ប្រធានាធិបតី​ ដូណាល់ ត្រាំ គ្រោង​ធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ី​នៅ​ដើម​ខែ​ក្រោយ

សេតវិមាន​អាមេរិក បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ គ្រោង​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ជប៉ុន កូរ៉េ​ខាង​ត្បូង ចិន វៀតណាម ហ្វីលីពីន និង​រដ្ឋ​ហាវ៉ៃ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ខាង​មុខ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​បន្ត​ថា ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​អាមេរិក​មក​កាន់​តំបន់​អាស៊ី​នេះ ត្រូវ​បាន​កំណត់​រៀបចំ​ធ្វើ​ឡើង​ចំពេល​ដែល​មាន​ភាព​តាន​តឹង​ខ្លាំង​ជុំ​វិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

សេតវិមាន​អាមេរិក បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា លោក ត្រាំ នឹង​អំពាវ​នាវ​ទៅ​សហគមន៍​អន្តរជាតិ​ឲ្យ​រួម​គ្នា​ក្នុង​ការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​កូរ៉េ​ខាង​ជើង ហើយ​លោក​ក៏​គ្រោង​ជួប​ជាមួយ​សមាជិក​គ្រួសារ​ជប៉ុន ដែល​ត្រូវ​បាន​កូរ៉េ​ខាង​ជើង​ចាប់​ពង្រាត់ផង​ដែរ។

សេតវិមាន​បាន​ឲ្យ​ដឹង​ថា អំឡុង​ដំណើរ​ទស្សនកិច្ច​នោះ លោក ត្រាំ នឹង​លើក​ឡើង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ចំពោះ​សម្ព័ន្ធ​មិត្ត​ និង​ដៃ​គូ​អាមេរិក ចូល​រួម​ក្នុង​កម្មវិធី​នានា​នៅ​ឯ​វេទិកា​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក ត្រាំ គ្រោង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្សូ អាបេ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ និង​ប្រធានាធិបតី​វៀតណាម លោក ត្រាន់ ដាយហ្គ័ង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ