លោក មាជ សុវណ្ណារ៉ា ខក​ចិត្ត​ចំពោះ​ការពន្យារពេលចរចាដោះលែងអ្នកជាប់ឃុំ

សកម្មជនគណបក្ស​សង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា កាលពីពេលកន្លងទៅ

មន្ត្រីគណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឃុំ​ បាន​ថ្លែង​ថា​លោក​ខកចិត្ត​ទៅ​នឹង​ការ​ពន្យារពេលនៃ​​ជំនួប​រវាងអ្នកនយោបាយ បន្ទាប់ពីមាន​ការ​គំរាម​ពី​លោក​ ហ៊ុន​ សែន ​ពី​ក្រៅ​ប្រទេស។

មន្ត្រី​គណបក្ស​ប្រឆាំង​លោក មាជ​ សុវណ្ណារ៉ា​ បាន​ថ្លែង​មុន​សវនាការ​​នៅ​តុលាការ​កំពូល នៅព្រឹកនេះថាការពន្យារនៃ​ជំនួប​រវាង​ លោក កឹម សុខា និងលោក ស ខេង គឺដោយ​សារ​តែការ​ថ្លែង​របស់​លោក​ ហ៊ុន សែន​ ពី​ក្រៅប្រទេស​ថា មិន​​ចង់ចង់​ជួប​សន្ទនា​ជា​មួ​យ​បក្ស​ប្រឆាំង​ទៀត​ទេ។ លោក​ថា​រូប​ភាព​នេះ​បាន​បង្ហាញ​ថាអំណាច​ទាំង​៣​របស់កម្ពុជា​កំពុង​ស្ថិត​ក្រោម​អំណាច​របស់​លោក ហ៊ុន សែន​ តែ​ម្នាក់។

បន្ទាប់​ពី​ចប់​សវនាការលោក មាជ​ សុវណ្ណារ៉ា បាន​បន្ថែម​​ថា រឿងរបស់​លោក​ជា​រឿង​​នយោបាយ​ដែល​ត្រូវដោះ​ស្រាយ​តាម​របៀប​នយោ​បាយ ហើយថា​បើ​ស្ថានការណ៍នយោបាយដូច​បច្ចុប្បន្ន​​នេះ​ ក្តី​សង្ឃឹម​​របស់​ពួក​លោក​ដែល​អាច​ចេញ​ពីពន្ធ​នាគារ​ គឺគ្មាន​ទាល់​តែ​សោះ​។

លោក​ថា៖ «រឿង​នយោ​បាយ​ត្រូវ​ដោះ​ដោយ​​នយោបាយ ហើយ​ពី​របីថ្ងៃ​នេះ​ លោក ហ៊ុន សែន និង​ ស ខេង ហាក់​ដូច​ជា​មិន​ស៊ី​ខ្សែគ្នា អា​រឿង​ជំនួប​កំពូល​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណប្រជា​ជន​នៅ​ថ្ងៃ​ទី​២៥ មករា​ ចុះ​ថ្ងៃ​ទី​១៧ ហើយ​អាច​ថ្ងៃ​ទី​១៧ ហ្នឹង​លុប​ចោល​វិញ គឺ​ថា​អំណាច​នីតិបញ្ញាត្តិ​ នីតិ​ប្រតិបត្តិ​ និង​តុលាការ​ហ្នឹង នៅ​លើ​តុលាការ​តែ​ម្នាក់​ឯង​»។

អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជាលោក ឈឹម ផល​វរុណ ថា​ការ​អនុវត្ត​ទោសលើ​លោក​ មាជ សុវណ្ណរ៉ា និង​មនុស្ស​មួយ​ចំនួន​ទៀតដែល​កំពុង​ជាប់ពន្ធនាគារ​ គឺ​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​តុលាការ ហើយថា​ការ​ចរចា​នយោបាយ​មិន​អាច​ជួយ​អ្នក​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​បាន​នោះ​ទេ។

លោក​ថា៖ «ការ​លើក​ឡើង​របស់​លោក មាជ សុវណ្ណារ៉ា​ គឺ​គាត់​កំពុង​តែ​ភ្លេច​ខ្លួន​ឯង​ថា​គាត់​បាន​ប្រព្រឹត្ត​បទ​ល្មើស បើគាត់​ចាត់​ទុក​ថា​គាត់​ជា​រឿង​នយោបាយ មិន​មែន​សំដៅថា​គាត់​ជាអ្នក​នយោបាយ​នោះទេ អ្នក​នយោបាយ​ក៏​អាច​មាន​ទោស​និង​មាន​ពិរុទ្ធភាព​ក្នុង​ករណី​ដែល​គាត់​ធ្វើ​អំពើ​ប្រឆាំង​ច្បាប់ដូច្នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់​ហើយ​មិន​អាច​យក​យន្ត​ការនយោបាយមក​ដោះ​ស្រាយអំណាច​តុលាការ​បាន​ជា​ដាច់​ខាត»។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក សូ ចន្ថា បានលើក​ឡើង​កាលពី​ម្សិល​មិញ​ឲ្យ​វី​អូ​ឌី​ដឹង​ថា ការ​ដែល​​ពន្យារពេល​នៃ​ការ​ចរចារ​នេះគឺ​ដោយ​សារ​ទទួល​រង​ឥទ្ធិពល​ពី​លោក ហ៊ុន សែន​ ដែលថ្លែងពីក្រៅប្រទេស។​ លោក​បន្ថែម​ទៀត​ថាតាម​រយៈការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន នោះ​គឺ​វា​បាន​បង្ហាញ​ថា​បក្ស​កាន់​អំណាច​គ្មាន​ជំហរ​ណា​មួយ​ចង់​ឲ្យ​អ្នក​ដែល​ជា​ឃុំ​ទាំង​ប៉ុន្មាន​នាក់​នោះ​ត្រូវ​រួច​ខ្លួន​នោះ​ទេ ហើយព្យាយាម​រក​មធ្យោបាយ​ធ្វើ​ឲ្យ​បក្សប្រឆាំង​ចុះ​ខ្សោយ​ទៀតផង។ ​

លោក​ថា៖ «បើ​យើង​មើល​ទៅ​បក្ស​កាន់​អំណាច​ហាក់​ដូច​ជា​មិន​មាន​ជំហរ​ណា​មួយ​ចង់​ឲ្យអ្នក​ទោស​មនសិកា​ទាំង​អស់​នោះ​ត្រូវ​បាន​ដោះ​លែង​នោះ​ទេ ដោយ​ហេតុ​នេះ​ហើយ​យើង​ញ​ថា បក្ស​កាន់​អំណា​ច​មិន​យក​យន្ត​ការ​ដែលមា​ន​ស្រាប់​ឬ​ក៏​ប្រើ​ប្រាស់​វប្បធម៌​សន្ទនា​ដើម្បីដោះ​ស្រាយ​បញ្ហា​នោះ​ទេ ក៏​ប៉ុន្តែ​ព្យា​យាម​ធ្វើ​ឲ្យ​ដៃ​គូរ​របស់​ខ្លួន​ចុះ​ខ្សោយ​និង​អស់​ឥទ្ធិពល​ទៀត​ផង​»។

គួរបញ្ជាក់ថាជំនួបរវាងគណបក្សប្រជាជននិងបក្សប្រឆាំង​ដែលគ្រោងនឹង​ត្រូវជួបគ្នា​នៅថ្ងៃទី​២៥ មករា ខាងមុខត្រូវបានលើកពេលវិញដោយមិនបញ្ជាក់ពីមូលហេតុ។

តែការលើកពេលនេះធ្វើឡើងបន្ទាប់ពីមានសារគំរាមរបស់លោក ហ៊ុន សែន ពីក្រៅ​ប្រទេស​ថា​លោក​​លែងចង់ជួបចរចារជាមួយបក្សប្រឆាំងទៀតហើយ ដោយថា មកពី​បក្សប្រឆាំង​តែងតែ​ប៉ុន​ប៉ង​​ប្រើប្រាស់ការចរចានេះ ឲ្យដោះលែងមនុស្សមួយចំនួន ដែលលោក ហ៊ុន សែន ថា​ជា​ការ​បំពានដល់អំណាចតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ