មេដឹកនាំ​អឺរ៉ុប​ជួប​គ្នា​ប្ដេជ្ញា​កសាង​ទស្សន​វិស័យ​ថ្មី​ក្រោយ​គ្មាន​អង់គ្លេស

អធិកាបតី​អាល្លឺម៉ង់ អ្នក​ស្រី Angela Merkel និង​ប្រធានាធិបតី​បារាំង លោក Francois Hollande (រូបភាពពីទីភ្នាក់ងារសារព័ត៌មានAFP)

ក្រុមមេដឹកនាំអឺរ៉ុប បានឯកភាពគ្នាថា នឹងបង្កើតទស្សនវិស័យថ្មី នៅក្នុងរយៈពេល ៦ខែ ដើម្បីស្ដារឡើងនូវទំនុកចិត្ត និងឯកភាព នៅក្នុងប្លុករបស់ពួកគេ ខណៈដែលប្លុកមួយនេះរៀបចំផែនការអនាគតរបស់ខ្លួន ដោយមិនមានចក្រភពអង់គ្លេស។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

បើតាម AFP ជំនួបមេដឹកនាំអឺរ៉ុប ២៧ប្រទេស ដោយមិនមានមេដឹកនាំអង់គ្លេស នៅឯទីក្រុងប្រាទីស្លាវ បានដាក់ចេញនូវផែនការសម្រាប់ផ្សះផ្សារការបាក់បែក និងដោះស្រាយបញ្ហានានា ដែលបានអង្រួនសហភាពអឺរ៉ុប ក្នុងនោះមានបញ្ហាអន្តោប្រវេសន៍ដ៏ច្រើនកកកុញ បញ្ហាសុវត្ថិភាព និងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច។

ដើម្បីបង្ហាញពីឯកភាពនៅក្រោយជំនួបកំពូលនោះ អធិកាបតីអាល្លឺម៉ង់ អ្នកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Francois Hollande បានប្ដេជ្ញាបង្កើតធ្វើឲ្យផែនការដែលទទួលបានការយល់ព្រមពីមេដឹកនាំក្នុងប្លុក ឲ្យទទួលបានជោគជ័យ។

មេដឹកនាំអឺរ៉ុប បាននិយាយក្នុងសេចក្ដីការណ៍រួមមួយថា៖ “យើងសន្យានៅទីក្រុងប្រាទីស្លាវថានឹងផ្ដល់ឲ្យប្រជាពលរដ្ឋយើងនៅប៉ុន្មានខែខាងមុខ នូវទស្សនវិស័យសហភាពអឺរ៉ុបដ៏ទាក់ទាញមួយ ដែលពួកគេអាចជឿជាក់ និងគាំទ្រ។ យើងជឿជាក់ថា យើងមានឆន្ទៈ និងសមត្ថភាពសម្រេចវាឡើង”។

មេដឹកនាំទាំងនោះថ្លែងបន្តថា៖ “សហភាពអឺរ៉ុបមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែ វាគឺជាឧបករណ៍ដ៏ល្អបំផុតដែលយើងមាន សម្រាប់ដោះស្រាយបញ្ហាប្រឈមថ្មីៗ ដែលយើងកំពុងជួបប្រទះ”។

AFP ថា ផែនការនោះនឹងនាំទៅរកជំនួបកំពូលនៅទីក្រុងរ៉ូមនៅខែមីនាឆ្នាំក្រោយ ដើម្បីបញ្ចប់ដំណើរការចាប់ផ្ដើមនៅទីក្រុងប្រាទីស្លាវ នៅចំខួប ៦០ឆ្នាំ នៃសន្ធិសញ្ញាបង្កើតប្លុកនេះ ដែលចុះហត្ថលេខានៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ