ប្រមុខ​ការទូត​ថា ទួរគី​គោរព​អធិបតេយ្យ​ភាព​កម្ពុជា ជុំ​វិញ​វិធាន​ការ​នានា​​កាល​ពី​ឆ្នាំ​មុន

ឯកអគ្គរដ្ឋទូតទួរគីប្រចាំកម្ពុជា លោក Ilhan Kemal Tug និងរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន (FB: ក្រសួងការបរទេស)

ប្រមុខ​ការទូត​កម្ពុជា អះអាងថា រដ្ឋាភិបាលទួរគី​គោរពអធិបតេយ្យភាពកម្ពុជា ជុំ​វិញ​វិធានការ​ថ្មីៗ​របស់​រដ្ឋាភិបាល​ទៅ​លើ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។

រដ្ឋ​មន្ត្រី​ការបរទេស លោក ប្រាក់ សុខុន បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ប្រទេស​ទួរគី​បាន​គោរព​អធិបតេយ្យ​ភាព​កម្ពុជា ហើយ​ចាត់​ទុក​វិធានការ​នានា​របស់​រដ្ឋាភិបាល​ថា ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​កម្ពុជា ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យភាព សន្តិភាព ស្ថេរភាព និង​កការ​ពង្រឹង​នីតិរដ្ឋ។

ប្រមុខ​ការទូត​កម្ពុជា​រូប​នេះ បាន​អះ​អាង​បែប​នេះ បន្ទាប់​ពី​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូតទួរគីប្រចាំកម្ពុជា លោក Ilhan Kemal Tug ដែល​ផុត​អាណត្តិទៅ​ហើយ​នោះ កាល​ពីថ្ងៃ​ម្សិល​មិញ​នេះ។

លោក ប្រាក់ សុខុន បាន​អះ​អាង​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ទួរគី​បែប​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ​នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប និង​អាមេរិក ជុំ​វិញ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​នេះ លោក កឹម សុខា ការ​បិទ​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន កាល​ពី​ឆ្នាំ​មុន។

ទំនាក់ទំនង​កម្ពុជា-ទួរគី បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ប្រឈម​នឹង​គ្នា​កាល​ពីឆ្នាំ​២០១៦ បន្ទាប់​ពី​រដ្ឋាភិបាល​ទួរគី​បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បិទ​សាលាហ្សាម៉ាន់ ដែល​ទួរគី​ចោទ​ថា មាន​ទំនាក់​ទំនង​នឹង​ចលនា​របស់​បុព្វជិត​ទួរគី​រស់​នៅ​អាមេរិក លោក Fethullah Gulen ដែល​ត្រូវ​បាន​ប្រធានាធិបតី​ទួរគី លោក តាយីប អឺដូហ្គែន ចោទ​ថា ជា​មេ​ខ្លោង​រៀប​ចំរដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មិន​បាន​​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ