មនុស្ស​បីនាក់ស្លាប់ ខណៈបាក់ថ្មភ្នំខេត្តបន្ទាយមានជ័យ

ការបាក់ថ្មភ្នំក្នុងការដ្ឋានកិនថ្មមួយកន្លែងស្ថិតក្នុងភូមិភ្នំធំ ក្នុងខេត្តបន្ទាយមានជ័យ (រូបភាពពីហ្វេសប៊ុក Ny Savuth)

យ៉ាងហោចណាស់មនុស្សបីនាក់ត្រូវបានស្លាប់និងគ្រឿងចក្រពីរគ្រឿងត្រូវបានកប់នៅក្រោមគំនរថ្ម ខណៈមានការបាក់ថ្មភ្នំក្នុងការដ្ឋានកិនថ្មមួយកន្លែងស្ថិតក្នុងភូមិភ្នំធំ ក្នុងខេត្តបន្ទាយមានជ័យ។

អភិបាលខេត្តបន្ទាយមានជ័យលោក សួន បវរ បានរៀបរាប់ប្រាប់VODនៅថ្ងៃចន្ទនេះថា កម្មករក្រុមហ៊ុនកាយថ្មភ្នំធំ ស្ថិតនៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានបំផ្ទុះបំបែកថ្មភ្នំនៅជាន់ទីបី រួចយកគ្រឿងចក្រ (អេស្កា) ទៅកាយនិងយកម៉ាស៊ីនបុកថ្មី ធ្វើឲ្យរញ្ជួយបាក់ធ្លាក់ចុះមកជាន់ទីពីរបណ្តាលឲ្យសង្កត់មនុស្ស៣នាក់ស្លាប់និងគ្រឿងចាក់ពីរគ្រឿងខូចខាត៖ «នៅពេលគេបំផ្ទុះថ្មផ្នែកខាងលើនោះ ដែលពេលគេបំផ្ទុះវាគ្រាន់តែរញ្ជួយដែរ រញ្ជួយហើយវាមានលក្ខណៈប្រះស្រាំ ដ៏ហើយនៅពេលដែរគ្រឿងចក្រ(អេស្កា)វាឡើងទៅ វាញ័រ គេមានម៉ាស៊ីនប៉ុកមួយទៀត វារញ្ជួយដល់ផ្នែកខាងលើជាន់ទីបី ធ្វើឲ្យបាក់ធ្លាក់មកសង្កត់លើគ្រឿងចក្រ(អេស្កា)ពីរគ្រឿងដែលកំពុងតែធ្វើសកម្មភាពនៅជាន់ទីពីរ វាអយថាហេតុ»។

លោក សួន បវរ ឆ្លើយថាក្រុមហ៊ុនមានអាជ្ញាប័ណ្ណនិងកាយថ្មស្របច្បាប់ តែលោកថាករណីចាត់វិធានការច្បាប់ឬមិនចាត់ការ អាស្រ័យលើការចុះស៊ើបអង្កេតជាក់ស្តែង ខណៈលោកថាអាជ្ញាធរកំពុងធ្វើកិច្ចការនេះ។

VOD មិនអាចទាក់ទងសុំការបំភ្លឺពីលោក លឹម សេង ប្រធានក្រុមហ៊ុនកាយថ្មភ្នំធំបានទេ។ តែនៅលើហ្វេសប៊ុកឈ្មោះ នី សាវុធ (Ny Savuth) បានដកស្រង់សម្តីរបស់លោក លឹម សេង ប្រធានក្រុមហ៊ុនកាយថ្មភ្នំធំថា ផ្ទាំងថ្មដែលបាក់ចុះរហូតបង្ករអោយមានការសង្កត់ស្លាប់កម្មករបីនាក់នេះ គឺជាកន្លែងដែលក្រសួងជំនាញរក្សាទុកធ្វើជាព្រំនៃភ្នំមិនអោយក្រុមហ៊ុនលោកកាយផ្តាច់ទេ។

មាត្រា២០៧ នៃក្រមព្រហ្មទណ្ឌមានខ្លឹមសារថា បទល្មើសមនុស្សឃាតដោយអចេតនា គឺជាអំពើបណ្តាលឲ្យស្លាប់អ្នកដទៃដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ចីខ្ជា។ មាត្រាដដែលឲ្យដឹងថា បទល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់២លានទៅ៦លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ