តុលាការ​កោះ​ហៅ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ផ្ដល់​សក្ខីកម្ម​ក្នុង​សំណុំ​រឿង​មេបក្ស​ប្រឆាំង

អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច ដែល​ជា​អតីត​សហការី​របស់​លោក កឹម សុខា នោះ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី នៅ​ក្នុង​សំណុំ​រឿង «ក្បត់​ជាតិ» ​ប្រឆាំង​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង។

ក្នុង​ដី​កោះ​កាល​ពី​អង្គារ​កន្លង​មក​នេះ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក គី ឫទ្ធី បាន​កោះ​ហៅ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ឲ្យ​ចូល​បំភ្លី​​នៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ក្នុង​នាម​ជា​សាក្សី​នៃ​សំណុំ​រឿង​ប្រឆាំង​លោក កឹម សុខា ដែល​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។

តុលាការមិនបានបញ្ជាក់ថា នឹងសាកសួរលោក ឈឹម ផវរុណ លើចំណុចអ្វីខ្លះពាក់ព័ន្ធសំណុំរឿងលោក កឹម សុខាទេ។ ប៉ុន្តែ​ មេធាវី​លោក កឹម សុខា គឺលោក ហែម សុជាតិ​ បាន​ឲ្យ​ដឹង​កាលពីពាក់កណ្តាលខែធ្នូ​ឆ្នាំ​មុន​ថា ចៅក្រម​បាន​សួរ​កូនក្តី​របស់​លោក ពី​ដំណើររឿង​នៃ​​ការ​ងារ​របស់​លោក កឹម សុខា ​កាលពី​នៅជាប្រធានមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​់

លោក​ ឈឹម ផវរុណ បាន​ឲ្យ​វី​អូ​ឌី​ដឹង​​នៅ​ថ្ងៃ​នេះ​ថា លោក​បាន​ទទួល​ដី​កា​​កោះ​រួច​ហើយ និង​រង់​ចាំតែ​ថ្ងៃ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ប៉ុណ្ណោះ។

លោក​ថា៖ «នឹង​ចូល​រួមបំពេញ​កាតព្វកិច្ច​ជាពល​រដ្ឋ​ខ្មែរ​ យើង​រស់​នៅ​កម្ពុជា​ត្រូវ​គោរ​ព​តាម​ច្បាប់​កម្ពុជា»។ ​​

លោក ឈឹម ផលវរុណ គឺ​ជាអតីត​បុគ្គលិក​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​កម្ពុជា អំឡុង​ពេល​មជ្ឈ​មណ្ឌល​មួយ​នេះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក កឹម សុខា។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​ប្ដឹង​ប្រឆាំង​នឹង​លោក កឹម សុខា ផង​ដែរ​កាល​ពី​ឆ្នាំ​២០០៦ ដោយ​ចោទ​លោក កឹម សុខា​ ថា បាន​កេង​បន្លំ​ប្រាក់​ជំនួយ​អង្គការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ