កូរ៉េ​ខាង​ជើង​ព្រមាន​​ប្រទេស​ដទៃ​ទៀត​កុំ​ឲ្យ​រួម​ដៃ​ជាមួយ​អាមេរិក​ប្រឆាំង​ខ្លួន

កូរ៉េ​ខាង​ជើង បាន​ព្រមាន​ដល់​បណ្ដា​ប្រទេស​នានា​នៅ​ថ្ងៃ​នេះ​ កុំឲ្យ​ចូល​រួម​ជាមួយ​សកម្មភាព​យោធា​របស់​អាមេរិក​ប្រឆាំង​នឹង​ខ្លួន ដើម្បី​បញ្ចៀស​ការ​វាយ​ប្រហារ​សង​សឹក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

Reuters បាន​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ជើង បាន​ព្រមាន​បែប​នេះ​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ខ្លួន។

សេចក្ដី​រាយការណ៍​របស់​ Reuters បាន​ឲ្យ​ដឹង​ថា ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ព្រមាន​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អគ្គ​រដ្ឋ​ទូត​រង​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ អំឡុង​កិច្ច​ពិភាក្សា​អំពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ។ ប៉ុន្តែ អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នោះ អគ្គ​រដ្ឋ​ទូត​រង លោក គីម រីយ៉ុង ពុំ​បាន​អាន​ផ្នែក​មួយ​នេះ​ខ្លាំងៗ​នោះ​ទេ។

សុន្ទរកថា​នោះ បាន​រៀបរាប់​ថា ដរាប​ណា​ប្រទេស​មួយ​មិន​ចូល​រួម​ក្នុង​សកម្មភាព​យោធា​អាមេរិក​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​នោះ ក្រុង​ព្យុងយ៉ាង​មិន​មាន​ចេតនា​ប្រើ​ប្រាស់​ ឬ​គំរាម​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​ប្រទេស​ដទៃ​នោះ​ឡើយ។

ភាព​តាន​តឹង​រវាង​អាមេរិក និង​កូរ៉េ​ខាង​ជើង បាន​បន្ត​កើន​ឡើង ក្រោយ​ពី​ការ​បាញ់ និង​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​ពី​សំណាក់​ក្រុង​ព្យុងយ៉ា ព្រម​ទាំង​ការ​ផ្លោង​ពាក្យ​សម្ដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន។

ចំណែក​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ បាន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកឆន្ទ​ទៅ​លើ​កូរ៉េ​ខាង​ជើង ជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​ប្រទេស​នេះ ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ