គ្រូពេទ្យថាទារក​កើត​មក​មាន​ស្បែក​ប្រះ​នៅ​បន្ទាយមានជ័យ​ជាជំងឺខូច​ទ្រង់ទ្រាយមិន​ប្រក្រតី

ទារកមួយបានកើតមកមានស្បែកមិនប្រក្រតីដែលមានស្នាមប្រះ ហើយរង្វង់ភ្នែកឡើងក្រហមមិនអាចបើកបាន នៅខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីសុខាភិបាលបានអះអាងថា មិនមែនជារោគសញ្ញានៃជំងឺហ្ស៊ីកានោះទេ តែវាជាជំងឺខូចទ្រង់ទ្រាយមិនប្រក្រតីពីកំណើត។

កាលពីថ្ងៃកន្លងទៅ មានការចែកចាយនូវវីដេអូនិងរូបភាពនៃទារកដែលកើតមកមានស្បែករឹងហើយប្រេះ បានកើតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យមនុស្សមួយចំនួនសង្ស័យថារោគសញ្ញានៃវីរុសហ្ស៊ីកា។

ប្រធានការិយាល័យស្រុកប្រតិបត្តិព្រះនេត្រ លោកវេជ្ជបណ្ឌិត ធៀង ងាណ្ណវុទ្ធ បានឲ្យដឹងថា ទារកដែលកើតមកមានស្បែកមិនប្រក្រតីនោះ បានកើតនៅមណ្ឌលសុខភាពណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បន្ទាប់ពីឱពុកម្តាយទារកនេះត្រលប់មកពីប្រទេសថៃ។ លោកឲ្យដឹងបន្ថែមថា ទារកនេះកើតនៅម៉ោងប្រមាណ១១ យប់ថ្ងៃទី១៥ វិច្ឆិកា ដែលពីដំបូងស្ថានភាពស្បែករបស់ទារកនេះគឺប្រះតិចតួចទេ តែស្បែកនេះប្រះកាន់តែខ្លាំងឡើងនៅពេលដែលស្បែកស្ងួត។ លោកបញ្ជាក់ថា រោគសញ្ញានេះ គឺបណ្តាលមកពីជំងឺទ្រង់ទ្រាយមិនធម្មតាពីកំណើត មិនមែនជារោគសញ្ញានៃជំងឺហ្ស៊ីកានោះទេ បើទោះបីជាលោកថាប្រវត្តិរបស់ឱពុកម្តាយទារកនេះធ្លាប់ទៅរស់នៅធ្វើការនៅប្រទេសថៃក៏ដោយ។

លោកមានប្រសាសន៍ថា៖ «យើងមើលតាមរោគសញ្ញារបស់ទារកមិនមែនជាជំងឺហ្ស៊ីកាហ្នឹងទេ។ ហ្ស៊ីការមិនមែនប្រះស្រការអញ្ចឹងទេ! ហើយគ្រូពេទ្យទាំងអស់គេបានវិភាគទៅលើស្ថានភាពទារកហ្នឹង យើងសន្និដ្ឋានថាមិនមែនជាជំងឺហ្ស៊ីកាទេ។ … ជំងឺនេះភាសាខ្មែរយើងគេហៅថាទ្រង់ទ្រាយមិនធម្មតាពីកំណើត អាហ្នឹងវាសឹងតែថាមានម្នាក់ក្នុងបីរយពាន់នោះ ហើយខ្ញុំតាំងពីធ្វើជាវេជ្ជបណ្ឌិតមកខ្ញុំទើបតែជួបករណីនេះម្តងទេ»។

ប្រធានមណ្ឌលសុខភាពណាំតៅ លោក ម៉ា រ៉ាឌូ បានឲ្យដឹងថាទារកនេះបានស្លាប់បាត់ហើយក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាកាលពីព្រឹកម្សិលមិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ