អ្នក​ផ្គត់​ផ្គង់​ទឹក​ស្អាត​ថា ទឹក​ទន្លេ​មេគង្គនិង​ទន្លេ​សាប​ ផ្ទុក​ទៅ​ដោយ​ជាតិ​ពុល​អាសេនិច

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានឲ្យដឹងថា ទឹកដែលមានជាតិពុល(អាសេនិច)ច្រើនជាងគេ មានៅតាមដងទន្លេ​មេគង្គ និង​ទន្លេ​សាប ដោយថាយ៉ាងហោចណាស់​ប្រភពទឹកនេះ បណ្តាលឲ្យប៉ះពាល់សុខភាព​ប្រជាពលរដ្ឋរាប់លាននាក់ នៅ​ក្នុង​ខេត្ត​ចំនួន៦។

ក្នុង​មហាសន្និបាទលើកទី៦ ស្តីពីលទ្ធផលការងារឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា លោក ហោ​ ឃីកេង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ទឹកដែលមានជាតិពុល(អាសេនិច)ច្រើនជាងគេ មានៅតាមដង​ទន្លេ​មេគង្គ​លើនិង​ទន្លេ​​មេគង្គក្រោម រួមទំាងទន្លេសាប។ លោក​អះ​អាង​ថា ​ប្រភពទឹកនេះបណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរាប់លាននាក់ ខណៈ​អ្នក​ប្រើ​ប្រាស់ទឹកស្អាត​ឆ្លង​កាត់​ប្រព័ន្ធ​សម្អាត​ មានចំនួន​ប្រហែល ​៤លាននាក់ ក្នុង​ចំណោមប្រជាពលរដ្ឋសរុបជាង ១៥លាននាក់។

លោកថ្លែងថា៖ «ពលរដ្ឋដែលអត់ទទួលបានសេវាទឹកស្អាត​តាមបំពង់ គឺគាត់​ប្រើប្រាស់ទឹកតាមប្រភពផ្សេងៗទៀត​ ដែលភាគច្រើន​យើង​​​អត់ធានាអំពីសុវត្ថិភាពនៃការប្រើប្រាស់ទឹក​ទេ។ បងប្អូនមួយចំនួន​ដែលគាត់ប្រើប្រាស់ទឹកក្រោមដី ដែលតំបន់ខ្លះ​គឺមាន​ការបំ​ពុល ដែលយើងឃើញមានភាគច្រើនជាតិដែក ជាតិកំបោរ ហើយធ្ងន់ធ្ងរជាតិពុល​ប្រភេទ​អាសេនិច ដែលភាគ​ច្រើនតំបន់​ដែល​មាន​ជាតិ​អាសេនិច​ គឺស្ថិតនៅតាមដងទន្លេមេគង្គ ទន្លេសាប។ កាលណាយើងផឹកទឹកដែលមានជាតិ​អាសេនិច នឹងធ្វើ​ឲ្យ​យើង​មហារីក​​​»។

ខេត្តដែលនៅជាប់ដងទន្លេមេគង្គលើ មេគង្គក្រោម និងទន្លេសាប រួមមាន ខេត្តកណ្តាល ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងខេត្តក្រចេះជាដើម។

លោក ឃីកេង បានទទូច​ទៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ ជាពិសេសក្រសួង​ឧស្សាហកម្ម សិប្បកម្ម ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ យក​ចិត្ត​ទុក​ដាក់​ គៀងគរមូនិធិពី​ដៃគូអភិវឌ្ឍន៍ ​ជួយ​ជ្រុម​ជ្រែងវិស័យឯកជន ឲ្យរីកចំរើន​ក្នុង​ការពង្រីកការវិនិយោគ​នៅតាម​តំបន់​ដែល​មិន​​ទាន់​មានទឹកស្អាត ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាត​​ ដោយមានគុណភាព តម្លៃសមរម្យ និង​រួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​ជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា​​ជាដើម​។

របាយការណ៍របស់​អង្គការ​សុខភាព​ពិភព​លោក បានរកឃើញថា ប្រជាជន​ ៧១​ភាគរយ ឬ​ស្មើ​នឹង ៥​ពាន់ ២០០​លាន​នាក់ នៅ​ក្នុង​ចំណោម​ប្រជាជន​សុរប​នៅ​ទូទាំង​ពិភព​លោក ទទួល​បាន​សេវាកម្ម​ទឹក​ស្អាត ខណៈ​ដែល​ប្រជាជន​ដល់​ទៅ ២​ពាន់ ១០០​លាន​នាក់​ទៀត មិន​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ហើយ​មនុស្ស ២​ពាន់​លាន​នាក់​ទៀត ប្រើ​ប្រាស់​ទឹក​មាន​ជាតិ​ពុល។

របាយការណ៍ដដែលបន្តថា ការប្រើប្រាស់​ទឹក​មិនស្អាតដែលត្រូវបានគេប៉ាន់ស្មាន​ថា អាច​បណ្តាល​ឱ្យ​ស្លាប់​ជាង ៥០​ម៉ឺននាក់​(៥០៣.០០០) ជារៀងរាល់ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ