សៅ វណ្ណា​​​​ ថាកូន​ទើបនឹង​កើតជាអ្នក​​ជួយ​អោយ​ខ្លួនបានឡើង​វគ្គ​​១ភាគ៤

កីឡាករ​​​ សៅ វណ្ណា (សុខ ឆាយ)

មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់ពី​ការ​វាយ​ឈ្នះរបស់កីឡាករ​​​ សៅ វណ្ណា កាលពីល្ងាចថ្ងៃទី​​​១៦ ធ្នូ​​ នៅក្នុងព្រឹត្តិកាណ៍​​ប្រកួតជម្រុះ​កីឡាករជើងខ្លាំង​ក្នុងវគ្គ​​​៨នាក់​យក​តែ​​៤នាក់ នៅប៉ុស្ដិ៍លេខ​​​៥​ ដើម្បីស្វែងរកជើងខ្លាំង​​អោយមានសិទ្ធិ​ឡើងទៅប្រកួត​បន្ត​​​​ក្នុង​​​​​​​​ជំហាន​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ កីឡាករ​ សៅ វណ្ណា គឺជាកីឡាករ​​​​​ចុងក្រោយតែម្នាក់គត់ ដែលបាន​វាយឈ្នះគូប្រកួតជាជើងខ្លាំងហើយបាន​ឡើងទៅវគ្គ​​៤នាក់​​​​ដែល​​​ ជាវគ្គដ៏សំខាន់។

យ៉ាងណាមិញ ក្រោយជ័យជម្នះ ​​លោកបែរជា​បានប្រកាសថា​​​​ហេតុ​ផលដែលលោកបានឈ្នះ គឺដោយសារតែ​កូនប្រុស​​​របស់លោកដែល​​​ទើបនឹង​​កើតនៅមន្ទីរពេទ្យ​​កាល់ម៉ែត្រក្នុងពេលលោកកំពុងប្រកួតនោះប៉ុណ្ណោះ ដោយសារតែមុន​ឡើងរេញ គឺលោក​​ហ្វឹកហាត់បាន​តែ​២ថ្ងៃគត់ ហើយការ​ហ្វឹកហាត់ក៏មិនសូវ​​ដិត​​ដល់។

កីឡាករ សៅ វណ្ណា បានប្រកាស​ក្រោយវាយឈ្នះកីឡាករ ពុយ វណ្ណៈ ​​​ក្រោយ​បញ្ចប់​​​៣ទឹកដោយពិន្ទុថា ​​​ក្នុងចំណោម​ការប្រកួតទាំង​អស់ដែលបានធ្វើ​​​ឡើងនៅប៉ុស្ដិ៍លេខ​​៥ លោកចាត់ទុកថា​ការប្រកួតរបស់លោក​ក្នុងវគ្គជម្រុះ​​​​៨នាក់​យក​៤នាក់ គឺជាការប្រកួតលើកដំបូងដែលលោកបាន​ធ្វើការ​ហ្វឹកហាត់តែ​​២ថ្ងៃគត់ ក្នុងពេលដែលការ​ហ្វឹកហាត់នោះទៀតសោត គឺលោកប្រាប់ថា​ក៏មិនសូវ​​បាន​ជាប់លាប់នោះដែរ។

លោកថា​ហេតុផលដែលលោកអត់បានហ្វឹកហាត់ដិត​ដល់ គឺដោយសារតែក្នុង​ប៉ុន្មានថ្ងៃនេះ លោកមាន​ការ​​​រវល់​យ៉ាងខ្លាំង​​​​​​​​ដោយសារតែភរិយារបស់លោក​ទើបតែកើតកូនប្រុស​​​ និង​កំពុងស្ថិតក្នុងសម្រាកនៅក្នុងមន្ទីរពេទ្យ​កាល់ម៉ែត្រ។ ​លោក​​​​ថាដោយសារ​ភរិយា​​​​​មានធុរៈប្រសូត្រ​​កូនប្រុស​​​​​​ដំបូង គឺលោកអត់មាន​​ពេលវេលា និងកម្លាំងចិត្ត​ក្នុងការ​ហ្វឹកហាត់នោះទេ ​ដោយត្រូវរត់ចុះរត់ឡើង​ទៅពេទ្យកាល់ម៉ែត្រផង និង​​​​រត់ទៅ​​ហ្វឹកហាត់​ផង ហើយ​ព្រលឹង​ និងបេះដូង​ក៏មិនសូវ​​មាន​​​​​ស៊ប់នឹងការ​​​ហ្វឹកហាត់ដូច​មុន។

យ៉ាងណាមិញ លោកថា​លោកមានឆន្ទៈចង់ឈ្នះ​ការប្រកួត ដោយសារតែលោក​​ត្រូវកា​រឱកាសឡើងប្រកួត​បន្តនៅប៉ុស្ដិ៍លេខ​​៥ ​​បន្ទាប់ពីលោកក៏មានឈ្មោះ​បាន​ប្រកួត​ជម្រុះ​​តាំង​ពីដំណាក់កាល​​៣២​​នាក់​ ​​យក​​​​​៨នាក់ និង​​ត្រូវប្រកួត​​​ពី​​៨នាក់យក​​​៤នាក់ ដែលជាវគ្គសំខាន់​ឆ្ពោះទៅរក​ដណ្ដើមពាន​​​កាលពីថ្ងៃទី​​​​១៦ ធ្នូ ដែលជាថ្ងៃកូនប្រុស​របស់លោកទើបនឹងសម្រាល ហើយភរិយា​​របស់លោកស្ថិតនៅ​មន្ទីរពេទ្យកាល់ម៉ែត្រ។

លោកថា​មុនពេល​ឡើងរេញលោកបាន​និយាយជាមួយកូនប្រុស​​លោក​ថា បើ​​​​​កូនប្រុស​ពិតជា​ចង់អោយ​​​ប៉ា​​​មានលុយ​​​​យកមក​មើលថែកូន និង​ចង់អោយអោយប៉ាមានការ​​​​​​​ឱកាសបាន​ប្រកួត​​​​​​នៅប៉ុស្ដិ៍លេខ​​៥​បន្តទៀត សូមកូនជួយអោយ​ប៉ា​ឈ្នះ​​​គូប្រកួត ​​​​​ព្រោះប៉ាអត់បាន​ហ្វឹកហាត់ទេ។

​​ការប្រកាស​របស់លោកត្រូវបាន​អ្នក​ទស្សនា​ស្រែក​​​និងទះដៃលាន់ពេញ​សាលប៉ុស្ដិ៍​លេខ​​៥ ដែលការប្រកួត​នេះ​គឺជាលើកទី​​១ដែលគេឃើញ​កីឡាករឆ្លងផុតការប្រកួតជម្រុះ តាំងពី​ប៉ុស្ដិ៍លេខ៥​បាន​បើកការប្រកួតជ្រើសរើសជើងឯក​​​​​ក្នុងប្រភេទទម្ងន់​៦៥គីឡូក្រាម ហើយ​ប្រើរូបមន្តប្រកួត​ចាញ់ធ្លាក់ៗ​តាំងពី​កីឡាករ​​សរុបចំនួន​​៣២រូបនៅសល់ ត្រឹមតែ៤រូប ក្រោយការប្រកួតថ្ងៃទី​​១៦ ធ្នូមុននេះ។

កីឡាករ​ សៅ វណ្ណា នៅតែបានប្រកាសថា​ជ័យជម្នះ​ដែលខ្លួនទទួលបានគឺដោយសារតែកម្លាំង​​ចិត្ត​ប្រ
ពន្ធ និងពីកូនប្រុស ដោយសារតែលោកស្ថិតក្នុងការ​​​​​​ការត្រូវការ​លុយ​​​ច្រើន​នៅក្នុងពេលនេះ ដើម្បី​មើលថែ​​ប្រពន្ធមើលកូន។

លោកថា​បើលោកប្រកួតចាញ់ គឺស្មើនឹងលោក​​បាត់បង់ឱកាសឡើងប្រកួតយកពាន​ ហើយ​អោយតែលោក​​បានឡើងគឺ​ទោះជាការប្រកួត​ក្នុងពេលខាង​មុខ​ទទួលបានលទ្ធផល​​យ៉ាងណាក៏ដោយ ក៏អត់ភ័យរឿងធ្លាក់​ហាលអាវដូចមុនទៀតដែរ គឺអន់ណាស់ក៏បាន​​លេខ៤ក្នុងចំណោម​៤នាក់ ដែលមានប្រាក់លើកទឹកចិត្ត​បន្ថែមពីលើតម្លៃខ្លួន
ដែលលោកបាន​ហៅ​​​​​ឱកាសទទួលបានប្រាក់កាសនោះថា នឹងជួយអោយលោកបានបំពេញតម្រូវការ។

លោកថា​​សប្បាយចិត្ត​ដែលបានប្រកួតឈ្នះ​​​ ហើយបានឡើងទៅវគ្គ​៤នាក់ចុងក្រោយ ​​ប៉ុន្តែបើគ្មានកម្លាំងរឿងចង់បាន​លុយជួយកូន និងភរិយា ដែលស្ថិតនៅ​ពេទ្យ​​​សម្រាលកូន គឺប្រហែលជាលោក​​មិនអាច​​​​​​​​​​​​យកឈ្នះលើ ពុយ វណ្ណៈ បានទេ។

​លោកបានប្រកាស​​ដាក់ក្បាលមេក្រូថា ការរស់នៅភ្នំពេញ លោកមានលទ្ធភាពជួល​ផ្ទះ​​រស់នៅត្រឹមតែតម្លៃមួយខែ​​​១០ម៉ឺនរៀលប៉ុណ្ណោះ ដោយស្ថានភាពរស់នៅរបស់លោកគឺមានការលំបាកខ្លាំង ទើប​លោកប្រកាស​ថាប្រកួតឈ្នះ​​​ហើយឈានទៅវគ្គ​​១​ភាគ​៤កាលពីយប់ថ្ងៃទី​​១៦ធ្នូ គឺជាឱកាសដែលជួយអោយលោកបានលុយ​​បន្តទៀតពីប៉ុស្ដិ៍លេខ​​៥ ក្នុងពេលដែលលោកប្រកាសថា​​​បើ​ធ្លាក់ការប្រកួត​ក្នុងវគ្គ​​​៤នាក់​​នាថ្ងៃនោះវិញ​ គឺមិនដឹងថា​លោកនឹង​រហូតដល់ពេលណា​ទើបមានការ​ផ្គូរផ្គង​អោយ​បានប្រកួតនោះទេ ​ដោយសារតែ​​លោកគឺកីឡាករ​ជាប់កុងត្រា​ប្រកួត​ជើងឯកនៅ​ប៉ុស្ដិ៍លេខ​​​៥ ​ដែលហោចណាស់ក៏ឈានដល់​​​១ខែទៅ​​២ខែក្រោយ ទើបមានការ​ប្រកួតនោះ។

លោកថាចាត់ទុក​ថា​ជ័យជម្នះរបស់ខ្លួន កើតឡើងដោយសារតែកូនប្រុសដែលទើប​នឹង​កើត ដោយ​លោក​បញ្ជាក់ថា បើ​​​មិនមែន​កម្លាំងចិត្ត​ជំរុញអោយលោក​​ចង់ឈ្នះអោយបានដាច់ខាត ក៏ប្រហែល​ជាលោកមិនអាចប្រឹង​ប្រកួត​​​​រហូតបានជោគជ័យ ​​ក្នុងពេលដែលលោកហ្វឹកហាត់បានតែ​​២ថ្ងៃ​មិនជាប់លាប់មុន​​​​​ឡើងរេញនោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ