វិភាគ៖ តើមានកត្តាអ្វីខ្លះ បានអ្នកមកទស្សនាបុណ្យអុំទូកមុខព្រះបរមរាជវាំងថយចុះ?

អ្នកមកទស្សនាបុណ្យអុំទូកមុខព្រះបរមរាជវាំង

នៅឆ្នាំ២០១៦នេះ រដ្ឋាភិបាលបានបើកឲ្យមានការប្រណាំងទូក ង នៅតាមដងទន្លេមេគង្គ មុខព្រះបរមរាជវាំង ដូចមុនឡើងវិញ បន្ទាប់ពីប្រកាសមិនឲ្យធ្វើកម្មវិធីនេះច្រើនឆ្នាំជាបន្តបន្ទាប់រួចមក។

បើតាមគណៈកម្មការរៀបចំបុណ្យបុណ្យជាតិ ទូក ង ដែលបានចុះឈ្មោះចូលរួមប្រណាំងនៅឆ្នាំនេះ មាន២៥៧ ទូក។ ប៉ុន្តែជាការកាត់សម្គាល់ ទូក ង ទាំងនោះ ភាគច្រើនដាក់ឈ្មោះ យកលំនាំឈ្មោះមេដឹកនាំបក្សកំពុងគ្រប់គ្រងអំណាច លោក ហ៊ុន សែន ដូចជាទូក ង នៅមកពីខេត្តកណ្តាល ឈ្មោះទ្រីភាពសែនជ័យ បារមីតេជោ សំបូរសែនជ័យបារមីស្រីម៉ៅ និងកំពូលតេជោសែនជ័យជាដើម។

បើទោះបីរដ្ឋាភិបាលបើកឲ្យធ្វើពិធីបុណ្យអុំទូកឡើងវិញនៅឆ្នាំនេះ ប៉ុន្តែច្រើនឆ្នាំកន្លងទៅ កម្មវិធីបុណ្យជាតិមួយនេះត្រូវបានរដ្ឋាភិបាលប្រកាសផ្អាក។

ការផ្អាកប្រារព្ធពិធីបុណ្យនេះ រដ្ឋាភិបាលធ្លាប់បង្ហាញពីហេតុផលផ្សេងៗគ្នា ប៉ុន្តែហេតុលផលមួយដែលគេនៅចាំបាន គឺមនុស្សជាង១០០០នាក់ បានស្លាប់និងរងរបួស នៅនៅលើស្ពានមួយ ឆ្លងទៅកោះពេជ្រ នាថ្ងៃបិទបញ្ចប់នៃពិធីបុណ្យអុំទូក កាលពីឆ្នាំ២០១០។

ប៉ុន្តែបើទោះបីឆ្នាំនេះ រដ្ឋាភិបាលបើកឲ្យប្រារព្ធពិធីបុណ្យអុំទូកនេះឡើងវិញក៏ពិតមែន តែចំនួនអ្នកមកទស្សនា ហាក់បានថយចុះ ខុសពីការរំពឹងទុក។

នៅមុនប៉ុន្មានថ្ងៃនៃពិធីបុណ្យជាតិដ៏ធំមួយនេះចូលមកដល់ ទេសរដ្ឋមន្ត្រីក្រសួងការរទេស លោក ប្រាក់ សុខុន បានប៉ាន់ប្រមាណថា អ្នកមកទស្សនាពិធីបុណ្យនេះ នឹងមានរហូតដល់ទៅ២លាននាក់ក្នុងមួយថ្ងៃ ដោយមន្ត្រីរដ្ឋាភិបាលរូបនោះអះអាងថា ការព្យាករណ៍ពីកំណើននេះ ដោយយោងទៅលើស្ថានការណ៍ស្ថានការនយោបាយ និងការរីកចម្រើនក្នុងទិសដៅអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាល។

ប៉ុន្តែចំនួនអ្នកមកទស្សនាបុណ្យអុំទូកនៅឆ្នាំនេះវិញ បានថយចុះឆ្ងាយ ខុសពីការរំពឹងទុក ដោយថា នៅថ្ងៃទី១នៃពិធីបុណ្យជាតិនេះ អគ្គស្នងការនគរបាលជាតិប្រកាសលើគេហទំព័ររបស់ខ្លួនថា ចំនួនអ្នកមកចូលរួមទស្សនាមានតែពី៦០ទៅ៧០ម៉ឺននាក់ប៉ុណ្ណោះ។

តើមានកត្តាអ្វីខ្លះ ធ្វើឲ្យអ្នកមកចូលរួមពិធីបុណ្យជាតិដ៏ធំមួយនេះ មានចំនួនថយចុះ?

អ្នកវិភាគនិងមន្ត្រីអង្គការសង្គមស៊ីវិលយល់ថា បញ្ហាធ្លាក់ចុះនៃចំនួនអ្នកមកទស្សនាពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំព្រះខែ ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ មុខព្រះបរមរាជវាំងនេះ អាចថា មកពីកត្តាធំៗ៣ គឺកត្តាភ័យខ្លាចពីព្រឹត្តិការណ៍ស្លាប់គរជើងលើគ្នានៅលើស្ពានពេជ្រ ទេពកោសល្យនៃការបិុនប្រសព្វ របស់គណៈកម្មាធិការរៀបចំកម្មវិធីបុណ្យជាតិ និងកត្តាជ្រៀតចូលនៃឥទ្ធិពលនយោបាយ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង វិភាគថា បើទោះបីជាពេលនេះរដ្ឋាភិបាលបានបើកឲ្យប្រារព្ធពិធីបុណ្យអុំទូកឡើងវិញនិងបានដាក់ពង្រាយកម្លាំងរាប់ពាន់នាក់ សម្រាប់ការពារសន្តិសុខនិងបង្ការទប់ស្កាត់ កុំឲ្យមានព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់ដូចកាលពី៦ឆ្នាំមុនក៏ដោយ ប៉ុន្តែលោកថា ស្រមោលអតីតកាលនេះ ទំនងជាដិតជាប់នៅក្នុងអារម្មណ៍ពលរដ្ឋមួយចំនួន ធ្វើឲ្យពួកគេខ្លាចញញើត មិនហ៊ានមកដើរកំសាន្តក្នុងពិធីនេះដូចពេលមុនៗ។

លោក យង់ គិមអេង វិភាគទៀតថា កត្តាគ្រោះថា្នកចរាចរណ៍នៅតាមដងផ្លូវជារៀងរាល់ថ្ងៃ ក៏ជាហេតុផលមួយទៀត ធ្វើឲ្យពលរដ្ឋបារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើមកភ្នំពេញ រួមទាំងការផ្សព្វផ្សាយបញ្រ្ចៀបចំណេះដឹងដល់ប្រជាពលរដ្ឋពីគុណតម្លៃនៃវប្បធម៌និងប្រពៃណីខ្មែរឲ្យបានទូលំទូលាយផងដែរ។

កត្តាមួយទៀត ដែលលោក យង់ គិមអេង យល់ថាជាការកាត់បន្ថយចំនួនអ្នកមកទស្សនាពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញនោះ គឺដោយសាតែការរៀបចំតុបតែងបរិវេណប្រារព្ធពិធីបុណ្យនេះដដែលៗគ្មានការទាក់ទាញ និងការផ្អាកធ្វើពិធីបុណ្យជាតិដ៏ធំមួយនេះជាបន្តបន្ទាប់ តាមអ្នកនយោបាយ ដោយមិនបានធ្វើការស្ទង់មតិពីប្រជាពលរដ្ឋទូទៅ។

លោកថា៖ «អញ្ចឹងបានជាពិធីបុណ្យមួយៗហ្នឹង គេតែងតែប្រឹងប្រែង ធ្វើម៉េចឲ្យវាប្លែក ឲ្យវាទាក់ទាញការចាប់អារម្មណ៍។ ពាក្យថាប្រពៃណី មានន័យថាធ្វើអត់ដែលខាន។ កាលណាពិធីប្រពៃណីធ្វើខានៗ ធ្វើឲ្យពិធីប្រពៃណីហ្នឹងលែងមានជំនឿ។ អាពិធីប្រពៃណីហ្នឹង គឺអាចឲ្យប្រជាពលរដ្ឋចូលរួមទៅបាន ចូលរួមគគ្រឹកគគ្រែងនោះ គឺដោយសារគេជឿ។ ដូចភ្ជុំបិណ្ឌអញ្ចឹងណា គេជឿថា បើមិនទៅស្រុកទៅស្រែទេ គឺមិនបានធ្វើបុណ្យជូនដូនតា ខឹងសម្បាអីអញ្ចឹង។ អាហ្នឹងដល់ជឿ អញ្ចឹងបានធ្វើឲ្យមនុស្សចូលរួម។ បើកាលណាគេឃើញថា ធ្វើក៏បាន មិនធ្វើក៏បាន អាហ្នឹងធ្វើឲ្យប្រជាជនគិតថា អាហ្នឹង[បុណ្យអុំទូក] ធម្មតាទៅក៏បាន មិនទៅក៏បាន»។

បើតាមលោក យង់ គិមអេង ក្នុងពិធីបុណ្យអុំទូកនេះ ក្រសួងពាក់ព័ន្ធបានដាក់តាំងរូបភាពមួយចំនួននៅទីលានប្រជាធិបតេយ្យដើម្បីជាការពញ្ញាក់អារម្មណ៍អ្នកមកទស្សនាការប្រណាំងទូក ប៉ុន្តែលោកថា ការដាក់តាំងនោះហាក់ខុសទីតាំង ខណៈមនុស្សភាគច្រើនទៅប្រមូលផ្តុំគ្នានៅមុខវាំង។ ម្យ៉ាងទៀត លោកថាការដាក់តាំងនោះ ហាក់បានជំរុញតិចតួចពីការទាក់ទាញ បើប្រៀបធៀបនឹងក្រុមហ៊ុនស្រាបៀរ ដែលហ៊ានជួលតារាល្បីៗទៅសម្តែងចម្រៀងសម័យ ហើយជួយផ្សព្វផ្សាយគ្រឿងស្រវឹងនោះ។

អ្នកឯកទេសនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល វិភាគប្រហាក់ប្រហែលដែរថា កត្តាមួយទៀតដែលធ្វើឲ្យចំនួនអ្នកមកទស្សនាពិធីបុណ្យអុំទូកថយចុះ លោកថាអាចមកពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនិងអ្នកនយោបាយ មិនបានបញ្រ្ចៀបចំណេះដឹងពីតម្លៃវប្បធម៌ប្រពៃណីរបស់ជាតិ ឲ្យពលរដ្ឋបានយល់ដឹង និងធ្វើឲ្យវប្បធម៌បរទេសកំពុងវាយលុកដូចបច្ចុប្បន្ននេះ។

លោកថា៖ «ពីព្រោះនៅពេលដែលយើងទំនើបនិយមហើយ មេដឹកនាំយើងមិនបានបង្ហាញអំពីសក្តានុពលឬអាភាពអស្ចារ្យនៃសីលធម៌សង្គម វប្បធម៌អរិយធម៌ហ្នឹងទេ មនុស្សដទៃច្រើនតែឲ្យហេតុផលដើម្បីបំបាត់ ដោយថា វាខ្ជះខ្ចាយ ឲ្យហេតុផលថា វាមិនសមរម្យទៀតទេ យើងរស់ហើយ យើងលែងជាស្រុកចម្បាំងហើយ តែហេតុអីបានជាយើងត្រូវការអាហ្នឹងទៀត? អញ្ចឹងអាហេតុផលទាំងអស់ហ្នឹង ចុងក្រោយទៅ ការគោរព ការឲ្យតម្លៃទៅលើកម្មវិធីអុំទូក ផ្សេងៗ ក៏ដូចជាអរិយធម៌ វប្បធម៌ផ្សេងៗ ដែលជាអរិយធម៌ផូរផង់របស់ខ្មែរហ្នឹងវាត្រូវបាត់។ហើយបើមេដឹកនាំយើងអត់មានគណៈកម្មាធិការលើកកម្ពស់អាហ្នឹងទៅទៀត វាបាត់ហើយបាទ!»។

លោក ចាន់ វិបុល វិភាគទៀតថា ការរៀបចំតុបតែង តាំងពិព័រណ៍រូបភាពក្នុងបរិវេណបុណ្យ ជាការទាក់ទាញមួយទៀតដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ លោកថាបើការរៀបចំនោះមានរូបភាពដដែលៗ មិនថាឡើយជំរុញពលរដ្ឋនៅតាមបណ្តាខេត្តឲ្យមកទស្សនាបុណ្យអុំទូកនៅភ្នំពេញទេ លោកថាសូម្យីតែអ្នករស់នៅក្នុងក្រុងភ្នំពេញ ក៏ត្រូវបង្ខំចិត្តចេញទៅទស្សនានៅតំបន់ផ្សេងដែរ។

លោក ចាន់ វិបុល វិភាគទៀតថា បញ្ហាមួយទៀតដែលជំរុញឲ្យពលរដ្ឋមួយចំនួនមិនមកចូលរួមក្នុងពិធីបុណ្យអុំទូកនេះ លោកថា ដោយសារតែពិធីបុណ្យជាតិធំៗខ្លះត្រូវបានប្រើឥទ្ធិពលនយោបាយបញ្រ្ចៀបចូល ធ្វើឲ្យពលរដ្ឋខ្លះយល់ច្រឡំថា ពិធីបុណ្យជាតិ ថាជាការឃោសនានយោបាយរបស់គណបក្ស។

លោកថា៖ «ការលាបពណ៌នយោបាយឬការយកបញ្ហានយោបាយទៅគ្របដណ្តប់លើសីលធម៌ វប្បធម៌ អរិយធម៌សង្គមនេះ ក៏ជារឿងមួយដែរ។ អញ្ចឹងបងប្អូនយើងច្រើនយកអាបញ្ហានយោបាយនេះទៅប៉ះគ្រប់។ អញ្ចឹងយើងមើលឈ្មោះទូក[ង]វិញ យើងឃើញហើយ មានឈ្មោះតែមួយបក្សពីរបក្សអីអញ្ចឹងទៅ។ អញ្ចឹងបងប្អូនគាត់យល់ថា ហេអាមកអុំទូកហ្នឹង ដូចជាមកអុំបក្សទេឬក៏យ៉ាងម៉េច? ទោះបីគណបក្សនយោបាយដែលខ្ញុំលើកឡើងហ្នឹងឬអ្នកមានខ្លះដែលគាត់គាំទ្រ គាត់គិតថា ទេ មិនមានបំណងអញ្ចឹងទេ ប៉ុន្តែយើងឃើញសញ្ញាហ្នឹង គឺវាអត់ល្អទេ។ អញ្ចឹងអាកន្លែងហ្នឹង ដែលនាំឲ្យមនុស្សខូចចិត្ត វាអត់ល្អ។ អញ្ចឹងយើងមើលបុណ្យជាតិមួយចំនួន ដូចជារោងបុណ្យបក្សអញ្ចឹង។ អញ្ចឹងបងប្អូនមួយចំនួនយល់ថា មិនមែនជាបុណ្យជាតិទេ ដោយសារ កម្ពុជាយើងប្រកាន់និន្នាការនយោបាយហួសកម្រិតទៅទៀត ហ្នឹងវាប៉ះពាល់ដល់ការចូលរួម»។

បើតាមអ្នកវិភាគ ដើម្បីឲ្យការប្រារព្ធពិធីបុណ្យជាតិធំៗមានការចូលរួមពីប្រជាពលរដ្ឋច្រើន ត្រូវបញ្រ្ចៀបចំណេះដឹងពីគុណតម្លៃវប្បធម៌អរិយធម៌ខ្មែរដល់ស្រទាប់មហាជន។ ត្រូវជៀសវាងការយកកម្មវិធីបុណ្យជាតិ ធ្វើជាការផ្សព្វផ្សាយគោលនយោបាយគណបក្ស។ ត្រូវបង្កើនជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ ពីប្រសិទ្ធភាពនៃវិធានការទប់ស្កាត់និងសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុ។ ប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ ឲ្យបានរៀងរាល់មួយឆ្នាំម្តង ដោយអនុវត្តតាមទំនៀមទម្លាប់និងប្រពៃណី ដែលបានបន្សល់ពីដូនតាមក ជៀសវាងធ្វើតាមការចង់បានរបស់អ្នកនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ