លោក ហ៊ុន សែន​ ខឹង​នឹងពិធីការ​រៀបចំ​កម្មវិធី​សំណេះសំណាលជាមួយ​អាចារ្យ

កម្មវិធីសំណេះសំណាលជាមួយអាចារ្យ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យផ្អាកកម្មវិធីភ្លាមៗ ក្រោយពីលោកសម្តែងការខឹងសម្បារនឹងអ្នក រៀបចំពិធីសំណេះសំណាលជាមួយតំណាងអាចារ្យ អាចារិនី ដោយលោកថាការរៀបចំវេទិកាសម្រាប់ឈរនិយាយសំណេះសំណាលមិនត្រឹមត្រូវ។

ពិធីសំណេះសំណាលជាមួយតំណាងអាចារ្យ អាចារិនីនៅទូទាំងប្រទេស នេះធ្វើឡើងនៅសាលាចតុមុខនៅព្រឹកនេះ។

លោក ហ៊ុន សែន ជាអធិបតីក្នុងពិធីនោះ បានក្រោកពីចេញពីកៅអីសម្រាប់គណៈអធិបតី រួចឡើងមកវេទិកាសម្រាប់និយាយ ដោយលោកបានស្នើឲ្យផ្អាកកម្មវិធីភ្លាមៗ និងឲ្យរៀបចំកៅអីអង្គុយឡើងវិញ។ លោកមានប្រសាសន៍ថា លោកត្រូវបានអញ្ជើញមកសំណេះសំណាល មិនមែនមកប្រជុំនោះទេ ដូច្នេះត្រូវរៀបចំកន្លែងសម្រាប់អង្គុយសំណេះសំណាល មិនមែនឡើងមកវេទិកាឈរនិយាយនោះទេ។ លោកបន្តថា លោកមិនអាចឈរសំណេះសំណាលដល់ទៅ៤ម៉ោងនោះទេ។

លោកបានថ្លែងថា៖ “សូម្បីតែបញ្ហាប៉ុណ្ណឹង អាហ្នឹងទំនៀមទម្លាប់ហ្នឹង បានជាអាចារ្យត្រូវតែគិតដែរ ហើយនេះសុទ្ធតែមេអាចារ្យហើយ។ ហៅអញ្ជើញមក ហៅមកសំណេះសំណាល សំណេះសំណាល គេអង្គុយ ហើយសំណេះសំណាល មកឈរ មកអញ្ចឹង អាហ្នឹងគេធ្វើមេទ្ទិញ ហើយឥឡូវ ព្រះតេជគុណនៅអង្គុយហ្នឹងហើយ ទុកឲ្យពិធីការ គេរៀបចំ”។

ក្រោយពីបញ្ចប់ការថ្លែងភ្លាមៗ លោក ហ៊ុន សែន បានដើរទៅខាងក្រោយវេទិកានិងទុកពេលឲ្យពិធីការរៀបចំឡើងវិញ។

គួរបញ្ជាក់ថាពិធីសំណេះសំណាលជាមួយអាចារ្យនិងអាចារិនី ធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពីក្បួនច្បាប់ក្រឹត្យក្រមអាចារ្យជាគោល ដែលមានការឯកភាពរួមនិងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរបន្ថែមដល់អាចារ្យនិងអាចារិនីទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលពីសមាគមអាចារ្យខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ