សភាមានតែតំណាងរាស្ត្របក្សកាន់អំណាច​អនុម័តថវិកាជាតិឆ្នាំ​២០១៨

អង្គប្រជុំសភា

អង្គប្រជុំសភា​ដែល​មាន​តែ​សមាជិក​មកពី​បក្ស​កាន់​អំណាច​ បាន​ប្រជុំ​អនុម័ត​ទាំង​ស្រុង​នូវ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៨ ​ដោយ​គ្មា​ន​សំឡេង​ពី​បក្សប្រឆាំង​នោះទេ។

យោង​តាម​សេចក្តី​ព្រាង​ច្បាប់​ថវិការជាតិ​ឆ្នាំ​២០១៨ ​ព្រាងដោយ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ គឺរដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​ប្រហែល ៦​ពាន់​លាន​ដុល្លារ សម្រាប់​ផែន​ការ​​ថវិកា​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ដែល​ធ្វើ​ឲ្យ​គម្រោង​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​ថ្មី កើន​ឡើង​ជាង ១៥​ភាគ​រយ​ បើធៀប​ទៅ​និង​កញ្ចប់​ថិវកា​ជាតិ​ឆ្នាំ​២០១៧​នេះ។

នៅថ្ងៃ​សុក្រ​នេះ​ រដ្ឋ​សភា​​បន្ត​សម័យ​ប្រជុំពេញ​អង្គ​របស់​ខ្លួន​បន្ត​ទៀត​ដោយ​ពុំ​មាន​វត្ត​មាន​សមាជិក​សភាបក្សប្រឆាំ​ងនោះ​ទេបន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលា​ការ​​កំពូល​រំលាយ​កាលពី​ម្សិល​មិញ ។ ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៨​ត្រូវ​បានសមាជិក​សភា​បក្ស​ប្រជា​​ជន​​កម្ពុជាចំនួន​៦៥​នាក់ ​បាន​សម្រេច​អនុម័ត​ទាំ​ង​ស្រុង​ដោយ​គ្មាន​សំឡេង​ជំទាស់នោះ​ទេ។

ប្រធាន​គណៈកម្មាការ​សេដ្ឋកិច្ច​របស់​រដ្ឋ​សភាលោក ជាម យៀប ថ្លែង​ថាច្បាប់​ថវិកា​ឆ្នាំ​២០១៨​ជា​យុទ្ធិ​សាស្រ្ត​ដើម្បី​អាច​ឲ្យ​កម្ពុជា​បន្ត​បាន​នូវ​ការ​អភិវឌ្ឍន៍ ក៏​ដូច​ជា​បន្ត​នូវ​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព របស់​កម្ពុជា និង​ក្នុង​តំបន់​។

លោក​ថា៖ « ខ្ញុំ​ស្នើ​សុំ​ដាក់​សេចក្តីព្រាងច្បាប់​នេះ​ជូន​អង្គសភា មេត្តា​ពិនិត្យ ពិភាក្សា​ និង​អនុម័ត​មូយ​ជំពូក​ម្តង​ៗស្របតាម​ប្រការ​២៩​ថ្មី​នៃ​បទ​បញ្ជារ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សភា​ដោយ​ចាត់​ទុក​ជាការ​ប្រញាប់​តាម​ការ​គួរ » ។

នាយកប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​លោក សន​ ជ័យ យល់​ថាការ​គ្រោង​ថវិកា​នេះគឺ​អាច​ទទួល​យក​បាន​ប្រសិន​ជា​មាន​តុល្យ​ភាព​ទៅ​នឹង​ចំណូល​ជាតិ ​ តែ​លោក​សោក​ស្តាយ​នៅ​ពេល​ដែល​បក្សប្រជា​ជន​អនុម័ត​ច្បាប់​នេះ​តែ​ម្នាក់​​ឯង។

លោក​ថា៖ « យើង​មាន​ការ​សោក​ស្តាយ​ដែល​នៅពេល​នេះ​ស្ថានភាព​នយោបាយ​មាន​ការ​អាប់​អួរខ្លាំង​ដែល​ធ្វើ​ឲ្យ​គណបក្សនយោបាយ​មួយ​ទៀត​ដែល​មាន​អាសនៈនៅ​ក្នុង​សភាត្រូវ​បាន​តុលាការ​កំពូល​រំលាយ​មុន​ថ្ងៃ​ពិភាក្សា​ជជែក​លើ​ច្បាប់​ថវិការ​ហ្នឹង​ » ។

បើ​តាម​សេចក្តីព្រាង​ថវិកា​ជាតិសម្រាប់​ឆ្នាំ​២០១៨ នោះ កញ្ចប់​ថវិកា​ជាតិ ​សម្រាប់​វិស័យ​អប់រំ ត្រូវ​បាន​ស្នើ​ឡើង​ប្រហែល​នឹង ៨៣៦​លានដុល្លារ ខណៈ​ដែល​គម្រោង​ចំណាយ​សម្រាប់​ក្រ​សួង​​សាធារណការ​ មាន​ចំនួន​​ស្មើនឹងជាង ៦០១លានដុល្លារ ហើយ​ក្រសួង ​ដែល​ស្រូប​យក​កញ្ចប់​ថវិកា​ជាតិ​ច្រើន​លំដាប់​ទី​៤ គឺ​ក្រសួង​ការពារ​ជាតិ ដែល​ត្រូវ​បាន​ស្នើ​នូវ​ថវិកា​ចំនួន​ស្មើនឹងជាង ៥៣៤លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ