បទយកការណ៍៖ ជនពិការថាគ្មានសិទ្ធិទទួល​បានប័ណ្ណបើកបរ

របាយការណ៍អង្គការ ដែលធ្វើការលើវិស័យពិការភាព បានឲ្យដឹងថា បច្ចុប្បន្ន​មានជន​ពិការ​ប្រមាណ​ជា១៥​​​​ភា​​គរយ​​នៃប្រជាជនសរុបជាង១៤លាននាក់។ តួលេខនេះច្រើនជាងរដ្ឋាភិបាលដែល​អះអាង​​ថា​កម្ពុជា​​​មាន​ជនពិការ​ត្រឹមតែ២,១ភាគរយតែប៉ុណ្ណោះ។

ទោះជាបែបនេះក្តី នៅ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ជនពិការមយយចំនួន​បាន​អះអាងថា ពួកគេ​នៅតែ​ជួប​បញ្ហា​​ប្រឈម និងងាយ​រង​គ្រោះ ពីការ​ប្រមាថ មើលងាយ និងរើសអើងពី​សំណាក់​មនុស្ស​មួយក្រុមតូច។ ការរើស​​អើងនេះ ធ្វើឲ្យ​ជនពិការ​នៅ​តែ​មាន​​ការព្រួយបារ​ម្ភពីសុវត្ថិ​ភាព និ​ង​អៀន​ខ្មាស់ នៅពេល​ពួក​គេស្វែ​ង​រក​​​​សេវាផ្សេង​ៗពីស្ថាប័ន​ឯកជន​និង​​ស្ថាប័ន​រដ្ឋ បើទោះជាមានច្បាប់​ជាតិ​ និងច្បាប់​​អន្តរជាតិ​បានចែង​ការ​ពារ​​​សិទ្ធិពួកគេយ៉ាងណាក៏ដោយ។

ជាក់ស្តែងជនពិការមួយក្រុមនៅរាជធានីភ្នំពេញបានអះអាងប្រហាក់ប្រហែលគ្នាថា ពួកគេត្រូវបាន​បុគ្គលិក​សាលា​​​បង្រៀនបើកបររថយន្តឯកជនមួយចំនួននៅរាជធានីភ្នំពេញ មិនព្រមទទួលពាក្យ​ស្នើសុំចុះ​ឈ្មោះ​រៀន​បើកបរដូចប្រជាពលរដ្ឋធម្មតានោះទេ ដោយពួកគេយល់ថានេះជាការរើសអើង។

មាត្រា២៤ នៃច្បាប់ស្តីពីកិច្ចការពារនិងលើកម្ពស់សិទ្ធិជនពិការមានខ្លឹមសារថា ជនពិការមានសិទ្ធិទ​ទួល​ប័ណ្ណ​បើកបរយានយន្ត។ មាត្រាដដែលបន្តថា សមត្ថភាពបើកបរយានយន្តនៃជនពិការ ព្រមទំាង​ប្រភេទ​យានយន្តសម្រាប់ជនពិការ ត្រូវកំណត់ដោយប្រកាសរួម​របស់រដ្ឋមន្ត្រីទទួល​បន្ទុកវិស័យសាធារណកា​រនិង​ដឹក​ជញ្ជូន និងរដ្ឋមន្ត្រីទទួលបន្ទុកវិស័យសុខាភិបាល។

វ័យជាង៣០ឆ្នាំ ធ្វើការក្នុងវិស័យពិការភាព អ្នកនាង ហេង ចាន់តី ពិការជើងទំាងសងខាង ពោលគឺ​ស្វិត​សាច់​ដុំជើង​ទំាងពីរ ឬគេអាច​និយាយ​បានម្យ៉ាងទៀតថា (ពិការ ពោយោ) តែនាងថា អាច​ប្រើក​ម្លាំង​បើក​រថ​យន្ត​បាន។ អ្នកនាង​ថា ធ្លាប់​ទៅសុំ​រៀនបើក​បរនៅ​សាលា​ឯក​ជន (សុំលាក់​ឈ្មោះ​សាលា) ដែរ ប៉ុន្តែបុគ្គ​លិក​​សាលាឯកជននោះ មិនព្រមទទួលពាក្យនិងចុះ​ឈ្មោះ​​បង្រៀន​​ទេ ដោយថា​មិន​មាន​រថ​យន្ត​សម្រាប់​បង្រៀន​ជនពិការ។

អ្នកនាងបាននិយាយថា៖ “ពីមុនធ្លាប់ទៅសុំចុះឈ្មោះនៅសាលាបង្រៀនឯកជននៅក្នុងទីក្រុងភ្នំពេញយើងកន្លែងមួយ ប៉ុន្តែទៅដល់កន្លែងសាលាបង្រៀន បុគ្គលិកដែលធ្វើការនៅទីនោះគាត់បានប្រាប់មកខ្ញុំវិញថា នៅសាលាបង្រៀនរបស់ពួកគាត់ គឺអត់មានរថយន្តសម្រាប់បង្រៀនជនពិការ ពេលគេឆ្លើយប្រាប់អញ្ចឹង មានអារម្មណ៍គិតថា ប្រៀបដូចជាគេនៅមានការរើសអើងចំពោះខ្លួនខ្ញុំដែលជាជនពិការ“។

ជនពិការមួយចំនួនបានរៀបរាប់ប្រហាក់ប្រហែលគ្នាថា ផលវិបាកនៃការសុំរៀនបើកបរនេះហើយ ដែល​ជាដើម​ចមធ្វើឲ្យពួកគេមិនអាចសុំប្រឡងយកប័ណ្ណបើកបរបានដូចប្រជាពលរដ្ឋធម្មតា។ ពួកគេថា ជន​ពិការ​ខ្លះ បានសម្រេចចិត្តទៅរៀនបើកបរម៉ូតូ រថយន្ត ជាមួយបងប្អូន សាច់ញាតិ និងមិត្តភ័ក្តិជាដើម។

លោក អាន ស៊ីណូវីល បានអះអាងទំាងទឹកមុខមុតមំា​ថា គាត់ពិការផ្នែក អារ៉ុយម៉ាទីស ពោល ឈឺស្លាក់ដៃ និង​ជើង​ទំាង​សង​ខាង​  បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា លោកមានសមត្ថកិភាពបើកបរបាន ប៉ុន្តែ​លោកថា​ នៅពេលទៅសុំដាក់ពាក្យ​រៀនបើកបរពី​សាលា​​​​បើក​បរ​ឯក​ជន ត្រូវ​បានបុគ្គលិក​​សាលា​បង្រៀន​ទំាងនោះ​មិនព្រម​បង្រៀនទេ ករណីនេះធ្វើ​ឲ្យរូប​លោក​​​​សម្រេច​​ចិត្ត​ឲ្យសាច់​ញាតិ​​​ជួយ​​​បង្រៀន ខណៈ​បច្ចុប្បន្ន​លោកថា បើក​រថ​យន្ត ដោយ​ពុំមាន​ប័ណ្ណ​បើក​បរ​នោះទេ។

លោក ស៊ីណូវីល បានបញ្ជាក់ថា គាត់មិនហានជិះរថយន្តទៅធ្វើការ ទំាង​គ្មានប័ណ្ណបើកបរនោះទេ​ ប៉ុន្តែ​លោកថា បច្ចុប្បន្ននេះ លោកជិះម៉ូតូឆ្នៃទៅធ្វើការទំាងព្រួយបារម្ភពីសុវត្ថិភាព។

លោកនិយាយថា «ផលវិបាករបស់យើងនៅពេលដែលយើងជិះម៉ូតូ វាពិបាកជាងជិះរថយន្ត ពេលខ្លះ​យើង​ជិះម៉ូ​តូមានហានិភ័យខ្ពស់ ផ្លូវ​ចង្អៀត ហើយអ្នកខ្លះគាត់ដៃជើងល្អ គាត់​រៀនបើកឡាន មិនដឹង​ថាគាត់បាន​ចូល​សាលាបើកបរឬអត់ទេ តែពេលខ្លះគាត់បើក​បរ ដូចមិនបានចូលសាលា គាត់មិនគោរពអ្នកដែលកាយ​សម្បទាមិនមំាទេ ធ្វើម៉េច​គាត់គិតតែមួយឈ្នះ ខ្ញុំខ្លាច​តែរថយន្តអស់នោះគាត់មកប៉ះម៉ូតូយើង បុកយើង ក៏វាជាហានិភ័យខ្ពស់​សម្រាប់យើងដែរ»។

នៅពេលសួរថា ហេតុអ្វីបានជាលោកមិនដាក់ពាក្យសុំ​ប្រឡងយកប័ណ្ណបើកបរ​រថយន្តនៅ​មន្ទីរសាធារណ​ការ និងដឹកជញ្ជូន? លោកថា មិនហ៊ា​​​​​នទៅនោះទេ ដោយសារគាត់មិនបានឆ្លងកាត់រៀនទ្រឹស្តីនៅ​សាលា​និង​​​ខ្លាច​មិនមានរថយន្តសម្រាប់ឲ្យជនពិការប្រឡង។

មាត្រា២៥ នៃច្បាប់ស្តីពីកិច្ចការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពារនិងលើកម្ពស់សិទ្ធិជនពិការមានខ្លឹមសារថា ក្រសួងទទួលបន្ទុកវិស័យ​សាធារណការនិងដឹកជញ្ជូនត្រូវចេញប័ណ្ណសម្គាល់យានយន្តនិងប័ណ្ណបើកបរពិសេសដល់ជនពិការ។

ក្រុមជនពិការថា ពួកគេចង់មានប័ណ្ណបើកបរម៉ូតូ[កម្លាំងម៉ាស៊ីន១២៥CCឡើង​]និង​រថយន្ត​ដូច​មនុស្ស​ធ​ម្ម​តា​​ដែរ ដោយពួកគេថាមិន​ចង់ពឹងពាក់បងប្អូន សាច់ញាតិ និង​មិត្តភ័ក្តិឲ្យជួយ​ជូនទៅធ្វើការងារ​និង​ជូន​ទៅណាម​កណាទេ ព្រោះ​ខ្លាច​ចិត្តនិងរំខានពួកគេផងដែរ។

អង្គុយលើរទេះរុញ ភ្នែកសំឡឹងទៅកុំព្យូទ័រ លោក មាន វិបុលរតនៈ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា គាត់​មាន​បំណងសន្សំលុយទិញរថយន្ត ដើម្បីងាយស្រួលធ្វើដំណើរទៅធ្វើការងារនិងការពារសុវត្ថិភាព។ ប៉ុន្តែ​លោកថា​នៅពេលឮព័ត៌មានភាគច្រើនពីបងប្អូនជនពិការដូចគ្នាថា ពិបាកស្នើសុំរៀនបើកបរ ករណី​នេះ​​ធ្វើ​ឲ្យ​​​រូបលោកខកចិត្ត ដោយថាមិនមានសិទ្ធិស្មើគ្នាដូចនឹងមនុស្សធម្មតា។

ទោះជាបែបនេះក្តី លោក មាន វិបុលរតនៈ ស្នើទៅរដ្ឋាភិបាលឬសាលាបង្រៀនបើក​បរឯកជន​ទំាងអស់​សហការគ្នាបង្កើតឲ្យមានគណៈកម្មការត្រួតពិនិត្យនិងវាយម្លៃលើពិការភាពប្រភេទណា ដែលមានសិទ្ធិសុំ​រៀន​​​បើក​បរ​និងផ្តល់ប័ណ្ណបើកបរឲ្យបានដូចអ្នកមិនពិការភាពដែរ។

លោកនិយាយថា “ខ្ញុំក៏សំណូមពរដល់រាជរដ្ឋាភិបាលគួរមានកន្លែងមួយ សំរាប់បង្រៀនបើកបរ ក៏ដូច​ជា​មាន​កន្លែង​មួយ​សំរាប់​​ផ្តល់សេវាកម្មនៃការបើកបរដល់បងប្អូនជនពិការ ពេលគាត់ទៅប្រឡង ហើយគាត់​អាច​មាន​សិទ្ធិក្នុង​ការទទួលបានប័ណ្ណបើកបរស្របច្បាប់ដូចគេ ដូចឯង ដើម្បីលើកទឹក​ចិត្តក៏ដូច​ជាលុប​បំបាត់​​ការរើសអើ​ង  ចំ​ពោះ​ជនពិការផងដែរ“។

មាត្រា២១ នៃច្បាប់ស្តីពីកិច្ចការពារនិងលើកម្ពស់សិទ្ធិជនពិការឲ្យដឹងទៀតថា លក្ខណៈវិនិច្ឆ័យប្រភេទនិ​ង​កម្រិតនៃពិការភាពត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យសង្គមកិច្ចនិងរដ្ឋមន្ត្រីទទួលបន្ទុកវិស័យសុខាភិបាល។ រីឯកម្រិតនៃពិការភាពរបស់យោធិ ត្រូវមានការចូលរួមពីក្រសួងទទួល​បន្ទុក​វិស័យ​ការពារជាតិ។

អង្គុយលើកៅអី​ ដៃដាក់លើតុ ជើងទប់បង្កាន់ដៃ​របង​ក្រុមហ៊ុនឯកជនមូយនៅភ្នំពេញ​ លោក កៅ វុត្ថា​ ពិការ​មួយ​ចំហៀង​ខ្លួន (ពិការ ពោយោ) ស្វិតដៃ និងជើង បានរៀប​រាប់​​ប្រហាក់​ប្រហែល​និង​ប្រភព​ខាង​​លើដែរ ប៉ុន្តែលោកអះអាងថា ចាប់​តំាង​ពីគាត់​ចេះបើក​រថយន្ត​មក​ដល់​ឆ្នាំ​២០១៧នេះ គាត់ត្រូវ​ប៉ូលី​សច​រាចរណ៍​ផាក​ពិន័យ ដោយ​គ្មានប័ណ្ណបើកបរ ​មិន​តិច​​ជាង​៥ដង​នោះទេ។

ករណីនេះ លោក វុត្ថា ស្នើទៅរដ្ឋាភិបាលបញ្ជាទៅ​ស្ថាប័នពាក់ព័ន្ធ ឲ្យសហការជាមួយសាលាបង្រៀ​ន​បើក​បរ​​​​ឯកជន រៀបចំរថយ​ន្ត​សម្រាប់​បង្រៀន​ជន​ពិការ​ឲ្យបាន​ប្រឡង​យក​ប័ណ្ណបើ​កបរ​ដូច​មនុស្ស​ធម្មតា​ដែរ​ ដោយ​ថាកុំឲ្យមានការរើសអើងពួកគេ​ នៅពេលទៅសុំរៀនបើកបរ​​។

លោកនិយាយថា «ប្រសិនបើរដ្ឋាភិបាលគាត់អនុវត្ត​គោលការណ៍ហ្នឹងច្បាស់លាស់ គាត់អនុវត្តឲ្យស្មើគ្នា គាត់មានសាលាបង្រៀនពិសេសសំរាប់ជនពិការ មានគ្រូពិសេសសំរាប់ជនពិការ មានឡានពិសេសសំរាប់​ជនពិការ​ ធ្វើការកែឆ្នៃទៅតា​មលក្ខខណ្ឌឲ្យគាត់បានរៀនបើកបរ ហើយប្រឡងចេញពីសាលារដ្ឋតែម្តង​ ឬក៏សាលាឯកជន ដើម្បីឲ្យគាត់អាចមានសិទ្ធិក្នុងការទទួលយកប័ណ្ណបើកបរបាន​»។

ឆ្លើយតប​និងករណីនេះ បុគ្គលិកនៅសាលាឯកជន បង្រៀនបើកបរដៃធំ II នៅរាជធានីភ្នំពេញ កញ្ញា រុំា ស្រីមុំ បានឲ្យដឹងថា សាលា​គាត់មិនទទួលបង្រៀនជនពិការបើកបរ មិនមែនរើសអើងពួកគេទេ ប៉ុន្តែ​កញ្ញា​ថា​ ​​​សាលា​ធ្វើ​តាម​ការ​ណែនាំ​របស់ស្ថាប័នរដ្ឋ។

កញ្ញានិយាយថា «អត់ទេបង អត់មានការរើសអើងទេ ប៉ុន្តែដោយសារ ធម្មតាតាមសាលានីមួយៗ យើង​រៀន​តែង​តែមានការគោរពច្បាប់របស់រដ្ឋាភិបាល​ ឬក៏ប្រទេសជាតិយើងដែលបានចែងមក​ ទោះយើង​ធ្វើការ​ក៏ត្រូវ​គោរពច្បាប់ដែរ ច្បាប់ក្រសួងគឺត្រូវឲ្យមានកាយសម្បទាគ្រប់គ្រាន់ ដើម្បី​ប្រឡង​យក​ប័ណ្ណបើក​បរ​ ធម្មតាយើងបើករកស៊ីតែងតែចង់បានអតិថិជនច្រើន ប៉ុន្តែពេលខ្លះ យើងក៏ត្រូវគោរពច្បាប់​ដែរ ដើម្បី​ឲ្យប្រទេសយើង​មានការរីកចំរើន​»។

រីឯគ្រូបង្រៀនបើកបរនៅសាលាឯកជន ២៣តុលា រាជធានីភ្នំពេញ លោក យិន ស៊ីណាត​ បាន​ពន្យល់​ប្រាប់អ្នកសារព័ត៌​មានថា សាលា២៣តុលាទទួលបង្រៀន​សិស្សរៀនបើកបរបាន លុះត្រាតែអ្នក​នោះពិ​ការ​ជើ​ង​ឆ្វេង និង​កាយ​សម្បទា​​ផ្សេងៗទៀតរឹងមំាធម្មតា។

ផ្ទុយ​ទៅវិញ លោក ស៊ីណាត បញ្ជាក់​ថា បើជននោះ ពិការដៃ និងជើងខាងស្តំា សាលាមិនបង្រៀននោះទេ ដោយ​​ថា ខ្លាច​ពួក​គេជួប​បញ្ហាប្រឈម ជាពិសេសគ្រោះថ្នាក់ចរាចរណ៍នៅពេលបើកបរតាមដងផ្លូវ​។

លោកនិយាយថា «បើសិនយើងបើក[រថយន្ត]លេខអូតូ ពិការជើងឆ្វេង យើងអាចបញ្ជាបាន [ប្រើជើងស្តំាង បើ​ករថយន្ត]…បើ[ពិការ]ដៃអត់បានទេ ព្រោះពេលខ្លះយើងត្រូវ​ការប្រើដៃទំាងពីរ វាមានដៃយើងដាក់លេខ​ដៃ​កាន់​ចង្កូត ដ៏ពេលយើងពិការដៃ យើងប្រើប្រាស់អត់កើតទេ ព្រោះអីចន្លោះសុវត្ថិភាពដែលយើងត្រូវ​ប្រើ​ប្រាស់​​វា ចន្លោះក្នុង១វិនាទី ចាប់ពី ២វិនាទី កក្តាគ្រោះថ្នាក់គឺវាកើន ចាប់ពី៣វិនាទី កក្តាគ្រោះថ្នា​ក់គឺវា​ខ្ពស់​​»។

VOD មិនអាចសុំការបំភ្លឺពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក សែម សុខា បានទេ ដោយលោកថា ជាប់រវល់ប្រជុំ។

ប៉ុន្តែកាលពីខែកញ្ញា ឆ្នាំ២០១៦ លោក សែម សុខា ធ្លាប់​មានប្រសាសន៍ថា ក្រសួងបាន​សហការ​ជាមួយ​ក្រសួងសុខាភិបាល ក្រសួង​សង្គមកិច្ច និងក្រសួងមួយចំនួនទៀត ដើម្បីប្រ​មូល​ឯកសារ​សម្រាប់រៀបចំ​សិក្ខា​​​សាលា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រួមជាមួយអង្គការសង្គមស៊ីវិល​ដែលធ្វើការ​លើកកម្ពស់​សិទ្ធិ​ជន​ពិការ​នោះផងដែរ ដើម្បីងាយ​ស្រួលវាយតម្លៃលើជនពិការប្រភេទណា ដែលអាចមាន​សិទ្ធិរៀន​និងប្រឡង​យកប័ណ្ណបើកបរបាន។ ប៉ុន្តែរហូតមកដល់ខែសីហា ឆ្នាំ២០១៧នេះ មានរយៈពេល ជិត​មួយ​ឆ្នាំហើយ មិនទាន់មានព័ត៌មានជាក់លាក់នៅឡើយ។

ចំណែក​អ្នកនាំពាក្យក្រសួងសាធារណការ និង​ដឹកជញ្ជូនលោក នូ វឌ្ឍនៈ មានប្រសាសន៍ថា លោក​ហាក់​ស្ទាក់​ស្ទើក្នុង​ការបកស្រាយជុំវិញប្រធានបទជនពិការត្រូវ​បានរើស​អើង​ ដោយ​ពួកគេ​មិន​ទទួលបា​នប័​​ណ្ណ​បើក​​​បរ ដោយ​លោកឆ្លើយយ៉ាងខ្លីថា អ្នកអនុវត្តច្បាប់តែងតែមានការ​ខ្វះចន្លោះ​។

លោកនិយាយថា «​ជនពិការមិនទាន់មានជាអាជីព អាជីពរបស់គាត់ជួនកាលមិនបានធានាដល់ការទិញ​ឡាន អាចទិញត្រឹមម៉ូតូអីបាន បើយើងនិយាយត្រឹមម៉ូតូមិនបាច់មានប័ណ្ណបើកបរ គ្រាន់តែយើងនិយាយ​រឿង​សិទ្ធិ ប៉ុន្តែដល់ពេលទទួលបានទៅតាមលក្ខណៈបច្ចេកទេសទំាងអស់ វានៅជំពាក់ជំពិនគ្នា មិនមែន​ថាយើងថា ជនពិការមានសិទ្ធិបានប័ណ្ណបើកបរ ខ្ញុំសួរត្រឡប់ទៅវិញ បើសិនជាជនពិការ ពិការភ្នែកម្ខាង​បាន​អត់ អត់បាន ឆ្លើយហើយ​ សួរហើយឆ្លើយខ្លួនឯងក៏បាន បើពិការជើងទំាងពីរទៅបើកម៉េចបាន បើពិការដៃម្ខាងទៅបើកម៉េច​ តើជនពិការវាកម្រិតណា​ ច្បាប់ជនពិការយើងទទួលស្គាល់​ ដូចថាច្បាប់អី យើងដាក់​ដើម្បីលើកទឹកចិត្ត ដល់ពេលអនុវត្តវាអាច​មាន​ជួបបញ្ហាអញ្ចឹង​ដែរ​​»។

ប្រធានគ្រប់គ្រងកម្មវិធី​នៅ​​អង្គការជនពិការកម្ពុជា អ្នកនាង ទី រ៉ូហ្សាណែត មានប្រសាសន៍ថា កន្លង​មក​អង្គការ​​របស់​អ្នកនាង​ធ្លាប់​ស្នើទៅ​ក្រុម​ប្រឹក្សា​សក​ម្ម​ភាពជនពិការ ក្រសួងសុខាភិបាល និង​ក្រសួង​សង្គម​កិច្ចជា​ច្រើនដ​ងឲ្យគិតគូបង្កើតគណៈ​កម្មាធិ​ការ​អន្តរក្រសួង វាយតម្លៃជន​ពិការ​ប្រភេទណា​ដែលអាច​ទទួល​បានប័ណ្ណបើករបរបាន ដូចជនមិនពិការដែរ តែ​ជិត១ឆ្នាំហើយ មិនទាន់​មាន​ការ​ឆ្លើយ​តប​​នៅឡើ​យ។​

អ្នកនាងបន្តថា បើរដ្ឋាភិបាលមិន​គិតគូ ដោះស្រាយបញ្ហា​ទំាងនេះដល់ជន​ពិការទេ អ្នកនាងថា ​អាចធ្វើ​ជន​ពិការ​អស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាល និងធ្វើ​ឲ្យប៉ះ​ពាល់សំឡេងឆ្នោត​ឆ្នាំ២០១៨ខាងមុខ​។

អ្នកនាងនិយាយថា «វាអាចប៉ះពាល់ខ្លះដែរ ដោយសារតែសន្លឹកឆ្នោតមួយសន្លឹក​របស់ជនពិការ ក៏មាន​តម្លៃ​ដូចអ្នកអត់​ពិការ បើសិនមានជនពិការដែលគាត់មានលទ្ធភាពបើកបរ​ មានលទ្ធភាព​ប្រើប្រា​ស់រ​ថយ​ន្ត​ផ្សេងៗបានដោយសារតែអត់មានការសម្របសម្រួល​ អត់មានការចេញប័ណ្ណបើកបរ​ គាត់អាច​​អន់ចិត្ត រើស​អ្នកដឹកនាំម៉េច​ គឺយើងជឿជាក់ថាគាត់​មិនមែនប្រៀប​ធៀបតែចំណុចមួយទេ អាច​យកចំណុច​ជាច្រើន​ប្រៀប​ធៀបគ្នា អាចចំណុចណាដែលវាមានផលប៉ះពាល់​ដល់គាត់ខ្លំាងបំផុត ប្រហែលជាគាត់អាច​យក​រឿង​​ទំា​​ងអស់​មក​ពិចារណាលើការដឹកនាំ ជាការយល់ឃើញរបស់គាត់​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ