តុលាការឲ្យបន្តឃុំខ្លួនបណ្ណោះអាសន្នអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប

ដោយ លោក ជន ចាន់រ៉ែន​​ | ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 4:07 PM | សង្គម | 0 | 1609 អតីត​អ្នកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ធ្វើដំណើរចេញពីតុលាការ (ជន ចាន់រ៉ែន)

តុលាការបានសម្រេចឲ្យឃុំខ្លួនបណ្ណោះអាសន្នអតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរីពីររូប នៅស្នងការនគរបាលរាជធានីភ្នំពេញបន្តទៀត ដើម្បីរង់ចាំសាកសួរនៅថ្ងៃស្អែក។

នៅរសៀលថ្ងៃសុក្រនេះ អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរីពីររូបគឺ លោក អួន ឈិន និង​​លោក យាង សុជា​មេត្តា ត្រូវបានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអោយ​ព្រះរាជអាជ្ញាបន្ដការសាកសួរស្វែងរកបទចោទ។ តែនៅវេលាម៉ោងជាង៥ល្ងាចនេះ តុលាការបានផ្អាកការសាកសួរ ហើយបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅស្នងការនគរបាលរាជធានីភ្នំពេញវិញ ដើម្បីរងចាំការសាកសួរបន្ដទៀតនៅថ្ងៃស្អែក។

អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អួន ឈិន និង​​លោក យាង សុជា​មេត្តា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅក្នុង​ផ្ទះសំណាក់មួយនៅ​ក្នុង​ខណ្ឌ​មានជ័យ ដោយ​សមត្ថកិច្ច​ចោទ​ថា បានលួច​ផលិត​ព័ត៌មាន​ពីប្រទេសកម្ពុជា​ ផ្ញើ​ទៅ​ឲ្យ​វិទ្យុ​អាស៊ី​សេរី នៅ​សហរដ្ឋអាមេរិក។

វិទ្យុអាស៊ីសេរី​បានបិទការិយាល័យរបស់ខ្លួននៅកម្ពុជាកាលពីខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីមានបញ្ហាប្រឈមមួយចំនួន​ជាមួយរដ្ឋាភិបាល។​ ក្រោយការបិទការិល័យនេះ ក្រសួងព័ត៌មាន​កម្ពុជាបានប្រកាសចាត់វិធានការបើសិនជាបុគ្គលិកអាស៊ីសេរីនៅតែបន្តចុះយកព័ត៌មានទៀតនោះ៕

សរសេរមកកាន់ លោក ជន ចាន់រ៉ែន តាមរយៈ chornchanren@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required