ពលរដ្ឋ៧នាក់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុននៅពោធិ៍សាត់​​សុំពន្យារពេល​ចូលបំភ្លឺនៅតុលាការ​

រូបភាពលោក ឡាច សារ៉ាន់ សកម្មជនដីធ្លីខេត្តពោធិ៍សាត់

ពលរដ្ឋមានជម្លោះដីធ្លីចំនួន​៧នាក់ក្នុងខេត្តពោធិ៍សាត់ សុំពន្យារពេលចូលបំភ្លឺនៅតុលាការ តាមបណ្តឹងរបស់ក្រុមហ៊ុនមួយ ដោយពួកគាត់ថា ការកោះហៅទុកពេលឲ្យខ្លីពេក រកពេលធាវីការពារក្តីឲ្យមិនទាន់។​

កាលពីឆ្នាំ២០១០ ពលរដ្ឋចំនួន៦ភូមិ រស់នៅក្នុងស្រុកគគរ ខេត្តពោធិ៍សាត់ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនភាពីម៉ិច ក្រោយពីក្រុមហ៊ុននេះទទួលបានគម្រោងដីសម្បទានសេដ្ឋកិច្ចនៅទីនោះ។ ពលរដ្ឋថា កាលណោះ ក្រុមហ៊ុនបានឈួសឆាយប៉ះពាល់ដីធ្លីពួកគាត់​រាប់​រយហិកតា ហើយធ្វើឲ្យក្រុមអ្នកភូមិផ្ទុះការ​តវ៉ា ហើយអំឡុងពេលនោះក្រុមហ៊ុន ចោទថា ពលរដ្ឋបានប្រើហិង្សារដុតគ្រឿងចក្ររបស់ក្រុមហ៊ុន។

ក្នុងដីកាកោះចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់លោក ឆាយ ហុង បានកោះហៅពលរដ្ឋមានជម្លោះ​ចំនួន៧នាក់ មានលោក ឡាច សារ៉ាន់ លោក ចែម ដារ៉ា និងពលរដ្ឋ៥នាក់ទៀតឲ្យចូលបំភ្លឺនៅថ្ងៃទី១៨តុលាឆ្នាំ២០១៧ តាមបណ្តឹងរបស់ក្រុមហ៊ុនដែលប្តឹងតាំងពីឆ្នាំ២០១១។

ពលរដ្ឋអះអាងថា ជាម្ចាស់ដីម្នាក់ក្នុងចំណោម៧នាក់ដែលរងបណ្តឹងនោះគឺលោក ឡាច សារ៉ាន់ ឲ្យដឹងថា ពួកគាត់មិនចូលទៅឆ្លើយបំភ្លឺតាមការកំណត់របស់តុលាការនោះទេ ដោយថា ពេលវេលាឲ្យចូលបំភ្លឺនោះលឿនពេក ពួកគាត់ត្រៀមមេធាវីមិនទាន់ ហើយថា ពួកគាត់បានដាក់សុំពន្យាររួចហើយនៅថ្ងៃនេះ។

លោកបន្ថែមថា «ខ្ញុំយល់ថាក្រុមហ៊ុនឬក៏ប្រព័ន្ធតុលាការហ្នឹងវាគ្មានយុត្តិធម៌ចំពោះពួកខ្ញុំទេ ពួកខ្ញុំវាអត់រឿងអីសោះ ខ្ញុំមិនដឹងរឿងហើយមកចោទថា ពួកខ្ញុំដុតគ្រឿងចក្រសូម្បីកន្លែងចោទហ្នឹងខ្ញុំអត់ស្គាល់កន្លែងផង អញ្ចឹងធ្វើឲ្យខ្ញុំមានការឈឺចាប់ខ្លាំងដែរដោយសារតែគេចោទគ្មានហេតុផលច្បាស់លាស់»។

សកម្មជនដីធ្លីដែលរងបណ្តឹងម្នាក់ទៀតលោក ចែម ដារ៉ា និយាយថា ករណីតុលាការកោះហៅទៅឆ្លើយបំភ្លឺនេះជារឿង អយុត្តិធម៌ ដោយថា ពួកគាត់ជនរងគ្រោះដោយសារក្រុមហ៊ុនរំលោភយកដីធ្លីហើយត្រូវក្រុមហ៊ុនប្តឹងខុសពីការពិតទៀត។

លោកបន្តថា គាត់មិនញញើតក្នុងការចូលទៅបំភ្លឺនោះទេ ដោយថា ពួកគាត់មិនបានប្រព្រឹត្តិខុសដូចការចោទប្រកាន់នោះឡើយ។

លោកបន្ថែមថា «ខ្ញុំអត់បានធ្វើខុស ខ្ញុំអត់ភ័យទេ បើគេចាប់ខ្ញុំដាក់គុកក៏ចាប់ទៅ អាហ្នឹងធ្វើម៉េចបើតុលាការអត់យុត្តិធម៌ ព្រោះខ្ញុំអត់ដឹង អត់បានឮ ហើយក៏អត់ឃើញគេដុតអាអិចហ្នឹងនៅណាផង អញ្ចឹងសុំឲ្យតុលាការហ្នឹងបញ្ចប់រឿងហ្នឹងត្រឹមហ្នឹងទៅ»។

វិអូឌីមិនអាចសុំភាគីក្រុមហ៊ុន និងតំណាងតំណាងយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់លោក ឆាយ ហុង ដើម្បីសុំបញ្ជាក់បន្ថែមលើរឿងនេះបានទេ។

មន្រ្តីអង្គការលីកាដូប្រចាំខេត្តពោធិ៍សាត់ លោក អេង ឈុនហាន សុំមិនធ្វើអធិប្បាយច្រើនលើករឿងនេះទេ ដោយថា បារម្ភពីសុត្ថិភាព ខណៈលោកថា ស្ថានភាពនយោបាយឥលូវមិនល្អ ម្យ៉ាងទៀតរឿងនោះបានកើតឡើងយូរហើយ តែយ៉ាង ណាលោក រំលឹកយ៉ាងខ្លីថា ពលរដ្ឋមិនបានធ្វើឲ្យខូចខាតទ្រព្យរបស់ក្រុមហ៊ុនដូចការចោទប្រកាន់នោះទេ ដោយកាលណោះពួកគេគ្រាន់តែតវ៉ាធម្មតាប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ