ផ្លូវចំនួន​៦ដែលមេដឹកនាំអាយុ៩៣ឆ្នាំ Mugabe ត្រូវដើរ

កាលពីថ្ងៃពុធ មេដឹកនាំប្រទេសហ្ស៊ីមបាវេ លោក​ Robert Mugabe ត្រូវមេបញ្ជាកងទ័ពនៃប្រទេសរបស់លោក ចាប់ឃុំ​ខ្លួននៅក្នុងផ្ទះជាបណ្តោះអាសន្ន ដើម្បីដោះស្រាយវិបត្តិនយោបាយ ខណៈផ្ទៃក្នុងរបស់គណបក្សកាន់អំណាចរបស់លោក ​Mugabe កំពុងតែឈានដល់ដំណាក់កាលបែកបាក់ខ្លាំង។​

បញ្ហានយោបាយនៅក្នុងប្រទេសមួយនេះកើតឡើង​ បន្ទាប់ពីមេដឹកនាំ Mugabe បណ្តេញអនុប្រធានាធិបតី​ចេញពីតំណែងត្រៀមប្រគល់គណបក្ស និងរៀបចំ​បេក្ខភាពប្រធានាធិបតីឲ្យទៅប្រពន្ធរបស់លោក គឺលោកស្រី Grace Mugabe អាយុ៥២ឆ្នាំ​។​

បច្ចុប្បន្ន​បេសកជនរបស់ប្រទេសអាហ្វ្រិកខាងត្បូងនិងមេដឹកនាំព្រះវិហារសាសនាគ្រឹស្តនៅក្នុងប្រទេសហ្ស៊ីមបាវេ កំពុងតែប្រឹងប្រែងសម្របសម្រួលឲ្យមានការផ្សះផ្សារវាងលោក Mugabe និងក្រុមយោធា។​

ក្រោយការចាប់ឃុំខ្លួនមេដឹកនាំប្រទេសដែលស្ថិតនៅក្នុងតំណែង៣៧ឆ្នាំ ហើយជាមេដឹកនាំរយៈពេលយូរបំផុតលំដាប់លេខ៣លើពិភពលោករូបនេះ អ្នកវិភាគនៅសារព័ត៌មាន ​BBC បានលើកឡើងពីដំណោះស្រាយដែលអាចធ្វើឡើងតាមផ្លូវច្រកចេញចំនួន​៦៖

ទី១ លោក Mugabe លាលែងចេញពីតំណែង

ក្រោយពេលដែលក្រុមយោធាប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍របស់ជាតិ​កាលព្រឹកថ្ងៃពុធនោះ មានការលើកឡើងថា លោក Mugabe គួរតែធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈមួយដោយបញ្ជាក់ថា លោកស្ថិតនៅក្នុងផ្នែកម្ខាង ឬ ដកខ្លួនចេញពីស្ថានភាពនេះ។​

ទី២ លោក Mugabe នៅបន្តតំណែង

គេមើលឃើញថា ក្រុមយោធានៃប្រទេសនេះ នៅតែមានការឲ្យតម្លៃលើការដឹកនាំរបស់លោក​ Robert Mugabe។ យោធានិងមន្ត្រីរបស់គណបក្សកាន់អំណាច Zanu-PF ភាគច្រើន​នៅតែមានការផ្តល់តម្លៃលើលោក Mugabe។​ប៉ុន្តែអ្វីដែល​មានការមិនពេញចិត្តខ្លាំងនោះគឺ​ភរិយារបស់លោក​ត្រៀមស្នងតំណែង។

អ្នកជំនាញមួយចំនួនលើកឡើងថា មេដឹកនាំវ័យ៩៣ឆ្នាំរូបនេះ ត្រូវស្ថិតនៅក្នុងតំណែងបន្តទៀតរហូតដល់ការធ្វើសមាជគណបក្សកាន់អំណាចនៅខែធ្នូ និង រៀបចំសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។​

ទី៣ លោក​ Mugabe ត្រូវបង្ខំឲ្យនិរទេសខ្លួន​

បើសិនជាជម្លោះផ្ទៃក្នុងរបស់គណបក្ស Zamu-PF មិនអាចរកដំណោះស្រាយបាននោះ ដំណោះស្រាយល្អមួយគឺបង្ខំឲ្យមេដឹកនាំនេះនិរទេសខ្លួនទៅរស់នៅក្រៅប្រទេស។​ ប្រទេសអាហ្វិ្រកខាងត្បូងប្រកាសថា ពួកគេមានកន្លែងសមស្របមួយសម្រាប់​លោក Mugabe។​ មេដឹកនាំហ្ស៊ីមបាវេរូបនេះ ក៏មានទ្រព្យសម្បត្តិមួយចំនួន​នៅអាហ្រ្វិកខាងត្បូងដែរ។​

មានជម្រើសផ្សេងទៀត បើលោក Mugabe មិនចង់ទៅអាហ្វ្រិកខាងត្បូង អាចសុំសិទ្ធិរស់នៅក្នុងប្រទេសសិង្ហបុរី និង ប្រទេសម៉ាឡេស៊ីបានដែរព្រោះប្រទេសទាំងពីរក៏មានទ្រព្យសម្បត្តិរបស់លោកជាច្រើន​ផងដែរ។​

ទី៤ ការរៀបចំឲ្យមានការឯកភាពជាតិ និង បោះឆ្នោត

ត្រូវរៀបចំឲ្យមានការចូលរួមពីគណបក្សប្រឆាំងគឺមេដឹកនាំគណបក្សប្រឆាំងដែលកំពុងព្យាបាលជំងឺមហារីកនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ត្រូវវិលចូលស្រុកវិញដើម្បីចរចាធ្វើយ៉ាងណាឲ្យមានឯកភាពជាតិ។​ ករណីនេះជា ដំណោះស្រាយមួយដែលគណបក្សប្រឆាំង និង​ប្រទេសលោកខាងលិចចង់ឃើញ ខណៈមេដឹកនាំគណបក្សមិនមែនរដ្ឋាភិបាលផ្សេងៗទៀតក៏បង្ហាញជំហរចង់ឃើញឯកភាពជាតិ​ពង្រឹងផ្ទៃក្នុងដែរ។​

ទី៥ គ្រាន់តែជ្រើសរើសអ្នកថ្មីជំនួសលោក Mugabe

ការចូលគ្រប់គ្រងស្ថានការណ៍របស់ពួកយោធា ប៉ុន្តែមិនមានការផ្លាស់ប្តូររបបនោះទេ ហើយយោធាក៏បញ្ជាក់ថា ពួកគេមិនបានធ្វើរដ្ឋប្រហារទេគ្រាន់តែគ្រប់គ្រងស្ថានការណ៍បណ្តោះអាសន្នពេលដែលជម្លោះផ្ទៃក្នុងរបស់គណបក្សកាន់អំណាចមិនទាន់អាចដោះស្រាយបានតែប៉ុណ្ណោះ។​ ចំណែកគណបក្សកាន់អំណាចគេមើលឃើញថា នៅតែមានឥទ្ធិពលខ្លាំង។

អនុប្រធានាធិបតីបណ្តេញចេញពីតំណែងលោក​ Emmerson Mnangagwa គឺជាតួអង្គដែលគេមើលទៅសាកសមព្រោះលោកធ្លាប់ជួយជំរុញឲ្យមានការអនុវត្តគោលនយោបាយរបស់លោក​ Mugabe ក្នុងការដឹកនាំប្រទេសទាំងមានភាពចម្រូងចម្រាស់ឲ្យទទួលបានជោគជ័យ។​

បើទោះជា លោក Emmerson ត្រូវបានមតិមួយចំនួនចាត់ទុកថា ជាមនុស្សគ្មានចិត្តមេត្តាក៏ដោយ ប៉ុន្តែគេសង្ឃឹមថា ការអវត្តមានរបស់លោក ​Mugabe គឺជាផ្នែកមួយសំខាន់ក្នុងបន្ធូរកម្តៅនយោបាយ និង ធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋបានប្រសើរឡើង។​

ទី៦​​ ធ្វើរដ្ឋប្រហារដូររដ្ឋាភិបាល

កងអង្គរក្សប្រធានាធិបតីភាគច្រើនដែលស្មោះស្ម័គ្រជាមួយ លោក Mugabe គឺជាផ្នែកមួយរបស់យោធា ហើយមានការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នពីពួកយោធា។​

មេដឹកនាំយោធាល្បីៗប្រមាណ​៩០រូប កាលពីសប្តាហ៍មុន​ប្រកាស ចូលរួមជាមួយលោក​មេបញ្ជាការ Constantino Chiwenga នៅពេលដែលមេបញ្ជាកងទ័ពរូបនេះព្រមានពីការបោសសម្អាតផ្ទៃក្នុងបន្ទាប់ពីមានការដកតំណែងអនុប្រធានាធិបតី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ