រិទ្ធ មុន្នី ទម្លាក់គូប្រកួតបានសម្រេច

ដោយ លោក សុខ ឆាយ​​ | ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 9:47 AM | កំសាន្ដកីឡា | 0 | 1579

នៅទី​បំផុត​ ​ការប្រកួតដែល​​​ដ៏ស្វិត​​ស្វាញដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ​​​៥​ក្នុងព្រឹត្តិការណ៍​ប្រកួតជម្រុះ​ជើងឯកកាលពីថ្ងៃទី១៦ ​​កញ្ញា ​កីឡាករ​​​​​​​​​រិទ្ធ មុន្នី និងកីឡាករ​​​សំអាង ឌុន បានក្លាយជា​​​អ្នកទម្លាក់ជើងខ្លាំង និង​​​​​​ល្បីឈ្មោះ​នៅក្នុងពិភព​ប្រដាល់​​​​​​​២រូប​ទៀត​​​​​​​​។ ក្នុងនោះការទម្លាក់គូប្រកួតរបស់​​​​កីឡាករ រិទ្ធ មុន្នី ទទួលបានការ​ចាប់អារម្មណ៍ខ្លាំង​ក្លាជាងគេ ដោយសារតែ​​​​កីឡាករ ឯម វិចិត្រ ដែលគូប្រកួតរបស់គេគឺជាកីឡាករ​ល្បីឈ្មោះជើងចាស់ ហើយបើនិយាយពី​សមត្ថភាពនៅលើសង្វៀន​ក៏មិនធម្មតានោះដែរទម្រាំ​​រកឃើញចាញ់ឈ្នះ។

លោក សេង កដិកា អ្នករៀបចំកម្មវិធី​​​បានហៅ​ការប្រកួតរបស់គូទាំង​​​២​​ថា​​ប្រឹងអស់ពីសមត្ថភាព​រៀងខ្លួន ប៉ុន្តែបណ្ដាលមកពីការប្រកួតមួយនេះមិនអាច​​​អោយ​មានពិន្ទុ​ស្មើគ្នា ​​ទើប​​កំណត់យកតែកីឡាករ​ម្ខាង​ក្នុងចំណោម​ទាំង​​​២​​ដែលបាន​ប្រកួតគ្នា ​​​​​ដើម្បី​យកតែម្នាក់ឡើងទៅប្រកួត​​​​បន្ត​ក្នុង​វគ្គ​​១៦​នាក់ ហើយកីឡាករ​ម្នាក់ទៀតត្រូវធ្លាក់​​ហាលអាវ​​​​​​​​​​គួរអោយស្ដាយ​បើទោះជាគេ​​ជើងខ្លាំង​​​។ ​

ជាក់ស្ដែង​ការប្រកួត​​​រវាង ​​​​​​​​កីឡាករ​ រិទ្ធិ មុន្នី មកពីក្លិប​ម្កុដ​រាជសីហ៍ និងកីឡាករ​ ​ឯម វិចិត្រ មកពីក្លិប​ឫទ្ធពោធិសែនជ័យ បានបង្ហាញ​​នូវ​ការប្រឹង​ប្រែងនៅលើសង្វៀន​ដែល​​​ស្ថិតនៅព្រែកកំពិស​យ៉ាងខ្លាំង ទើប​​កីឡាករទាំងពី​រ​​​ត្រូវអ្នកគាំទ្រ​​ស្រឡាញ់ពេញចិត្ត​​ប្រហែលគ្នា មានន័យថា​​អ្នកណា​ឈ្នះ​​​ក៏​​បាន ហើយអ្នកចាញ់ក៏ធ្វើអោយ​អ្នកគាំទ្រ​ខកចិត្ត​។

លោកថា​ការប្រកួតមួយគូរនេះ លោកមានការ​ពេញចិត្តជាងគេ ​ជាពិសេស​ក្នុងទឹកទី​​១ បើទោះជា​​កីឡាករ​​រិទ្ធ មុន្នី បង្គោល​ខៀវ ​​បាន​បង្ហាញការឈ្នះប្រៀបធ្វើអោយ​​​​​​​​ម្នាក់ៗមើលឃើញពី​ការ​​​​​​​​​ធ្លាក់ចេញរបស់​​​ឯម វិចិត្រ​ ក៏​​ក្នុងទឹកទី​២ ​កីឡាករ​​បង្គោលក្រហម ឯម វិចិត្រ ​​បាន​​​សម្រុក​វាយ​លុក​បានល្អ​​​​ជាច្រើន​មកវិញ​​ក្នុងទឹកទី​​២ និងទី​​៣ ធ្វើអោយ​​គណកម្មការ​ពិបាក​កាត់ក្ដី។ យ៉ាងណាមិញ​​ឆ្លងកាត់​​ការប្រកួតទាំង​​៣​​ទឹក ​​​​​​​​កីឡាករ​​​រិទ្ធ មុន្នី​​ នៅតែមាន​​បានសង្កត់ពិន្ទុនាំមុខ ​លទ្ធផលចុង​ក្រោយកីឡាករ​​​​​​ឯម វិចិត្រ ដែលជាជើងខ្លាំង​​ត្រូវធ្លាក់ហាលអាវ​​​​​​​ហើយ​​បាត់បង់​ឱកាសឡើងទៅប្រកួត​​បន្ត ​ក្នុងពេលដែល​​​ការប្រកួតជម្រុះមួយនេះ គឺ​​​​​​អ្វីដែលកីឡាករមិនចង់ធ្លាក់។ លោកថានេះជាការប្រកួត​ជ្រើសរើសជើងឯក​​ក្នុងប្រភេទទម្ងន់​​​៦៥​​គីឡូក្រាម​​ ដោយ​​​បាន​​​ជម្រើស​យក​​កីឡាករ​​​​​​មកពីក្លិប​ផ្សេងៗរហូតដល់​​​៣២រូបអោយ​ឡើងប្រកួតជម្រុះ​​គ្នា។

ចំពោះរូបមន្តលោកថា​​​​គឺតម្រូវអោយ​សមាសភាពទាំងអស់​​​ចាប់គូ​​គ្នា​​ហើយ​ឡើងប្រកួតចាញ់ធ្លាក់ៗ ដោយ​​​អ្នក​​​ឡើង​បន្ត​​​​​​អង្គុយចាំ​​ប្រកួតជាមួយអ្នកឈ្នះបន្ត​​ទៀត ចំណែកអ្នកចាញ់គឺធ្លាក់តែម្ដង ដោយអត់មាន​​​​​តម្រូវ​អោយប្រកួត​​​​​​សន្សំ​​ពិន្ទុ​​​ទៀតទេ។

​​​លោកថានេះមិនមែនជាលើកទី១របស់ប៉ុស្ដិ៍លេខ​៥នោះទេ ប៉ុន្តែសម្រាបប់ការប្រកួតដែលបានធ្វើឡើងនៅសង្វៀន​​ព្រែកកំពិស​ ​គឺជាការចាប់ផ្ដើមលើកទី​​១​សម្រាប់ការប្រកួត​​ជ្រើសជើង​ឯក​​ក្នុងប្រភេទទម្ងន់​៦៥គីឡក្រាម ដែលមាន​​កីឡាករល្អៗទាំង​​ចាស់​​ទាំងក្មេង និង​ល្បី​ៗ​ឈ្មោះច្រើនរូបក្នុងពិភពប្រដាល់​​​​ប៉ះគ្នាបែបនេះ​។ លោកថា​​​បើ​ធៀប​នឹង​​​​​​​សមត្ថភាព និង​​​ប្រវត្តិប្រកួត កីឡាករ​ឯម វិចិត្រ ​​​មាន​​កម្រិតល្អជាង អ៊ីចឹង​ហើយទើប​លោកសម្ដែងការ​ភ្ញាក់​ផ្អើលក្នុងពេលដែល​កីឡាករទាំងពីរ​ប៉ះគ្នា ហើយ​​ស្រាប់តែ​​​កីឡាករ​​​​​​​​​​​​​រិទ្ធ មុន្នី ​​ដណ្ដើម​​បាន​​​​​ជោគជ័យ ​​​​ខណៈដែលលោកក៏មើលឃើញពី​​សមត្ថភាពដ៏ខ្លាំងរបស់កីឡាករម្ខាងទៀត ដែលអ្នកណាក៏មើលឃើញថានោះជាការប្រកួតដ៍ស្វិតស្វាញ​។

កីឡាករ ឯម វិចិត្រ បានអះអាងថា ​លោកបានចំណាយហ្វឹកហាត់​​​​​រហូតដល់​​ជាង​១០ថ្ងៃ ​​ហើយលោកក៏មិនទទួលប្រកួតនៅ​​​តាមប៉ុស្ដិ៍​ផ្សេង​តម្រូវតាមការ​ចង់បានរបស់គណកម្មការរបស់ប៉ុស្ដិ៍លេខ​​​៥ផងដែរ ប៉ុន្តែចុងក្រោយលោកនៅតែធ្វើមិនបានតាមការ​​​គ្រោងទុក។ លោកសម្ដែង​ការសោកស្ដាយដែល​​ឆ្លងមិន​ផុត​ក្នុងវគ្គ​​​៣២នាក់ជម្រុះយក​​​​​​១៦នាក់ ​​​ដែលធ្វើអោយលោកបាត់​បង់​​​​​​ឱកាស​​​បន្ត​ទៅកាន់​វគ្គ​​បន្ត ​​​និង​​​ធ្វើអោយក្ដីសង្ឃឹមរបស់លោកត្រូវបាត់បង់។ ​​​​​លោកទទួលស្គាល់ថានោះជារឿងអាម៉ាស់មួយដែលលោក​​​​ធ្លាក់ហាលអាវនៅក្នុងវគ្គនេះ តែលោក​គូប្រកួតរបស់លោកក៏មិនមែនជា​កីឡាករ​ជើងថ្មី និង​​​​​ខ្វះសមត្ថភាពងផងដែរ ទើប​លោកយល់ថា​​អ្វីដែលលោកបរាជ័យ​គឺជារឿង​​ស័ក្ដសម​​ និង​ចាត់ទុក​ជាបទពិសោធន៍​អាក្រក់​មួយ​ដែលលោកត្រូវ​​តែប្រឹង​​ប្រែងបន្តទៀត។

លោកថាការប្រកួត​​​​ដណ្ដើមជើងឯក​​មួយនេះ មាន​ភាព​ស្វិត​ស្វាញ ហើយ​​លោកក៏​​​​​​នឹងសរសើរចំពោះ​កីឡាករ​​​​ដែលមាន​​​​ឱកាសបានឡើងទៅកាន់វគ្គ​​៤នាក់ចុងក្រោយផងដែរ ​​ក្នុងពេលដែលលោកប្រកាស​ថានេះជា​ជំនួប​រវាងកីឡាករខ្លាំង​​​យ៉ាងកម្រនៅក្នុង​ពិភពប្រដាល់​​​​ ដែល​​សូម្បីតែអ្នក​បានឡើង​​​ពីវគ្គ​​​​៣២នាក់ទៅ​វគ្គ​១៦ ដែលជាជុំដំបូង គឺតាន​​​តឹងស្រាប់ទៅហើយ។

​កីឡាករ រិទ្ធ មុន្នី ​បានបង្ហាញអារម្មណ៍​​​​​សប្បាយចិត្តយ៉ាងខ្លាំង​បន្ទាប់ពី​បាន​ឆ្លងផុត​​​​​ជុំទី១ហើយបាន​ឡើងទៅកាន់វគ្គ​​១៦​នាក់​​​​​​​ដែលជុំទី​​២។ យ៉ាងណាមិញ លោកថាក្រោយការទម្លាក់កីឡាករ​ជើង​ចាស់ ឯម វិចិត្រ ​​លោកមិនសូវ​​សង្ឃឹមសម្រាប់ការប្រកួតជម្រុះ​​ក្នុងវគ្គ​​១៦​នាក់​យក​​៨នាក់​​នៅ​ពេលខាងមុខនោះទេ ​ក្នុងពេលដែល​​​​ទទួលស្គាល់​ថាការ​ប្រកួត​មួយនេះ​សុទ្ធតែ​​​​​​មានវត្តមាន​​កីឡាករ​ល្អ​​ៗ និងមាន​ប្រវត្តិប្រកួត​​​ខ្លាំង​ៗ​​​​​​ក្នុងប្រភេទទម្ងន់​​៦៥គីឡូក្រាម​។ ​លោក​​ថាការប្រកួតមួយ​នេះ បានតម្រូវ​អោយប៉ះជាមួយ​កីឡាករ ​ឯម វិចិត្រ ​​​​​ទើបលោក​​​​​ចំណាយ​ពេល​​​​យ៉ាង​ហោច​​២អាទិត្យ​​ឯណោះ​ក្នុងការហ្វឹកហាត់ជាប់លាប់ ក្នុង​ពេលដែល​​លោកមិនទាន់រាប់បញ្ចូលការ​​​​​ចំណាយ​ពេលហាត់​​រត់​បង្កើន​កម្លាំង​ស៊ុហ្វអស់រយៈពេលច្រើនអាទិត្យ​នោះផង​​។

បើធៀប​នឹងការប្រកួត​មួយនេះ លោក​​ថាសំខាន់ជាងគេ​ការប្រកួត​​​ដណ្ដើមជើងឯកដែល​​លោកចូលរួមប្រកួតមុនៗ​​​ ដោយសារតែ​ការប្រកួតមួយនេះ​គឺចាញ់ធ្លាក់​​ចេញតែម្ដង ​​ដែល​​​ខុសពីការប្រកួតផ្សេងៗ​​​​​គឺមានការប្រកួត​វិលជុំចុះឡើងៗ​​​​ច្រើនលើក​ទម្រាំដឹងថាធ្លាក់ ឬទៅ​វគ្គបន្ត។ យ៉ាងណាមិញ លោកថាការប្រកួត​នៅក្នុងព្រឹត្តិការណ៍មួយនេះ ក៏​អាចមិន​ប្រាកដ​ថា​​អ្នកខ្លាំង​​​សុទ្ធតែ​​បានឡើងទាំងអស់នោះដែរ ជាពិសេសប្រសិន​​បើការប្រកួតមួយនោះ​​​​​​ភ្លាត់ស្នៀត​​​​​​​នៅពេល​វាយសម្រុក​​ដែលបណ្ដាលអោយ​​បាក់ជំហរ​។ ​​លោកចាត់ទុកថា​​ជ័យជម្នះ​លើ​កីឡាករ ឯម វិចិត្រ ជា​​​​​រឿងសំណាងច្រើនជាងបច្ចេកទេស​​​ ខណៈដែល​លោក​​បានអះអាងថាត្រូវការ​​​​​ប្រើពេល​ប្រឹងប្រែងច្រើនទៀត​​​ប្រសិនបើចង់​​បន្តឡើងទៅកាន់វគ្គ​​៤នាក់ចុងក្រោយ ដើម្បី​ដណ្ដើម​យកពាន​ជើង​ឯក​ និងប្រាក់លាន​​ចុងក្រោយ។

សម្រាប់មួយគូទៀត កីឡាករ​សំអាង ឌុន ​​មកពី​​ក្លិប​ខេមរភូមិន្ទ បានវាយទម្លាក់​​កីឡាករជើងខ្លាំង ខុន ស៊ីចាន់ មកពីក្លិប​​អប់រំកាយ​កីឡាស្រុកអន្លង់​​វែងខេត្ត​​ឧត្តមានជ័យដោយពិន្ទុ​ក្រោយបញ្ចប់ការ​ប្រកួតដែល​​កំណត់ត្រឹមតែ​​​៣ទឹក​​​។ ​​​ការប្រកួតមួយគូនេះ​ក៏ស្វិត​ស្វាញណាស់​​ដែរ ​បើទោះជាមើលទៅ​​​កីឡាករ​​​ខុន ស៊ីចាន់ គឺចាញ់ប្រៀប​​តាំងពី​ដើមទី ដោយសារតែភាពខ្លាំងរបស់​​​​សំអាង ឌុន​ ដែលជាជើងខ្លាំង​ម្នាក់។ ឆ្លងកាត់​ការប្រកួតក្នុងសប្ដាហ៍ទី​​៣នេះ ​​កីឡាករ​​​​២រូបគឺ​រិទ្ធី មុន្នី និង​ សំអាង ឌុន ​​​​​បានឡើងបន្ត ហើយ​កីឡាករ​​​​​​​២រូប​គឺ ឯម វិចិត្រ និង​ ខុន ស៊ីចាន់ បានធ្លាក់ចេញ​យ៉ាង​អាម៉ាសនៅលើសង្វៀន៕   ​

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required