពីនាយករដ្ឋមន្រ្តីសុំពន្លឿនដោះស្រាយដីធ្លី

អ្នកមានជម្លោះដីធ្លីមកពីខេត្តកោះកុង

អ្នកមានជម្លោះដីធ្លីប្រមាណ៥០នាក់មកពីខេត្តកោះកុងនៅថ្ងៃព្រហស្បតិ៍នេះ បានប្រមូលផ្តុំគ្នាមុខខុទ្ទកាល័យនាយករដ្ឋមន្រ្តីជាថ្មីទៀត ដើម្បីសុំឲ្យលោក ហ៊ុន សែន ជំរុញទៅក្រសួងរៀបចំដែនដីពន្លឿនការដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។

តំណាងពលរដ្ឋអ្នកស្រី ផាវ ញើង ប្រាប់អ្នកសារព័ត៌មានថា ពួកគាត់១៧៥គ្រួសារ រស់នៅស្រុកស្រែអំបិលនិងស្រុកបុទុមសារគរ មានជម្លោះដីធ្លីមួយក្រុមហ៊ុនក្រុមហ៊ុនកោះកុងស៊ូហ្គឺ និងក្រុមហ៊ុនកោះ​កុងភ្លែនថេសិនជាង១០ឆ្នាំហើយ មិនទាន់ទទួលបានដំណោះស្រាយទេ។

អ្នកស្រីបន្តថា កន្លងមកក្រុមពលរដ្ឋធ្លាប់រកកិច្ចអន្តរាគមន៍ស្ថាប័នរដ្ឋកំពូលៗមួយចំនួនឲ្យជួយដោះស្រាយដែរ ដោយស្ថាប័នទាំងនោះបានចារលិខិតឲ្យក្រសួងរៀបចំដែនដីជាអ្នកដោះស្រាយ ប៉ុន្តែរហូតពេលនេះ ក្រសួងមិនទានដោះស្រាយបានឡើយ។

អ្នកស្រីបន្ថែមថា «ជីវិតរបស់ពួកខ្ញុំនេះ គឺនៅលើដី អញ្ចឹងខ្ញុំត្រូវការដីយកទៅធ្វើស្រែចំការ ពួកខ្ញុំត្រូវការ អន្តរាគមន៍ខុទ្ទកាល័យ ពីព្រោះខុទ្ទកាល័យកន្លងមក ធ្លាប់អន្តរាគមន៍ទៅឲ្យក្រសួងដែនដីដោះស្រាយ ប៉ុន្តែការអន្តរាគមន៍របស់ខុទ្ធកាល័យ គឺហាក់បីដូចជាខ្យល់អញ្ចឹង។ អញ្ចឹងពួកយើងមកពេលនេះក្នុង គោលបំណងតែមួយគាត់យើងសឹងតែឈប់ជឿអ្នកណាទាំងអស់ ពួកខ្ញុំទាមទារចង់ជួបសម្តេចវិញ បើអត់ទេ ពួកនៅតែកកូរកកាយនៅទីក្រុងភ្នំពេញ ពួកខ្ញុំត្រូវតែធ្វើរបៀបនេះដើម្បីឲ្យមានការដោះស្រាយ»។

តំណាងរូបនេះបន្តថា កន្លងមកពួកគាត់ព្រមទទួលយកដំណោះស្រាយតាមការស្នើសុំរបស់ក្រសួងរៀបចំដែនដី ដោយថា កាលណោះក្រសួងបានសន្យាកាត់ដីពីក្រុមហ៊ុនមួយផ្នែកមកឲ្យប្រជាពលរដ្ឋ ប៉ុន្តែនៅពេលពលរដ្ឋព្រមទទួលសំណងនោះ បែរជាក្រសួងពន្យារពេលចុះដោះស្រាយនិងមិនឆ្លើយតបថែមទៀត។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ផា រ៉េត និយាយថា ក្រៅពីបាត់បង់ដីធ្លី ពួកគេក៏រងការគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋានតាមរូបភាពផ្សេងៗដែរ ដោយថាថ្មីៗនេះ តុលាការបានកោះហៅអ្នកភូមិម្នាក់ឲ្យទៅឆ្លើយបំភ្លឺពាក់ព័ន្ធរឿងដីធ្លី ហើយក្រុមហ៊ុនបានកាយដីបិទផ្លូវមិនឲ្យអ្នកភូមិធ្វើដំណើរឆ្លងកាត់ទៀតផង។

អ្នកស្រីបន្ថែមថា «កាលមុនឈូសឆាយយកដីប្រជាពលរដ្ឋ ដល់ឥលូវនេះឈូសឆាយកាយផ្លូវមិនឲ្យដើរ ក្របី គោអីងាប់អស់ហើយ គ្មានកន្លែងមើលទេ ហើយបើចូលវាគំរាមថា វានឹងបាញ់ ហើយផ្លូវហ្នឹងមានតាំងពីបរុមបូរាណមកម្លេះ តាំងពីដូនតា ឥលូវឈូសឆាយអត់ឲ្យដើរម៉ង បើសិនអត់មានដំណោះស្រាយវិញ ពួកខ្ញុំសុខចិត្តនៅងាប់នៅភ្នំពេញនេះហើយ បើទៅនៅនោះអត់មានកន្លែងផង»។

ប្រធានគណៈកម្មការចម្រុះទទួល និងដោះស្រាយបណ្តឹងតវ៉ា នៃខុទ្ទកាល័យនាយករដ្ឋមន្រ្តីគឺ លោក ប៉ាល់ ចន្ទតារា បានចេញមកជួបពលរដ្ឋ និងឲ្យពលរដ្ឋទាំងនោះធ្វើលិខិតសុំអន្តរាគមន៍ជាថ្មីទៀត ហើយថាពេលទទួលបានលិខិតនោះ លោកនឹងអន្តរាគមន៍ទៅក្រសួងរៀបចំដែនម្តងទៀត។

លោកបន្ថែមថា «ខ្ញុំបានឲ្យគាត់ធ្វើពាក្យរៀបរាប់ពីការងារគាត់ឡើងវិញ ក្រោយពីខ្ញុំទទួលបានពាក្យនេះ ខ្ញុំនឹងទៅក្រសួងដែនដីជួបគាត់ជាថ្មីម្តងទៀត ខ្ញុំឃើញក្រសួងដែនដីដុតដៃដុតជើងខ្លាំងណាស់ចំពោះរឿងនេះ ខ្ញុំឃើញឯកឧត្តម ពេទ ធន ចុះដល់ទីតាំងផ្ទាល់ ដូច្នេះយន្តការណ៍ដោះស្រាយនេះដំណើរទៅមុខហើយ ប៉ុន្តែវាមិនអាចបានទន់ចិត្តដូចគាត់ចង់បានទេ»។

អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនិង​ជា​ប្រធាន​ក្រុម​ការ​ងារ​ដោះស្រាយ​ដីធ្លី​លោក ទេព ធន មាន ប្រសាសន៍ថា ក្រសួងកំពុងធ្វើការដោះស្រាយបញ្ហាជម្លោះដីធ្លីនេះហើយ។ ចំពោះការយឺតយ៉ាវវិញ លោកថា ដោយសារលោកជាប់រវាល់កិច្ចការងារផ្សេង និងម្យ៉ាងទៀត ក្រសួងកំពុងសិក្សារស្រាវជ្រាវរកអត្តសញ្ញាណពិតប្រាកដថា ពលរដ្ឋទាំងនោះពិតជាបានរស់នៅតំបន់មានជម្លោះតាំងពីដើមឬអត់។

ក្រុមពលរដ្ឋអះអាងថា ពួកគេជិត២០០គ្រួសារនៅស្រុកស្រែអំបិល និងស្រុកបុទមសាគរខេត្តកោះកុង បាន​បាត់បង់​ដីទំ​​ហំ​៨៤​១​​ហិកតាតាំងពីឆ្នាំ២០០៦ និងខ្លះ២០០៩ ដែលអ្នកតវ៉ាចោទថា ដីទាំងនោះ​​ត្រូវ​​បា​​ន​ក្រុមហ៊ុ​​នចំនួន​​ពីរ​នៅខេ​ត្តនោះរំលោភយក គឺមានក្រុមហ៊ុនក្រុមហ៊ុនកោះកុងស៊ូហ្គឺ និងក្រុមហ៊ុនកោះកុងភ្លែនថេសិនរបស់ លោក ហេង ហ៊ុយ។

ក្រុមពលរដ្ឋដដែលអះអាងថា ពួកគេបានទៅរស់នៅតំបន់មានជម្លោះនោះតាំងពីដូន និងខ្លះទៀតថា បានទៅរស់នៅតាំងពីឆ្នាំ១៩៧៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ