លោក ហ៊ុន សែន៖ វិធី​មាន​តែ​មួយ គឺ​បង្កើត​បក្ស​ថ្មី

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចែក​ស្រោម​សំបុត្រ​ទៅ​ដល់​កម្មការិនី អំឡុង​ពិធី​សំណេះ​សំណាល​ជាមួយ​ពួកគេ​នៅ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៧។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​សមាជិក​អតីត​បក្ស​ប្រឆាំង ឲ្យ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ទៀត សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ខាង​មុខ ដោយ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​អាចកើត​ឡើង​វិញ​ឡើយ ក្រោយ​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ។

ថ្លែង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​មក​ពី​តាម​បណ្ដា​រោងចក្រ​កាត់ដេរ​នានា​ នៅ​​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​អាច​កើត​ឡើង​វិញ​ឡើយ បន្ទាប់​ពី​សាល​ដីការ​តុលាការ​កំពូល​បាន​ចូល​ជា​ស្ថាពរ​ហើយ​នោះ។

សារព័ត៌មាន​ Fresh News ដែល​តែង​តែ​អះ​អាង​ថា បាន​សម្ភាស​ផ្ដាច់​មុខ​ជាមួយ​លោក ហ៊ុន សែន នោះ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា លោក​នាយករដ្ឋ​មន្ត្រី​​ នៅ​ថ្ងៃ​នេះ បាន​ណែនាំ​ទៅ​សមាជិក​អតីត​បក្ស​ប្រឆាំង ឲ្យ​បង្កើត​បក្ស​ថ្មី​សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

លោក ហ៊ុន សែន ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​ Fresh News ដែល​បាន​ថ្លែង​ថា​៖ «ខ្ញុំ​សូម​ឲ្យ​យោបល់​ខ្លះៗ​ដែល​អាច​មាន​ប្រយោជន៍ ហើយ​កុំ​ឲ្យ​ខាត​ពេល​ច្រើន គឺ​មាន​តែ​វិធី​មួយ​គត់ គឺ​បង្កើត​បក្ស​ថ្មី​ចូល​រួម​ប្រកួត​ប្រជែង​តាម​លក្ខណៈ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ការបោះ​ឆ្នោត​ខាង​មុខ គឺ​វា​ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​មិន​ពិត ហើយ​ខាត​​បង់​ពេល​វេលា​កាន់​តែ​ច្រើន»។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លង​មក​នេះ ខណៈ​ដែល​​មេដឹកនាំ​បក្ស​នេះ គឺ​លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​មក។

ជាង​នេះ​ទៅ​ទៀត ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​ប្រឆាំង​មួយ​នេះ ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ។

ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បក្ស​ប្រឆាំង​នា​ពេល​ថ្មីៗ​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ និង​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មក​លើ​ប្រទេស​មួយ​នេះ បន្ទាប់​ពី​ពួកគេ​មើល​ថា កម្ពុជា​បាន​ដើរ​ឃ្លាត​ចាក​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ