ជីវិត​ពិត ​​​រាជ បូរី គ្រោង​​ផលិត​ជា​ភាព​យន្តខ្នាតធំ

​​អតីត​តារា​ចម្រៀង​​​លោក រាជ បូរី (ដោយ វង្ស សុម៉ាលីន)

បើទោះជាមរណភាពរបស់អតីតតារាចម្រៀងលោក រាជ បូរី ត្រូវបញ្ចប់និងស្ងប់ស្ងាត់ជាយូរមកហើយ ក៏ដំណឹងអកុសលមួយនេះនៅតែមានមហាជនចងចាំនិងផ្ដោតការចាប់អារម្មណ៍ច្រើននៅឡើយ ជាពិសេសនៅពេលមានការប្រកាសថាខ្សែជីវិតរបស់លោក នឹងត្រូវចងក្រងជាភាពយន្តខ្នាតធំ។ ខ្សែរឿងស្ដីពីជីវិតពិតរបស់លោក រាជ បូរី នេះ នឹងត្រូវផលិតឆាប់ៗ ក្រោមការផលិតឡើងពីថៅកែចាស់របស់តារាចម្រៀងរូបនេះ។

លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក ដែលបានបិទចោលអស់ច្រើនឆ្នាំបានអះអាងថា លោកនឹងត្រៀមដំណើរការផលិតកម្មមួយនេះជាថ្មីវិញក្នុងពេលខាងមុខហើយ ដោយរឿងដំបូងដែលលោកប្រកាសចេញថតគឺជារឿងដែលនិយាយពីជីវិតពិតរបស់លោក រាជ បូរី តែម្ដង។

លោកថាខ្លួនបានសម្ងំដំឡើងរឿងស្ដីពីជីវិតរបស់តារាចម្រៀងរូបនេះបានជាង៤០ភាគរយហើយ ដោយបានឆ្លុះបញ្ចាំងពីការតស៊ូរបស់លោក រាជ បូរី ទាំងស្រុង មុនពេលលោកចូលប្រឡូកសិល្បៈនិងរហូតដល់ល្បីហើយទទួលមរណភាពដោយគ្រោះថ្នាក់ក្រឡាប់រថយន្ត។ លោកថាខ្សែជីវិតពិតរបស់លោក រាជ បូរី មានចំណុចកំសត់ និងតស៊ូច្រើនយ៉ាង មិនអន់ជាងខ្សែជីវិតរបស់បុគ្គលមួយចំនួននោះទេ ទើបលោកសម្រេចចិត្តដកស្រង់ជីវិតពិតរបស់អតីតតារារូបនេះយកមកផលិតជាភាពយន្តខ្នាតធំដើម្បីដាក់បញ្ចាំងតាមរោង។

លោក ហួរ សុផល ថាការសម្រេចចិត្តផលិតរឿងនេះ ដើម្បីឆ្លើយតបនឹងអារម្មណ៍សោកស្ដាយចំពោះ រាជ បូរី ដែលជាក្រុមការងារចាស់និងចង់ឲ្យមានចងចាំចំពោះលោក។ លោកថាមុនពេលលោក រាជ បូរី ទទួលមរណភាព អនុស្សាវរីយ៍រាប់លានត្រូវបានបន្សល់ទុក ដូចនៅនឹងមុខ ទើបលោកតាំងចិត្តតាំងពីពេលលោក រាជ បូរី ទទួលមរណភាពភ្លាមៗថា លោកត្រូវតែយកជីវិតពិតរបស់តារារូបនេះមកធ្វើជាភាពយន្ត។

លោកគ្រោងចំណាយទុនច្រើនគួរសមផលិតរឿងដំបូងក្រោយពេលការបិទទ្វារផលិតកម្មអស់មួយសន្លប់ធំនេះ បើទោះមិនទាន់ដឹងថាភាពយន្តដែលស្ដែងពីជីវិតពិតរបស់លោក រាជ បូរី នេះនឹងមានជោគជ័យកម្រិតណា។

លោកថា រាជ បូរី គឺជាអតីតតារាចម្រៀងរបស់ផលិតកម្មក្លាស៊ិក ហើយសូម្បីតែពេលផលិតកម្មបិទទ្វារ ក៏លោក និងតារាចម្រៀងរូបនេះនៅតែជាបងជាប្អូននិងមានទំនាក់ទំនងគ្នាដដែល។

លោកនិយាយថា៖ «តាំងពីដើមរហូតដល់គាត់ស្លាប់ រាជ បូរី គឺជាកូនចៅរបស់ខ្ញុំផងនិងជាប្អូនដ៏ល្អរបស់ខ្ញុំផង ចឹងបើនិយាយពីអនុស្សាវរីយ៍វិញ គឺពួកយើងជ្រាលជ្រៅណាស់ ចឹងហើយទើបខ្ញុំសម្ងំសរសេរពីជីវិតរបស់គាត់ដើម្បីផលិតជាភាពយន្ត ដើម្បីរំលឹកពីអនុស្សាវរីយ៍របស់គាត់ជាមួយក្រុមការងារ!»។

យ៉ាងណាមិញ លោកថាខ្សែរឿងដែលឆ្លុះបញ្ចាំងពីជីវិតពិតរបស់លោក រាជ បូរី ក៏ត្រូវបញ្ចូលសាច់រឿងថែមថយផងដែរ ដើម្បីឲ្យភាពយន្តដែលបានបង្កើតឡើងមានភាពទាក់ទាញអោយដូចជារឿងនិពន្ធបែបកម្សាន្ត។

លោកនិយាយថា៖ «រឿងដែលខ្ញុំដំឡើងហ្នឹងជារឿងពិតរបស់គាត់ (រាជ បូរី) ប៉ុន្តែយើងអត់អាចយករឿងពិតមួយទាំងស្រុងមកផលិតជាភាពយន្តដូចរឿងឯកសារបានទេ គឺត្រូវតែថែមថយបែបនេះបែបនោះដើម្បីឲ្យបានសើចអីហើយ ទើបអ្នកទស្សនាជក់ចិត្ត»។

លោកថា ខ្សែរឿងមួយនេះនឹងមានបញ្ចូលឈុតកំប្លែង ឈុតកំសត់ ឈុតខ្មោច និងឈុតប្លែកៗជាច្រើនទៀត ដោយមិនខុសពីការបំលែងជីវិតពិតឲ្យក្លាយជារឿងប្រលោមលោកដើម្បីឲ្យមានលក្ខណៈជាទម្រង់កុន។

លោក ហួរ សុផល បន្តថាភាពយន្តបើកឆាករបស់ក្លាស៊ិកជាថ្មីនោះ ស្ថិតក្នុងចំណងជើងមិនទាន់ប្រាកដនៅឡើយទេ ដោយគ្រាន់តែអះអាងថាផ្ទៃរឿងទាំងស្រុងគឺជាក្រឡៃចេញពីជីវិតពិតរបស់លោក រាជ បូរី។ លោកថារឿងនេះនឹងត្រូវចេញថតនៅអំឡុងខែ១១ខាងមុខ ដោយរង់ចាំតែសាច់រឿងនឹងត្រូវនិពន្ធចប់ប៉ុណ្ណោះ។

លោកនិយាយថា៖ «ឥឡូវហ្នឹងក្រុមការងារសម្រាប់ចេញថតយើងមានអស់ហើយ នៅតែចាំតែរឿងយើងនិពន្ធរួចរាល់ និងចាប់ផ្ដើមរើសតួជាការស្រេចតែម្ដង»។

យ៉ាងណាមិញ លោកក៏សម្ដែងការបារម្ភក្នុងការជ្រើសតួដែលមានទម្រង់មុខមាត់ប្រហាក់ប្រហែលលោក រាជ បូរី ដែលមានសមត្ថភាពខ្ពស់ក្នុងតំណែងតួឯកផងដែរ ដោយសារតែការជ្រើសតួឲ្យមានលក្ខណៈប្រហាក់ប្រហែលនឹងតួអង្គម្នាក់ គឺជារឿងពិបាក។ លោករំពឹងថាខ្សែរឿងជាថ្មីរបស់ផលិតកម្ម ក្លាស៊ិក នឹងទទួលជោគជ័យ ដោយសារតែពេលកន្លងមក ផលិតកម្មរបស់លោកធ្លាប់បានជោគជ័យក្នុងការផលិតរឿងបានចំនួន៦រួចមកហើយ។

គួរបញ្ជាក់ថាលោក រាជ បូរី ត្រូវបានទទួលមរណភាពក្នុងហេតុការណ៍ក្រឡាប់ឡានកាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវនៅម្ដុំបោយប៉ែត បន្ទាប់ពីបើកដំណើរហាងកាត់សក់រាជបូរី នៅម្ដុំទួលទំពូងបានប៉ុន្មានសប្ដាហ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ