មន្ត្រីសាលារាជធានីភ្នំពេញឲ្យដឹងថា មន្ត្រីជំនាញរបស់សាលារាជធានីកំពុងពិនិត្យលើសំណើសុំសាងសង់អគារពាណិជ្ជកម្មកម្ពស់១៣៣ជាន់តម្លៃ១ពាក់លានដុល្លារ លើផ្ទៃដី៥ហិកតារបស់ក្រុមហ៊ុនឯកជនមួយនៅកណ្តាលរាជធានីភ្នំពេញ មុននឹងបញ្ជូនសំណើនេះទៅកាន់ក្រសួងដែនដីពិនិត្យ និងសម្រេចបន្តទៀត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា សាលារាជធានីត្រូវចំណាយពេលដើម្បីពិនិត្យលើសំណើរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ក្នុងការស្នើសុំសាងសង់អគារពាណិជ្ជកម្មកម្ពស់ជិត៥០០ម៉ែត្រនៅទីតាំងមណ្ឌលកម្សាន្តឌ្រីមលែន(Dreamland)បច្ចុប្បន្ន។ លោកថា សាលារាជធានីកំពុងពិនិត្យទៅលើសុវត្ថភាពសាងសង់ ដូចជាប្រព័ន្ធលូ ប្រព័ន្ធអគ្គិភ័យជាដើម មុននឹងសម្រេចបញ្ជូនបន្តទៅកាន់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តែលោកមិនបានបញ្ជាក់ថា សាលារាជធានីនឹងបញ្ចប់កាពិនិត្យនេះនៅពេលណានោះទេ។
លោក ឡុង ឌីម៉ង់ ក៏មិនអាចបញ្ជាក់បានទេថាអគារពាណិជ្ជកម្មភ្លោះមួយនេះនឹងត្រូវចាប់ផ្តើមសាងសង់នៅពេលណា និងបញ្ចប់នៅពេលណានោះដែរ។ លោកថា ការបោះទុនវិនិយោគជាង១០០០លានដុល្លារក្នុងការសាងសង់អគារនេះបញ្ហញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ។
លោកបន្ថែមថា៖ “តាមពិតល្អណាស់បាទ! ជាការបង្ហាញឲ្យឃើញថាបរិយាកាសវិនិយោគជាពិសេសការអភិវឌ្ឍក្នុងប្រទេសកម្ពុជាយើង ជាពិសេសក្នុងរាជធានីភ្នំពេញ វាបង្ហាញថាជាការទុកចិត្តរបស់វិនិយោគបរទេស វាជាការល្អវិញទេ និងជួយបង្កើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចដល់រាជធានីភ្នំពេញយើងបន្ថែមទៀតទេបាទ”។
ដោយឡែកអ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត មានប្រសាសន៍ថា ក្រុមហ៊ុនធ្វើការសាងសង់សំណង់របស់ខ្លួនបានលុះត្រាតែបានទទួលខិលិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី និងលិខិតបើកការដ្ឋានពីអគ្គនាយកដ្ឋានសំណង់របស់ក្រសួង។ លោកឲ្យដឹងទៀតថា ពេលសំណើនេះទៅដល់ក្រសួង មន្ត្រីជំនាញរបស់ក្រសួងត្រូវពិនិត្យម្តងទៀតពីផលប៉ះពាល់នានា ជាពិសេសថាតើទីតាំងសំណង់នេះស្ថិតក្នុងតំបន់ដែលអាជ្ញាធរហាមឃាត់មិនឲ្យមានអគារខ្ពស់ឬយ៉ាងណា។
លោកបន្ថែមថា៖ “ជាទូទៅនៅ(តំបន់)ជុំវិញវាំងនេះ កន្លងមកមិនមែនជាច្បាប់ឬអ្វីនោះទេ គ្រាន់តែជាការគិតគូរកន្លងមកក្នុងតំបន់ ដើម្បីរក្សាសុវត្ថិភាពព្រះមហាក្សត្រ រក្សាវប្បធម៌អ្វីផងនោះ។ គន្លងក្នុងកាំ៥០០ម៉ែត្រ(ពីវាំង)ហ្នឹងមិនឲ្យសង់ខ្ពស់ពេកទេ អីចឹងដីឌ្រីមលែននេះ នៅពេលដែលស្នើមកនឹងត្រូវវាស់វែងហើយថាក្នុងកាំ៥០០ម៉ែត្រនេះឬយ៉ាងណា”។
ប្រធានសមាគមធាងត្នោតលោក អ៊ី សារុំ មានប្រសាសន៍ថា អាជ្ញាធរគួរតែសិក្សាឲ្យបានច្បាស់លាស់ពីផលប៉ះពាល់ដល់បរិស្ថាន និងការប្រើប្រាស់ថាមពលអគ្គិសនី និងទឹករបស់អគារភ្លោះនេះ មុននឹងអនុញ្ញាតឲ្យមានការសាងសង់។
លោកបន្ថែមថា៖ “អគារខ្ពស់អីចឹង គឺតម្រូវឲ្យមានការប្រើប្រាស់ប្រព័ន្ធទឹកឲ្យមានប្រសិទ្ធភាព បើមិនអីចឹងទេ មិនដឹងទឹកហ្នឹងបង្ហូរទៅណា។ អីចឹងធ្វើឲ្យប៉ះពាល់ដល់អ្នករស់នៅជុំវិញហ្នឹង ទី២តម្រូវការប្រើប្រាស់ភ្លើងហ្នឹងច្រើនមែនទែន អីចឹងអាចថាអ្នកមានអំណាចអ្នកមានលុយ ចាប់ផ្តើមទិញយកភ្លើងហ្នឹងទៅបម្រើតែបក្សពួករបស់ខ្លួន។ អីចឹងធ្វើឲ្យអ្នកក្រ អ្នកមិនសូវមានលទ្ធភាពហ្នឹងទទួលផលប៉ះពាល់បាទ”។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១០ លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់លើកឡើងពីគម្រោងសាងសង់អគារខ្ពស់បែបនេះនៅតំបន់កោះពេជ្រផងដែរ តែរហូតមកដលពេលនេះគម្រោងនោះនៅមិនទាន់ឃើញជារូបរាងនៅឡើយ។ បើតាមមន្ត្រីសាលារាជធានី អគារកំពស់ចាប់ពី៥ជាន់ដល់៤០ជាន់ នៅក្នុងរាជធានីភ្នំពេញមានចំនួន៦២៨អគារ៕