តើលោក សេក បរិសុទ្ធ ជានរណា?

លោក សេក បរិសុទ្ធ

លោក សេក បរិសុទ្ធ កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៧ (អាយុពិត) និងមានដើមកំណើតនៅទីក្រុងភ្នំពេញ។ លោកមានភរិយាឈ្មោះ កើត សុគន្ធ អាយុ៤៩ឆ្នាំ និងមានកូនប្រុស២នាក់។ កូនច្បងឈ្មោះ បរិសុទ្ធ សក្ករង្គ និងកូនប្រុសពៅឈ្មោះ បរិសុទ្ធ អភិសក្ដិ។

លោក សេក បរិសុទ្ធ ធ្លាប់បានបម្រើការជាទីប្រឹក្សាផ្នែកបច្ចេកទេសនៅវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ជាមន្ដ្រីគម្រោងថ្នាក់ជាតិរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ជានាយកកម្មវិធីប្រឆាំងអំពើពុករលួយ និងក្រោយមកជានាយកកម្មវិធីប្រព័ន្ធផ្សព្វផ្សាយអភិបាលកិច្ចរបស់អង្គការ PACT។

លោកក៏ធ្លាប់ជាមន្ត្រីគម្រោងថ្នាក់ជាតិរបស់អង្គការយូណេសស្កូ (UNESCO) ជានាយកវិទ្យាស្ថានសារគមនាគមន៍កម្ពុជា និងជាប្រធានការិយាល័យកិច្ចការភ្នាក់ងារព័ត៌មាន AKP/SPK។ លើសពីនេះ លោកក៏ជាសាស្ត្រាចារ្យនៅដឺប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយរបស់សាលកវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាពិសេស លោកបានទទួលវិញ្ញាបនបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយពីបណ្ឌិតសភាវិទ្យសាស្ត្រសង្គមម៉ូស្គូថែមទៀតផង។

អំឡុងឆ្នាំ២០១៥ លោក សេក បរិសុទ្ធ ជានាយកផ្នែកសារគមនាគមន៍ ទំនាក់ទំនងសាធារណៈ និងទីផ្សាររបស់សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ។ ទន្ទឹមគ្នានោះ លោកជាគ្រូបង្រៀនជំនាញផ្នែកសារព័តមាន ជាប្រធានក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា និងការងារចុងក្រោយឆ្នាំ២០១៦ លោកជាមន្ដ្រីបម្រើការងារនៅអង្គការ AEA។

អ្នកសារព័ត៌មានជើងចាស់រូបនេះបានទទួលមរណភាពក្នុងវ័យ៥៩ឆ្នាំ (អាយុពិត) ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តក្រចេះ គឺនៅពេលទៅបំពេញការងារនៅខេត្តរតនៈគិរី។

ប្រភពជិតស្និតនឹងរូបលោកឲ្យដឹងថា លោក សេក បរិសុទ្ធ បានស្លាប់បាត់បង់ជីវិតដោយជួបគ្រោះថ្នាក់ក្រឡាប់រថយន្ដ ពេលព្យាយាមបើកគេចពីក្មេងដែលកំពុងឆ្លងថ្នល់នៅលើផ្លូវជាតិលេខ៧ ចំណុចអូរកណ្ដៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦។

ក្រោយហេតុការណ៍នោះ សពរបស់លោកត្រូវបានគេប្រទះឃើញកំពុងគៀបជាប់ក្នុងរថយន្តនៅខាងស្តាំដៃជាប់តៃកុងឡាន។ ចំណែកបុគ្គលិករួមដំណើរ២នាក់ទៀតនៃអង្គការ AEA បានរងរបួសធ្ងន់និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងឆាកជីវិតប្រមាណជាង៥០ប្លាយឆ្នាំមកនេះ លោកបានចំណាយពេលវេលាផ្ទាល់ខ្លួនយ៉ាងច្រើនក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាលជំនាញដល់អ្នកសារព័ត៌មាន ជាក្រុមប្រឹក្សាសារព័តមានកម្ពុជាដោយឥតយកកម្រៃ ចូលរួមអប់រំយុវជននិងក្មេងកំព្រា រួមទាំងសកម្មភាពប្រឆាំងអំពើពុករលួយផ្សេងៗទៀត។

មិត្តភ័ក្ដិជិតស្និទ្ធនឹងរូបលោកម្នាក់គឺលោក ទៀង សុភវិជ្ជា អតីតនាយកវិទ្យាស្ថានសារគមន៍កម្ពុជា បានសំដែងការសោកស្ដាយចំពោះការបាត់បង់នេះ ដោយលោកថាលោក សេក បរិសុទ្ធ ជាធនធានមនុស្សដ៏កម្ររបស់កម្ពុជា។

លោកថា៖ «គាត់ជាមនុស្សមួយយកចិត្តទុកដាក់នឹងការងារ ធ្វើការហ្មត់ចត់ ហើយគាត់មានសច្ចធម៌ទៀងត្រង់ ស្អប់អំពើពុករលួយ  [……] គាត់ជាមនុស្សល្អ ជាធនធានមួយដែលកម្រ។ គាត់មិនត្រឹមមានតែចំណេះវិជ្ជា គាត់មានជំនាញ មានសីលធម៌ទៀត អ្នកខ្លះគាត់មានតែចំណេះវិជ្ជា មានតែជំនាញ ប៉ុន្តែខ្វះសីលធម៌។ ចំពោះគាត់វិញ គាត់មានទាំងជំនាញ វិជ្ជាពេញខ្លួន ហើយមានសីលធម៌ សច្ចធម៌ពេញខ្លួនទៀត»។

លោក សោម រតនា ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសំដែងក្ដីអាឡោះអាល័យចំពោះការបាត់បង់រូបលោក ដែលលោកថាជារាមច្បងក្នុងវិជ្ជាជីវសារព័ត៌មាន។

លោកលើកឡើងថា លោក សេក បរិសុទ្ធ បានបានលះបង់ទាំងកម្លាំងកាយចិត្តនិងស្មារតី ដោយឥតប្រកាន់ខ្លួនឡើយក្នុងការអភិវឌ្ឍវិស័យសារព័តមាននៅកម្ពុជា។

លោកថា៖ «សម្រាប់ខ្ញុំ គឺខ្ញុំមានការសោកស្ដាយជាពន់ពេករកអ្វីរៀបរាប់មិនបាន ក្នុងការបាត់បង់នេះ។ ការបាត់បង់របស់គាត់ មិនមែនត្រឹមតែជាការបាត់បង់មិត្តភក្ដិម្នាក់សម្រាប់ខ្ញុំ នៃសាស្ដ្រាចារ្យម្នាក់សម្រាប់ខ្ញុំ ហើយនិងជាថ្នាក់ដឹកនាំម្នាក់ ជាអ្នកជំនាញក្នុងវិស័យប្រព័ន្ធផ្សាយផ្សាយ និងសារគមនាគមន៍»។

បច្ចុប្បន្នសពលោក សេក បរិសុទ្ធ ត្រូវបានដឹកមកតម្កល់នៅវត្តទួលទំពូង រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ