អ្នកឃ្លាំមើលការបោះឆ្នោតថាដំណើរការដោះស្រាយបណ្ដឹងមិនទាន់មានតម្លាភាព

ក្រុមអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត (ពេជ្រ ចំរុង)

ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ដំណើរការនៃការដោះស្រាយបណ្ដឹងដោយអាជ្ញាធរមូលដ្ឋាន ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត គឺមិនទាន់បង្ហាញពីតម្លាភាពនោះទេ ខណៈបណ្តឹងរបស់គណបក្សប្រឆាំងរាប់រយបណ្តឹងឲ្យលុបឈ្មោះជនបរទេសចេញពីបញ្ជីបោះឆ្នោត ត្រូវបានច្រានចោលដោយក្រុមប្រឹក្សាឃុំ-សង្កាត់។

នៅក្នុងរបាយការណ៍សង្កេតការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងរបស់អង្គការខុមហ្វ្រែល ចេញផ្សាយថ្ងៃអង្គារ ម្សិលមិញ បង្ហាញថា នីតិវិធីដោះស្រាយបណ្ដឹងជំទាស់លើអ្នកចុះឈ្មោះបោះឆ្នោត ដែលថាមានសញ្ជាតិខ្មែរខុសប្រក្រតី ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាទូទៅ មិនបានកោះហៅគូភាគី និងចុងចម្លើយមកសួរដេញដោលក្នុងកិច្ចប្រជុំសម្រេចនោះទេ។

បើតាមរបាយការណ៍នេះ អ្នកដាក់ពាក្យបណ្ដឹងមានការសង្ស័យពីភាពត្រឹមត្រូវនៃការទទួលបានសញ្ជាតិខ្មែររបស់ជនបរទេស ខណៈក្រុមប្រឹក្សាឃុំ-សង្កាត់មិនបានសួរនាំអំពីឯកសារផ្លូវច្បាប់របស់ជនបរទេសទាំងនោះទេ ដោយថា ភាគច្រើនគ្រាន់តែពិនិត្យលើអត្តសញ្ញាណប័ណ្ណស្រាប់ៗប៉ុណ្ណោះ។

របាយការណ៍អង្គការខុមហ្រែលឲ្យដឹងទៀតថា ក្រុមប្រឹក្សាឃុំ-សង្កាត់ មិនដែលយល់ព្រមតាមបណ្ដឹងជំទាស់សុំឲ្យលុបឈ្មោះជនបរទេសឡើយ។ ផ្ទុយទៅវិញ បែរជាចុងចម្លើយប្ដឹងបកមកដើមចោទវិញពីបទបរិហារកេរ្ដិ៍ ដូចជា ករណីនៅខេត្តសៀមរាប និងព្រះវិហារ ជាដើម។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញ លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​​សេរី​ និង​ត្រឹមត្រូវ​ ហៅ​កាត់​ថា​ «និកហ្វិក» ឲ្យដឹងថា សមដំណើរការដោះស្រាយបណ្ដឹងជំទាស់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺមានកំហុសឆ្គងមួយចំនួន។ លោកថា បញ្ហាទាំងនោះមានដូចជា គ.ជ.ប មិនបានកោះហៅចុងចម្លើយទាំងអស់មកបំភ្លឺនៅក្នុងសវនការ និង រយៈពេលនៃការដោះស្រាយបណ្ដឹងជំទាស់លឿនពេក ។

លោកថា៖ «តាមពិតក្នុងសំណុំរឿងមួយៗ គ.ជ.ប ដែលគេប្ដឹងថាប៉ុន្មាននាក់សង្ស័យថាមិនមានសញ្ជាតិខ្មែរ សំណុំរឿងមួយ ៣៧នាក់​ ឬ ក៏២៥នាក់អ៊ីចឹង គួរតែហៅមនុស្សដែលពាក់ព័ន្ធទាំងអស់នោះ មកម្ដងម្នាក់ ឆ្លើយបំភ្លឺ បញ្ជាក់ថា គាត់ពិតជាមានសញ្ជាតិខ្មែរមែន ដើម្បីបំភ្លឺប្រាប់ដើមបណ្ដឹង។ បណ្ដឹងមួយៗ ខ្ញុំមើលរយៈពេលដោះស្រាយក្នុងសំណុំរឿងមួយៗ ប៉ុន្មានពី១០ ទៅ ២០នាទីហ្នឹង  ចន្លោះប៉ុណ្ណឹង លឿងហ្នឹងចប់ហើយ។ នៅថ្នាកឃុំក៏អ៊ីចឹងដែរ ក្រុមប្រឹក្សាប្រជុំសម្រេច លើកដៃសម្រេចតែម្ដង»។

លោក គង់ ម៉ាក់ មន្ដ្រីនាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្រ្គោះជាតិ អះអាងថា ទាក់​ទង​នឹងបណ្ដឹងជំទាស់ គ.ជ.ប មិនបានកោះហៅចុងចម្លើយជាជនបរទេសពិតប្រាកដមកនោះទេ ដោយលោកថា គឺកោះហៅតាមតែការរៀបចំរបស់មន្ដ្រីក្រុមប្រឹក្សាឃុំសង្កាត់ប៉ុណ្ណោះ។

លោកថា៖ «ការធ្វើសវនាការនៅ គ.ជ.ប ខ្ញុំសង្កេតឃើញ គឺការដេញដោលអី ហើយសាក្សីភាគច្រើន និងចុងចម្លើយ គឺអត់មក ហៅឧទាហរណ៍ ២០នាក់ទៅប្ដឹងអ៊ីចឹងគាត់ហៅមកតែ៣នាក់ទេ អ្នកប៉ុន្មានទៀត គឺអត់បានហៅ កន្លែងហ្នឹង ដែលខ្ញុំសំគាត់ថារើសមនុស្សដែលត្រូវឡើងមក ជួលកាលគាត់ខ្មែរ ដល់ពេល យើងដឹងថាម្នាក់ហ្នឹងយួនហើយ ប៉ុន្ដែឈ្មោះដូចគ្នា មេឃុំគេអាចធ្វើលិខិតមួយ select យកខ្មែរ ដែលគាត់អត់ដឹងអីទេអញ្ជើញគាត់ឡើងមក គ.ជ.ប ថ្នាក់ជាតិនេះ តែឈ្មោះយួនដែលពិតប្រាកដអត់បានបញ្ជូនមកទេ។  ខ្ញុំឃើញសវនការដេញដោល គឺខ្មែរនិយាយច្បាស់ហ្មង មិនមែនយួន គឺខ្មែរ»។

អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គជប មិនមានសមត្ថកិច្ចត្រួតពិនិត្យលើលក្ខខណ្ឌ​របស់ជនបរទេសនៃ​ការចូល​សញ្ជាតិនោះទេតែលោកសង្ឈឹមថា ការងាររបស់គជប នឹងអាចទទួលយកបាន​។

លោកថា៖ «គ.ជ.ប មិនមានពេលវេលាច្រើនដូចខាងតុលាការទេ ប៉ុន្ដែ គ.ជ.ប សង្ឃឹមថាអ្វីជាការចាប់ផ្ដើមយ៉ាងហោចបានទទួលគាំទ្រច្រើនពីសាធារណៈមតិជាតិ និងអន្ដរជាតិ។ គ.ជ.ប នេះជា គ.ជ.ប មានកំណែទម្រង់ អ៊ីចឹង គ.ជ.ប នឹងសង្ឃឹមថា នឹងទទួលយកបានលទ្ធផលបោះឆ្នោត ពីសាធារណជនផងដែរ»។

លោក គល់ បញ្ញា នាយកប្រតិប្រតិបត្ដិអង្គការខុមហ្វ្រែល និយាយថា ច្បាប់កម្ពុជាថា បានកម្រិតដែនសមត្ថកិច្ច របស់ គ.ជ.ប មិនឲ្យសើរើលើលក្ខខណ្ឌជនបរទេសក្នុងការសុំចូលសញ្ជាតិខ្មែរ។

លោកថា៖ «វាមានបញ្ហាប៉ះពាល់ទៅលើដំណើរការដោះស្រាយវិវាទទាក់ទិនបណ្ដឹងជំទាស់ហ្នឹងហើយ វាបញ្ហារឿងតម្លាភាព ដែលធ្វើឲ្យភាគីបណ្ដឹងមិនទាន់អស់ចិត្ត ពិតជាមានសញ្ជាតិខ្មែរមែនឬអត់។ ត្រង់ហ្នឹងបញ្ហាជជែកគ្នាពីសមត្ថកិច្ច គ.ជ.ប ថាតើសមត្ថកិច្ចរបស់ គ.ជ.ប។ គ.ជ.ប ត្រូវធ្វើការអង្កេតបន្ថែមទៅលើបញ្ហាសញ្ជាតិដែរឬអត់»។

គជប កំពុងតែបន្ត សវនការតាំងពីថ្ងៃទី១៦ ខែមករា ដល់១៩ខែមករា ទៅលើប្តឹងដែលភាគច្រើនជារបស់គណបក្សប្រឆាំង ដោយសុំ​​ឲ្យលុបឈ្មោះមនុស្សរាប់រយនាក់ដែលគេ​សង្ស័​យ​ថា ជាជនជាតិវៀតណាមបន្លំចុះឈ្មោះបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ