សាលាឧទ្ធរណ៍សម្រេចឲ្យ លោក គឹម សុខ មានទោសដូចតុលាការថ្នាក់ក្រោម

អាជ្ញាធរនាំខ្លួន លោក កឹម សុខ មកកាន់សាលាដំបូងកាលពីពេលកន្លងទៅ (រូបភាព FN)

សាលាឧទ្ធរណ៍នៅថ្ងៃសុក្រនេះ សម្រេចឲ្យអ្នកវិភាគនយោបាយ លោក គឹម សុខ មានទោសដូចការសម្រចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលប្ដឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការវិភាគរបស់លោកជុំវិញរឿងឃាតកម្មលើលោក កែម ឡី និងការគ្រប់គ្រងអំណាចរបស់គណបក្សប្រជាជន។

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសអ្នកវិភាគនយោបាយ លោក គឹម សុខ ឲ្យជាប់ពន្ធនាគារ១៨ខែ និងសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០លានរៀល ឬស្មើនឹង២០ម៉ឺនដុល្លារ តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីលោកនិយាយនៅ​វិទ្យុ​អាស៊ី​សេរីថា គណបក្ស​ប្រជាជន​មិនបាន​ត្រៀមខ្លួន​ទៅ​ការបោះឆ្នោត​ទេ តែមាន​គម្រោងការ​ប្លន់​យក​អំណាច​…​និងពាក់ព័ន្ធការសម្លាប់លោក កែម ឡី។

មេធាវីការពាក្តីលោក គឹម សុខ បានប្តឹងបន្តទៅ​សាលាឧទ្ធរណ៍ដោយមិនសុខចិត្តចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។

សវនាការនៅសាលាឧទ្ធរណ៍នៅថ្ងៃនេះ​ មេធាវីការពារក្ដីឲ្យ​លោក គឹម សុខ គឺ​លោក ជូង ជូងី បានស្នើឲ្យ​ទម្លាក់​ការចោទប្រកាន់កូនក្ដីលោក ដោយថា ការវិភាគរបស់កូនក្ដីកន្លងមក វាឆ្លុះបញ្ចាំពីការពិត  ខណៈថ្មីៗនេះ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ។

ករណីនេះ មេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក គី តិច ​បានបដិសេធ ដោយសារការរំលាយគណបក្សសង្រ្គោះជាតិមិនបានពាក់ព័ន្ធជាមួយគណបក្សប្រជាជននោះទេ។

លោកថា «គណបក្សប្រជាជនកម្ពុជាមិនដែលចាញ់ការបោះឆ្នោតទេ បើប្លន់អំណាចទាស់តែចាញ់ ប៉ុន្តែគណបក្សប្រជាជនមិនដែលចាញ់ឆ្នោត។ ការរៀបចំការបោះឆ្នោតមិនមែនគណបក្សប្រជាជនជាអ្នករៀបចំទេ គឺមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចូលរួមដែរ។… ការប្ដឹងរំលាយគណបក្សសង្គ្រោះជាតិមិនមែនគណបក្សប្រជាជនទេ គឺក្រសួងមហាផ្ទៃជាអ្នកប្ដឹងរំលាយទេ ហើយការប្ដឹងនេះ ក្រសួងមហាផ្ទៃធ្វើឡើងតាមបណ្ដឹងរបស់គណបក្សពីរ មិនមែនគណបក្សប្រជាជនប្ដឹងរំលាយទេ»។

ទោះជាយ៉ាងណា មេធាវីការពារក្ដីឲ្យលោក គឹម សុខ បានប្រាប់ទៅក្រុមប្រឹក្សាជំនុំជម្រះថា ទោះបីជា គណបក្សប្រជាជនបានបដិសេធក៏ពិតមែន ប៉ុន្តែការរំលាយគណបក្សសង្គ្រោះជាតិថ្មីៗនេះ ធ្វើឡើងស្របពេលលោកនាយករដ្ឋមន្ត្រីប្រកាស។

លោកថា «សម្ដេចនិយាយមុនរួច ហើយវាដូចសម្ដីសម្ដេចនិយាយចឹង ! បើសម្ដីរាស្ត្រសាមញ្ញានិយាយមកមិនមានឥទ្ធិពលអ្វីទេ ប៉ុន្តែគាត់ជានាយករដ្ឋមន្ត្រី…»។

ប៉ុន្តែលោក គី តិច បានជំទាស់ការលើកឡើងរបស់ លោក ជូង ជូងី ដោយថា លោកនាយករដ្ឋមន្ត្រីនិយាយនោះមិនខុសទេ ដោយសារ អ្នកណាក៏ដឹងថាសង្គ្រោះជាតិនឹងត្រូវរំលាយដែរ។

លោកថា «នាយករដ្ឋមន្ត្រីនិយាយមិនខុសទេ បើគេមើលឃើញថា គណបក្សសង្គ្រោះជាតិ ត្រូវរំលាយពិតមែន ដោយសារ បានឃុបឃិតជាមួយបទេស។ …មិនបានបញ្ជាទៅតុលាការឲ្យរំលាយនោះទេ។ សូម្បីខ្ញុំក៏អាចនិយាយមុខថាសង្គ្រោះជាតិត្រូវរំលាយដែរ»។

ក្នុងសវនាការព្រឹកមិញនេះ មេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ត្រីទាមទារឲ្យលោក គឹម សុខ ដាក់ភស្តុតាង ដើម្បីបញ្ជាក់ការអះអាងខ្លួន ។ ប៉ុន្តែការទាមទារនោះត្រូវបានលោក គឹម សុខ ច្រានចោទ ដោយថា លោកមិនមានភស្តុតាងអ្វីដាក់មកតុលាការនោះទេ បើលោកនៅជាប់ពន្ធនាគារបែបនេះ។ មុនពេលបញ្ចប់សវនាការ  លោកស្នើឲ្យតុលាការទម្លាប់ការចោទប្រកាន់នឹងដោះលែងលោកឲ្យមានសេរីវិញ។

ក្រោយពីសវនាការមួយព្រឹក  ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បាន ប្រកាសសាលដីកា សម្រេចកម្កល់សាលក្រមសារសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល  ដោយសំអាងថា  ការសម្រេចរបស់តុលាការថ្នាក់ក្រោមធ្វើឡើងត្រឹមត្រូវតាមនីតិវីធីច្បាប់។

ពាក់ព័ន្ធនឹងការសម្រេចនេះ មេធាវីការពារក្ដីឲ្យលោក គឹម សុខ គឺ លោក ជូង ជូងី សម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ ដោយថា មិនបានផ្ដល់យុត្តិធម៌ឲ្យកូនក្ដីលោក។ លោកបន្តថា  អ្វីដែលកូនក្ដីរបស់លោកនិយាយកន្លងមក  គឺបានកើតឡើងរួចមកហើយ ប៉ុន្តែតុលាការនៅតែមិនពិចារណាចំពោះរឿងនេះ។

លោកថា «អ្វីដែលលោក គឹម សុខនិយាយនោះអង្គហេតុខ្លះវាបានកើតឡើងរួចមកហើយ ហើយទន្ទឹមនឹងមានអង្គហេតុខ្លះក្រោយពីគាត់និយាយមកវាពិតមកពេលបច្ចុប្បន្ន។ ចឹងបើផ្លូវច្បាប់កាលណាអ្វីដែលគាត់និយាយជាការពិត គឺតុលាការអត់អាចចោទគាត់ថា ប្រព្រឹត្តបទល្មើសទេលុះត្រាតែអ្វីដែលគាត់និយាយមិនមែនជាការពិត  ទើបគេយកមកពិចារណាថាអ្វីដែលនិយាយមិនពិតនោះវាមានចេតនាធ្វើឲ្យខូចកត្តិយសដោយអសុទ្ធចិត្តដែរឬទេ ? លុះត្រាតែការនិយាយមិនពិតវាខូចកត្តិយស ហើយមានគោលដៅចោទប្រកាន់ដោយអសុទ្ធចិត្ត ទម្លាក់កំហុសដោយអសុទ្ធចិត្ត អានឹងទើបតុលាការគេផ្ដន្ទាទោសពីបទបរិហាកេរ្តិ៍»។

មន្រ្តីស៊ើបអង្កេតនៃសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា កន្លងមក លោក គឹម សុខ បានស្នើសុំតុលាការនៅក្រៅឃុំ ដើម្បីរកភស្តុតាងបញ្ជាក់ ប៉ុន្តែការស្នើនេះ ត្រូវបានតុលាការបដិសេធ។ លោកបន្តថា ប្រសិនបើតុលាការមិនឲ្យលោក គឹម សុខ រកភស្តុតាងមកបញ្ជាក់ទេ នោះការសម្រេចរបស់តុលាការមិនបានផ្ដល់យុត្តិធមឲ្យជនជាប់ចោទនោះទេ។

លោកថា «ច្រានចោលជាបន្តបន្ទាប់ ហើយចឹងនីតិវិធីគាត់មិនមានលទ្ធភាពរកភស្តុតាងមកតតាំងចឹង! យើងគិតថាក្នុងសំណុំរឿងនឹងគាត់ពិបាកនៅក្នុងការទទួលយកគេហៅថាទទួលយកបានភាពយុត្តិធម៌ក្នុងផ្លូវច្បាប់ វាមិនអាចផ្ដល់លទ្ធភាពរបស់គាត់តតាំងតាមលទ្ធភាពរបស់គាត់​។ ក្នុងខណៈដែលគាត់កំពុងតែតតាំងនឹងឋានៈលោកដល់លោកនាយករដ្ឋមន្ត្រី ដែលលោកជាប្រមុខដឹកនាំរដ្ឋាភិបាល ហើយលោកអាចមានលទ្ធភាពក្នុងការគ្រប់គ្រងនៅស្ថាប័នសំខាន់ៗរបស់រដ្ឋាភិបាលជាដើម»។

លោក គឹម សុខ អ្នកឃ្លាំមើល និង​វិភាគបញ្ហាសង្គម ត្រូវសាលាដំបូងរាជធានីភ្នំពេញសម្រចឃុំខ្លួន​កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៧ នៅពេល​ដែលទៅបំភ្លឺនៅតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ