ចិនគ្រោងប្រគល់រថយន្ត៤០គ្រឿង និងសម្ភារៈផ្សេងទៀតដល់ គ.ជ.ប

គ.ជ.ប

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ប្រកាស​ថា រដ្ឋាភិបាល​ចិន​គ្រោង​នឹង​ប្រគល់​សម្ភារៈ​ផ្សេងៗ​ដល់​ស្ថាប័ន​មួយ​នេះ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ​ខាង​មុខ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គ.ជ.ប បាន​ប្រកាស​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ខែ​ធ្នូ គ.ជ.ប នឹង​មាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​សម្ភារ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ប្រាប់​វីអូឌី​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ប្រទេស​ចិន​បាន​ផ្ដល់​រថយន្ត​ចំនួន ៤០​គ្រឿង និង​សម្ភារៈ​ជាច្រើន​ទៀត មាន​តម្លៃ​ស្មើ​នឹង ១១​លាន​ដុល្លារ ដែល​លោក​ថា នេះ​គឺ​ជា​ការ​ផ្ដល់​ជំនួយ​លើក​ទី ៣ របស់​ប្រទេស​ចិនដល់​​ស្ថាប័ន​រៀបចំការ​បោះ​ឆ្នោត​មួយ​នេះ។

លោកបញ្ជាក់ថា៖ ​“មិនមានលក្ខខណ្ឌអីទេ គឺចិនចង់ពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជា… សម្ភារៈ​ដែលគេផ្តល់ឱ្យមានដូចជា ​រថយន្ត​ប្រភេទ​ចម្រុះ​ចំនួន ៤០គ្រឿង​ បរិក្ខាការងារ​ ទូរទស្សន៍ ​តុ​កៅអី ​និងសម្ភារៈមួយ​ចំនួនទៀត ​សរុបជាទឹកប្រាក់ចំនួន ១១លានដុល្លាអាមេរិក”។

កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយជាសម្ភារៈដល់ គ.ជ.ប ចំនួន១០មុខម្តងរួចមកហើយ។ ជំនួយទាំងនោះ រួមមាន ម៉ាស៊ីនភ្លើង ១៧០គ្រឿង កុំព្យូទ័រ ៥៥គ្រឿង កុំព្យូទ័រយួរដៃ ៣០គ្រឿង ម៉ាស៊ីនព្រីន ៥៥គ្រឿង មាស៊ីនព្រីនខូល័រ ២០គ្រឿង ម៉ាស៊ីន​ស្កែន ៤០គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ ៣៧គ្រឿង ផ្ទាំងក្រណាត់បញ្ចាំងស្លាយ ៣៧គ្រឿង ម៉ាស៊ីនហ្វូតូកូពី ២គ្រឿង និង​ឧបករណ៍​បំពង​សំឡេង ៨គ្រឿង។

គួរបញ្ជាក់ថា ចាប់តាំងពីដំណើរការងារដំបូងរបស់ខ្លួន គ.ជ.ប ពឹង​ផ្អែកយ៉ាងខ្លាំងលើជំនួយបច្ចេកទេស​និងសម្ភារៈបានមកពីសហភាពអឺរ៉ុប​និ ងជប៉ុន​ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ