ភ្លើង​ឆេះ​ព្រៃ​នៅ​ព័រទុយហ្កាល់ និង​អេស្ប៉ាញ​ សម្លាប់​មនុស្ស ៣៩​នាក់

យ៉ាង​ហោច​ណាស់​មនុស្ស​ ៣៦​នាក់ បាន​ស្លាប់​នៅ​ក្នុង​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​នៅ​ភាគ​ខាង​ជើង និង​ភាគ​កណ្ដាល​ប្រទេស​ព័រទុយហ្កាល់​​នៅ​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុងក្រោយ​នេះ បន្ទាប់​ពី​មនុស្ស ៣​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អណ្ដាត​ភ្លើង​នៅ​ប្រទេស​អេស្ប៉ាញ ដែល​បង្ក​ឡើង​ដោយ​ឧក្រិដ្ឋជន ហើយ​ភ្លើង​ឆេះ​ព្រៃ​នោះ​បាន​រីក​រាល​ដាល​កាន់​តែ​ធំ​ដោយសារ​ព្យុះ​ Ophelia។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​រាយការណ៍​បន្ត​ថា មនុស្ស ៣៦​នាក់ ត្រូវ​បាន​ទីភ្នាក់ងារ​ការពារ​ស៊ីវិល​ជាតិ​ព័រទុយហ្កាល់​បញ្ជាក់​ថា​ស្លាប់ ក្នុង​នោះ​មាន​ទាំង​ទារក​​ម្នាក់​អាយុ ១​ខែ​ផង​ដែរ។ គ្រោះ​ភ្លើង​ឆេះ​ព្រៃ​នេះ បាន​កើត​ឡើង​តែ ៤​ខែ​ក្រោយ​ពី​មនុស្ស ៦៤​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អគ្គិភ័យ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ព័រទុយហ្កាល់​កាល​ពី​ខែ​មិថុនា​កន្លង​មក​នេះ។

អ្នក​នាំ​ពាក្យ​នៃ​ទីភ្នាក់ងារ​ការពារស៊ីវិល អ្នកស្រី Particia Gaspar បាន​ឲ្យ​ដឹង​ថា នៅ​មាន​កន្លែង​ផ្សេង​ទៀត​ដែល​ក្រុម​ការងារ​ពន្លត់​ភ្លើង​នៅ​មិន​ទាន់​អាច​គ្រប់​គ្រង​បាន​នៅ​ឡើយ។

អ្នកស្រី​បន្ថែម​ថា មនុស្ស ៧​នាក់ កំពុង​តែ​បាត់​ខ្លួន​នៅ​ឡើយ​ដោយសារ​តែ​ភ្លើង​ឆេះ​ព្រៃ​នេះ ដែល​ក៏​បណ្ដាល​ឲ្យ​របួស​មនុស្ស​យ៉ាង​តិច ៦៣​នាក់​ផង​ដែរ ក្នុង​នោះ ១៦​នាក់​រង​របួស​ធ្ងន់​ធ្ងរ។

អ្នក​ស្រី​បញ្ជាក់​ថា ភ្លើង​ឆេះ​ព្រៃ​បាន​កើត​ឡើង ៥២៤​ករណី​នៅ​ក្នុង​ប្រទេស​ព័រទុយហ្កាល់​គិត​ចាប់​តាំង​ពីឆ្នាំ​២០០៦​មក ដែល​ភាគ​ច្រើន​បំផុត​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​កម្ដៅ​នៅ​លើ​ផែនដី​លើ​ស​ពី​កម្រិត​ធម្មតា។

នៅ​ឯ​ប្រទេស​អេស្ប៉ាញ អាជ្ញាធរ​តំបន់ Galicia បាន​និយាយ​ថា ភ្លើង​ឆេះ​ព្រៃ ១៥​កន្លែង​នៅ​តែ​បន្ត​មាន​សកម្មភាព​គំរាម​កំហែង​ដល់​ប្រជាជន និង​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ