របាយការណ៍របស់សភាអាមេរិកបានព្រមានថា ការជ្រៀតជ្រែករបស់ចិនលើរដ្ឋបាលដែនដីហុងកុងខ្លាំងពេក កំពុងមានប្រតិកម្មឡើងឈានដល់ចំណុចប្រកាសអាសន្នហើយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរសេដ្ឋកិច្ចពិភពលោក។
របាយការណ៍ប្រចាំឆ្នាំរបស់សភាអាមេរិកចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញស្តីពីការត្រួតពិនិត្យពីទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខចិនអាមេរិក បានផ្តោតលើការចាប់ពង្រត់និងការឃុំខ្លួនអ្នកលក់សៀវភៅនៅក្នុងដែនដីហុងកុង ការដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយ និងរឹតត្បិតសេរីភាពពលរដ្ឋនៅទីនោះ។
របាយការណ៍របស់បេសកជនបានលម្អិត៣៣ទំព័រ និយាយពីដែនដីអតីតអាណានិគមអង់គ្លេសនេះ គឺបានជំរុញឲ្យរដ្ឋអំណាចអាមេរិកស៊ើបអង្កេត លើដែនដីស្វ័យយ័ត្នហុងកុង ពីសេរីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ។
របាយការណ៍សភាអាមេរិកលើកឡើងថា ហុងកុងនៅតែដើរតួជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងសំខាន់របស់ពិភពលោក។
អង់គ្លេសបានប្រគល់ដែនដីហុងកុងជាអតីតដែនដីអាណានិគមរបស់ខ្លួនទៅឲ្យចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧ ដោយភ្ជាប់លក្ខខណ្ឌ ប្រទេសមួយប្រព័ន្ធដឹកនាំពីរ គឺផ្តល់សិទ្ធិសេរីភាព ដែនដីហុងកុងជាដែនដីស្វ័យយ័ត្ន។
មួយរយៈចុងក្រោយនេះ ពលរដ្ឋហុងកុងតវ៉ាជាបន្តបន្ទាប់ដោយពួកគេចោទថា រដ្ឋអំណាចចិនគៀបសង្កត់លើរដ្ឋអំណាចនិងពលរដ្ឋហុងកុង៕