ក្រសួងធនធានទឹក និងឧតុនិយមព្យាករណ៍ថា ចាប់ពីពាក់កណ្ដាលរដូវវស្សាដល់ចុងរដូវវស្សាគឺចាប់ពីខែសីហា ដល់ចុងខែវិច្ឆិកា របាយទឹកភ្លៀងនឹងចាប់ផ្ដើមធ្លាក់ច្រើននិងរាយប៉ាយល្អ ចំណែកដើមរដូវវស្សា ភ្លៀងធ្លាក់តិច និងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។
ក្នុងសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ ចេញថ្ងៃទី១៧ ខែកុម្ភៈ ក្រសួងធានធានទឹកបានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ បាតុភូត EI Nino (ក្ដៅ) បានចាប់ផ្ដើមថយបន្ដិចម្ដងៗ។ សេចក្ដីជូនដំណឹងបន្តថា បាតុភូត Dipole Model Index ដែលជាប្រភេទបាតុភូតមួយដែលនៅចន្លោះរវាងងបាតុភូត El Nino (ក្ដៅ) និងបាតុភូត La Nina (ត្រជាក់) នឹងចូលមកជំនួសវិញហើយរហូតដល់ចុងខែកក្កដា ទើបបាតុភូត La Nina (ត្រជាក់) ចាប់មានឥទ្ធិពលវិញ។
ក្រសួងធនធានទឹកបន្តទៀតថា បាតុភូតធម្មជាតិទាំងនោះ នឹងធ្វើឲ្យអាកាសធាតុនៅនៅប្រទេសកម្ពុជាមានស្ថានភាពដូចជា នៅរដូវប្រាំងក្នុងខែមីនា និងខែមេសា ធាតុអាកាសនឹងក្ដៅហួតហែងខ្លាំង បរិមាណទឹកភ្លៀងកក់ខែមានចំនួនតិចតួច ហើយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្ដាក់នឹងកើតមានឡើង។ ក្រសួងបន្ដថា រីឯនៅដើមរដូវវស្សាចាប់ពីខែឧសភា ដល់ខែកក្កដា មានភ្លៀងធ្លាក់តិច មានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ហើយកូនរដូវប្រាំងនឹងកើតមានចាប់ពីពាក់កណ្ដាលដល់ចុងខែកក្កដា៕