គ.ជ.ប ថាមិនបារម្ភពីការផ្តាច់ជំនួយរបស់អាមេរិក

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការការបោះឆ្នោត គ.ជ.ប អះអាងថា ខ្លួនមិនបារម្ភទៅនឹងការប្រកាសផ្តាច់ជំនួយរបស់សហរដ្ឋអាចមេរិកមកលើស្ថាប័នខ្លួននោះទេ ដោយថាប្រទេសមហាអំណាចមួយនេះ បានជួយឧបត្តម្ភតិចតួចប៉ុណ្ណោះមកលើផ្នែកបោះឆ្នោត។

បន្ទាប់ពីតុលាការកំពូលសម្រេចរំលាយគណបក្សប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅថ្ងៃនេះសហរដ្ឋអាមេរិកបានប្រកាសថា ​ខ្លួននឹងផ្ដាច់ជំនួយបោះឆ្នោតមកកម្ពុជា និងមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨ឡើយ។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ជប់កិច្ចបប្រជុំផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតនៅថ្ងៃនេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប មិនមានការបារម្ភចំពោះការផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិកនោះទេ ដោយថាបើទោះអត់ជំនួយអាមេរិក ក៏កម្ពុជាអាចដំណើរការបោះឆ្នោតបានដែរ។

លោកបន្ថែមថា «នេះជាសិទ្ធិនិងការសម្រេចចិត្តរបស់អាមេរិក ប៉ុន្តែក្នុងនាមស្ថាប័ន គជប យើងទទួលខុសត្រូវបញ្ហាពីរសំខាន់ ទី១គឺអនុវត្តតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ហើយទី២ទទួលខុសត្រូវក្នុងការរៀបចំការងារបច្ចេកទេសដើម្បីដំណើរការបោះឆ្នោត អញ្ចឹងមតិយោបល់របស់ប្រទេសណានោះ គឺជាមតិមួយហើយសម្រេចចិត្តយ៉ាងណាជារឿងរបស់គាត់»។

លោក ហង្ស ពុទ្ធា បន្តថា ការបោះឆ្នោតក្រុមប្រឹក្សាកន្លងមកគឺ គ.ជ.ប បានចំណាយ​ថវិកាអស់ប្រហែល៥៣លានដុល្លា និងថាប្រទេសដែលផ្តល់ជំនួយផ្នែកបោះឆ្នោតមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និង​កូរ៉េខាងត្បូង។

មន្ត្រីច្បាប់និង​អង្កេត​អង្គការ​ខុមហ្វ្រែល ​លោក យឿង សុធារ៉ា មានប្រសាសន៍ថា ទោះគ្មានជំនួយអាមេរិកកម្ពុជានៅតែដំណើរការបោះឆ្នោតទៅបានដោយមានប្រទេសផ្សេងទៀតចាំជួយ ប៉ុន្តែអ្វីដែលត្រូវបារម្ភ ថាតើការបោះឆ្នោតនោះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ឬអត់។

លោកបន្ថែមថា «ប្រទេសមួយចំនួនដែលគាត់មានចំណងមិត្តភាពជិតស្និទិជាមួយគណបក្សកាន់អំណាច គាត់បានសន្យាហើយថា គាត់នឹងផ្តល់ជំនួយមកឲ្យរដ្ឋាភិបាលកម្ពុជាដើម្បីដំណើរការបោះឆ្នោតក្នុងនោះមានប្រទេសមហាអំពីរមានរុស្ស៊ី​និងចិនគឺបានសន្យារួចទៅហើយ អញ្ចឹង គជប ប្រហែលជាមិនលំបាកទេក្នុងការរកមូលនិធិ ឬក៏ថវិកាក្នុងការរៀបចំការបោះឆ្នោត ប៉ុន្តែគ្រាន់តែបញ្ហាថា ដំណើរការនៃការរៀបចំការបោះឆ្នោតវាអាចមិនបានឆ្លុះបញ្ចាំងពីគោលការណ៍សេរីត្រឹម ត្រូវ និងយុត្តិធម៌ជាពិសេសគោលការណ៍នៃការរៀបចំការបោះឆ្នោតមួយដែលប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌នោះ»។

គួរបញ្ជាក់ថា បន្ទាប់ពីតុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ធ្វើឲ្យមានប្រតិកម្មរិះគន់ និងថ្កោលទោសពីមជ្ឈដ្ឋានអន្ដរជាតិជាហូរហែមានជូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសជាដើម ដោយប្រទេសមួយចំនួនបានប្រកាសផ្តាច់ជំនួយមកកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ