របាយការណ៍៖ កម្ពុជានាំចេញកៅស៊ូទៅទីផ្សារអន្ដរជាតិកើនជាង៣០ភាគរយ

របាយការណ៍របស់​ទីផ្សារកៅស៊ូពិភពលោក​បានឲ្យដឹងថា កម្ពុជានាំចេញកៅស៊ូទៅទីផ្សារអន្ដរជាតិ កើនឡើងជាង៣០ភាគរយរយៈពេល​៩ខែដើមឆ្នាំនេះ​​ ស្របពេលដែលក្រសួងកសិកម្មរបស់កម្ពុជាថា តម្លៃកៅស៊ូកើនឡើងជាងឆ្នាំមុន។​

បើតាមការចុះផ្សាយរបស់ទីផ្សារកៅស៊ូពិភពលោក (Global Rubber Markets) ឲ្យដឹងថា ចាប់ពីខែមករាដល់ ខែកញ្ញាឆ្នាំ២០១៧​ កម្ពុជាប្រមូលផលពីដំណាំកៅស៊ូបានជិត ១១ម៉ឺន៦ពាន់តោន (១១៥, ៨៤៣តោន) ហើយនាំចេញបានជិត ១១ម៉ឺន៥ពាន់តោន (១១៤, ៩៩១តោន) និងរកចំណូលបាន ១៩២លានដុល្លារអាមេរិក។ របាយការណ៍បញ្ជាក់ថា ការនាំចេញនេះកើតឡើង​៣០ភាគរយ។​

ចំណែកតម្លៃកៅស៊ូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧ តម្លៃកៅស៊ូជាមធ្យម ១តោន​ថ្លៃ​១៦០០ដុល្លារ (១ ៦៧២ដុល្លារ)​តម្លៃនេះកើនឡើង​បើប្រៀបធៀបឆ្នាំ២០១៦​ ដែលតម្លៃក្នុង១តោនតែ ១០៩៤ ដុល្លារ។​

បើតាមរបាយការណ៍ឲ្យដឹងទៀតថា បណ្ដាប្រទេស ដែលកម្ពុជា នាំចេញកៅស៊ូ ទៅលក់​រួមមាន​ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជាពិសេសប្រទេសចិន ដែលជាទីផ្សារដ៏ធំរបស់កម្ពុជា។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កៅស៊ូ របស់​ក្រសួង​កសិកម្ម​ លោក ប៉ុល សុផា ពន្យល់ថា មានកត្តាមួយចំនួន ជំរុញឲ្យការនាំចេញកៅស៊ូ មានការកើនឡើងខ្ពស់ ដោយថា មកពីការពង្រីកផ្ទៃដីដាំដុះ និងការប្រមូលផលកៅស៊ូដ៏ច្រើននៅឆ្នាំនេះ។

លោកថា កន្លងទៅការនាំចេញកៅស៊ូ ជួបបញ្ហាបម្រែបម្រួលនៃតម្លៃលើទីផ្សារ និងមួយទៀត លោកថា ដោយសារកម្ពុជា ត្រូវពឹងផ្អែកខ្លាំងលើទីផ្សារអន្ដរជាតិ។ ​លោកបន្ថែមថា រដ្ឋាភិបាល កំពុងពង្រឹងផលិតកម្ម និងការប្រើប្រាស់ក្នុងស្រុក និងថា បើប្រៀបធៀបនឹងប្រទេសក្បែរខាង កម្ពុជាមិនទាន់អាចប្រកួតប្រជែងជាមួយគេបានទេ។

លោកថា៖ «ហើយមកដល់សព្វថ្ងៃនេះ យើងមានផ្ទៃដី៤៣ម៉ឺនហិកតាហើយ អញ្ចឹងវាកើនឡើងបន្ដិចបន្ដួចទៀតទេ ផ្ទៃដីដែលអាចដាំបាន អញ្ចឹងយើងអត់អាចថា ប្រកួតប្រជែងជាមួយប្រទេសជិតខាងបានទេ ព្រោះប្រទេសថៃ វាមាន៣លានហិកតាជាង ហើយវៀតណាម ក៏មាន១លានជាងហិកតា ដូច្នេះយើងមិនអាចប្រកួតប្រជែងជាមួយគេទេ គឺយើងគ្រាន់តែពង្រឹងនៃការប្រើប្រាស់ក្នុងស្រុករបស់យើង ដើម្បីបង្កើនតម្លៃបន្ថែម និងបង្កើនការងារ»។

សហប្រធានក្រុមការងារផ្នែកកសិកម្ម និងកសិឧស្សាហកម្មឯកជន លោក ម៉ុង ឫទ្ធី មានប្រសាសន៍ថា  កំណើននៃការនាំចេញនេះ គឺដោយសារតែតម្លៃកៅស៊ូកើនឡើង ទើបម្ចាស់​ដំណាំកៅស៊ូខំប្រមូលផល។​

លោកថា ដើម្បីរក្សាកំណើនការនាំចេញកៅស៊ូនេះ គឺមានតែបន្ដពង្រឹងផលិតកម្មក្នុងស្រុក ដើម្បីយកទៅលក់លើទីផ្សារអន្ដរជាតិ។

លោកថា៖ «ប្រសិនណាតម្លៃកៅស៊ូ តម្លៃក្រោមមួយពាន់ (ដុល្លារ) មិនអាចមានកំណើនបាន ដោយសារតែកសិកម្មឈប់ប្រមូលផល វាខាត។ អត់មានអ្នកណា អាចបញ្ជាបានទេ អានេះជាទីផ្សារអន្ដរជាតិ វាឡើង វាចុះធម្មតាអញ្ចឹង ខ្ញុំសង្ឃឹមថា វាអត់ក្រោម១ពាន់ សង្ឃឹមលើសពី៨០ភាគរយ ថា មិនក្រោម១ពាន់។ ហើយឯការរក្សាកំណើន គឺអ្នកប្រកបអាជីវកម្មផ្នែកខាងកៅស៊ូ គឺថា ​ប្រឹងប្រែងណាស់ ដើម្បីឲ្យកំណើនការលក់ឲ្យកាន់តែច្រើនឡើង»។

បើតាមរបាយការណ៍ដដែល​ នៅកម្ពុជា ទំហំដីប្រមាណជាង៤៣ម៉ឺនហិកតា (៤៣២ ០៩៦ហិកតា) ប្រើប្រាស់សម្រាប់ដាំដំណាំកៅស៊ូ ហើយផ្ទៃដីចំនួនជាង ១៦ម៉ឺនហិកតា ឬស្មើនឹង ៣៧,៧៧ភាគរយ បានប្រមូលផលរួចរាល់ឆ្នាំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ