មនុស្ស​១០​នាក់​លង់​ទឹក​ស្លាប់ ខណៈ​ទូក​ផ្ទុក​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​លិច​ពេល​ឆ្លង​ទន្លេ​ទៅ​បង់ក្លាដែស

មនុស្ស​យ៉ាង​ហោច​ណាស់ ១០​នាក់ បាន​លង់​ទឹក​​ស្លាប់ ហើយ​រាប់​សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ ក្រោយ​ពី​ទូក​មួយ​គ្រឿង​ផ្ទុក​ទៅ​ដោយ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​រត់​ភៀស​ខ្លួន​ចូល​ទៅ​ប្រទេស​បង់ក្លាដែស​នោះ បាន​លិច​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ខណៈ​ដែល​មនុស្ស ១​ម៉ឺន ២​ពាន់​នាក់​ទៀត បាន​រត់​ភៀស​ខ្លួន​ទៅ​ចូល​រួម​ជាមួយ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​កន្លះ​លាន​នាក់​ទៀត ដែល​បាន​គេច​ចេញ​ពី​ការ​បង្ក្រាប​របស់​ទាហាន​ភូមា។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​មេ​បញ្ជាការ​ការពារ​ព្រំដែន​បង់ក្លាដែស លោក​អនុសេនីយ៍​ទោ អារីហ្វូល អ៊ីស្លាម ដែល​បាន​និយាយ​ថា ទូក​នោះ​បាន​ដឹក​មនុស្ស​ប្រហែល ៥០​នាក់ នៅ​ពេល​វា​ឆ្លង​កាត់​ទន្លេ​ណាហ្វ ដែល​ខណ្ឌ​ចែក​រវាង​ប្រទេស​បង់ក្លាដែស និង​ភូមា។

ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជិត ២០០​នាក់ ត្រូវ​បាន​គេ​ដឹង​ថា បាន​លង់​ទឹក​ស្លាប់​នៅ​ក្នុង​រយៈ​ពេល ៦​សប្ដាហ៍​ចុង​ក្រោយ​នេះ អំឡុង​ពេល​ពួកគេ​ព្យាយាម​ឆ្លង​ទន្លេ​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស ដោយ​មនុស្ស​ជាច្រើន​ធ្វើ​ដំណើរ​តាម​ទូក​ឈើ​តូចៗ​ផ្ទុក​លើស​ចំណុះ។

លោក អ៊ីស្លាម បាន​ប្រាប់​ថា អ្នក​រស់​រាន​មាន​ជីវិត ២១​នាក់ បាន​ហែល​ទឹក​ដល់​ច្រាំង​ដោយ​សុវត្ថិភាព ក្រោយ​ពី​ទូក​តូច​នោះ​បាន​ប្រឡាប់​លិច ហើយ​កង​ល្បាត​ព្រំដែន​បង់ក្លាដែស កំពុង​តែ​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​អ្នក​បាត់​ខ្លួន​នៅ​ក្នុង​ទន្លេ​នោះ។

អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​ថា គិត​ត្រឹម​​ចុង​សប្ដាហ៍​កន្លង​មក​នេះ ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ដល់​ទៅ ៥៣​ម៉ឺន ៧​ពាន់​នាក់​ហើយ បាន​ភៀស​ខ្លួន​ទៅ​ដល់​ប្រទេស​បង់ក្លាដែស នៅ​ក្នុង​រយៈ​ពេល ៧​សប្ដាហ៍​ចុង​ក្រោយ​មក​នេះ។ ពួកគេ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​កំពុង​កើត​ឡើង​នៅ​រដ្ឋ​រ៉ាក់ឃីន​ក្នុង​ប្រទេស​ភូមា ហើយ​អង្គការ​សហ​ប្រជាជាតិ បាន​ចោទ​ទាហាន​ភូមា​ថា បាន​ធ្វើការ​បោស​សម្អាត​ជាតិ​សាសន៍​ប្រឆាំង​នឹង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ