ចិន​រឹប​អូស​យាន​មុជ​ទឹក​កង​ទ័ព​អាមេរិក ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

មន្ទីរ​បញ្ចកោណ​អាមេរិក កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​និយាយ​ថា ចិន​បាន​រឹប​អូស​យក​​ដោយ “​ខុស​ច្បាប់” នូវ​យាន​​ស៊ើប​អង្កេត​គ្មាន​មនុស្ស​បើក​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិក នៅ​ក្នុង​ដែន​ទឹក​អន្តរជាតិ នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​​ជា​ការ​វិវត្តន៍​ថ្មី​ជំរុញ​ឲ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង ជុំ​វិញ​វត្តមាន​ចិន​នៅ​តំបន់​មាន​ជម្លោះ។ នេះដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​អាមេរិក លោក Jeff Davis បាន​និយាយ​ថា យាន​​មុជ​ទឹក​នោះ ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៩០​គីឡូ​ម៉ែត្រ ភាគ​ខាង​និរតី​នៃ​ឆក​សមុទ្រ​ស៊ូប៊ិក ស្ថិត​ក្នុង​ទឹក​ដី​ហ្វីលីពីន កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍​កន្លង​មក ដោយ​មិន​មាន​ឧបទ្ទវ​ហេតុ​ហឹង្សា​​នោះ​ឡើយ។

បើតាម​មន្ទីរ​បញ្ចកោណ យានមុជ​ទឹក​ទាំង​ពីរ​គ្រឿង​នោះ តែងតែ​ចុះ​ប្រមូល​ព័ត៌មាន​ស្ដី​ពី​សីតុណ្ហភាព​ទឹក កម្រិត​ជាតិ​អំបិល និង​គុណភាព​ទឹក​សមុទ្រ។

នាវា​មុជ​ទឹក​ចិន Dalang-III បាន​រឹប​អូស​យក​យាន​មុជ​ទឹក​អាមេរិក​នៅ​ចម្ងាយ ៥០០​ម៉ែត្រ​ពី​នាវា​ Bowditch របស់​អាមេរិក។ ចំណែក​យាន​មុជ​ទឹក​មួយ​គ្រឿង​ទៀត​របស់​អាមេរិក បាន​ត្រឡប់​ទៅ​នាវា​របស់​ខ្លួន​វិញ​ដោយ​សុវត្ថិភាព។

លោក Davis បន្ថែម​ថា លោក​មិន​អាច​ចាំ​បាន​ទេ​នូវ​ករណី​បែប​នេះ​បាន​កើត​ឡើង​នោះ ហើយ​មន្ទីរបញ្ចកោណ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​អំពាវ​នាវ​ទៅ​ក្រុង​ប៉េកាំង ឲ្យ​ប្រគល់​យាន​ដែលខ្លួន​ដណ្ដើម​យក “ដោយ​ខុស​ច្បាប់”​នោះ ទៅ​ឲ្យ​អាមេរិក​ “ជា​បន្ទាន់”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ