អ្នកឃ្លាំមើលថាប្រធានរដ្ឋសភាប្រើអំណាចការពាររដ្ឋាភិបាលច្រើនជាងការជំរុញឲ្យអនុវត្តច្បាប់

ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីកន្លងទៅ

មន្រ្តីអង្គការសង្គមស៊ីវិលនិងអ្នកវិភាគអះអាងប្រហាក់ប្រហែលគ្នាថាស្ថាប័នរដ្ឋសភាដែលគ្រប់​ដោយ​គណ​បក្សកាន់អំណាចបានធ្វើអ្វីៗទៅតាមតែការចង់បានរ​បស់​រដ្ឋា​ភិបាល ហើយច្រានចោលនូវការ​ព្រួយបារម្ភ របស់សង្គមស៊ីវិលទាក់ទិននឹងការអនុ​ម័ត​ច្បា​ប់​នានាហើយ​ក៏ច្រានចោល​ការសុំ​អន្តរាគមន៍​មួយចំនួន​របស់​ម្ចាស់​ឆ្នោត។

ក្នុងកិច្ចពិភាក្សាតុមូលដែលធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ខែកុម្ភៈ តំណាងអង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោតខុមហ្វ្រែលដែលតា​មដានដំណើរ​ការ​សភា លោក កន សាវាង្ស បានអានរបាយ​ការណ៍​​អង្កេតលើ​ដំណើការរបស់រដ្ឋសភាថានៅអា​ណ​​ត្តិ​​ទី​​៥នេះ ​តំណាងរាស្ត្របក្សប្រឆាំងបានបញ្ចេញមតិជាច្រើន ពេលពិ​ភាក្សា​អ​នុម័តច្បាប់។ ប៉ុ​ន្តែមន្ត្រីរូ​ប​នោះ​ថា​តំ​ណាង​រាស្ត្រគណបក្សកាន់អំណាចមិន​ទទួល​យក​មតិ​ទាំង​នោះ​ទេ គឺអនុម័តច្បាប់នានា​ធ្វើឡើងតាម​ការ​ចង់​បានរបស់រដ្ឋាភិបាល។

លោក​ កន សាវាង្ស ឲ្យដឹងទៀតថាយ៉ាងតិចមានសេចក្តីព្រាងច្បាប់ចំនួន៤ ដែលលោកថារដ្ឋសភាបានអ​នុ​ម័ត​​​ទាំងភា​ពចម្រូងចម្រាសរួមមានសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​សេច​ក្តី​​ស្នើ​​​​ច្បា​ប់ស្តីពីការរៀបចំនិងដំណើរការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សេច​ក្តីស្នើ​ច្បា​​​ប់​ស្តី​​ពីការរៀបចំការបោះឆ្នោតឃុំសង្កាត់និងសេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការសង្គស៊ីវិលជាដើម។

លោក កន សាវាង្ស អះអាងទៀតថាខុមហ្វ្រែលរកឃើញថាលិខិតសុំអ​ន្តរាគមន៍របស់តំណាង​រាស្ត្រ​គណ​បក្សសង្គ្រោះជាតិចំនួន៣៦ច្បាប់ដែលថ្វាយព្រះមហាក្សត្រ ដាក់ជូនរាជរដ្ឋាភិ​បា​ល រដ្ឋសភានិងស្ថាប័ន​សា​​រព័​ត៌មាន អំពីកង្វល់ម្ចាស់ឆ្នោត ខុមហ្វ្រែលថាមាន​តែ​លិ​ខិត៩ប៉ុណ្ណោះដែល​មានការ​ឆ្លើយតប និង​៤ច្បាប់ទៀត ប្រធានរដ្ឋសភាមិនបញ្ជូន​ចេញ។

ករ​​ណីនេះ​ ខុមហ្វ្រែលចាត់ទុកថាប្រធានរដ្ឋសភាបានប្រើសិទ្ធិអំណាចហួសព្រំដែន។

លោក កន សាវាង្ស មានប្រសាសន៍ថា​៖ “ការបញ្ចេញមតិរបស់តំណាងរាស្ត្ររវាងគណបក្សទាំងពីរ មិនខុសពីឆ្នាំមុនៗទេ គឺនៅតែធ្វើតាមបន្ទាត់របស់គណបក្សខ្លួនដដែល បើទោះបីមានការចោទសួរ មានការដេញដោលណាក៏ដោយ តែចុងក្រោយនៅតែទទួលការគាំពារដូចជាគណបក្សប្រជាជន បានដើរ​តួជាអ្ន​កកា​រពារជំនួសរដ្ឋាភិបាលទៅវិញ”

អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈដែលចូលរួកក្នុងកម្មវិធីនោះដែរអះអាងថាប្រធានរ​ដ្ឋសភាបច្ចុ​ប្បន្នពិត​​ជាមានអំណាចធំធេងក្នុងការសម្រេចអ្វីមួយក្នុងស្ថាប័ន​ច្បាប់មួយនេះ។ លោកថាដើម្បីឲ្យ​ស្ថាប័​នច្បាប់នេះ ដំណើការទៅដោយឯករាជ្យលុះ​ណាតែមានការធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ពីថ្នាក់ក្រោមរហូតដល់​ក្រុមប្រឹ​ក្សាធម្មនុញ្ញ។ លោក​មានប្រសាសន៍ថា៖ “រដ្ឋធម្មនុញ្ញរបស់យើងគឺចារច្បាប់ៗ ត្រង់ថា អភ័យឯក​សិទ្ធិត្រូ​វ​តែដកដោយ២ភាគ៣នៃសមាជិកសភាទាំងមូល។ ប៉ុន្តែយើងមើលបក្សកាន់អំណាចហាក់គ្មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​​រដ្ឋធម្មនុញ្ញ​ទាល់តែសោះ។ ដល់អញ្ចឹងគាត់ប្រើអំណាចផ្តាច់មុខរបស់គាត់ហ្នឹង ទៅជាការ​គំ​រាម​កំហែង​ទៅលើសមាជិ​កគណបក្សប្រឆាំង។ ហើយបើយើងមើលឲ្យមែនទែន ក្នុងប្រទេសកម្ពុជា អ្នកណាគេ​ក៏​ដោយ មិនមានអីជាការការពារជាដុំកំភួនទេដោយសារ​ការអនុវត្តច្បាប់”

របាយការណ៍របស់អង្គការខុមហ្វ្រែលក៏បានកត់សម្គាល់ដែរថាអភ័យឯកសិទ្ធិរបស់តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​​ដែ​លការពារដោ​​យរដ្ឋធម្មនុញ្ញត្រូវបានរំលោកបំពានដូចជាការឃុំខ្លួនសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ការដកអភ័យឯកសិទ្ធិលោក សម រង្ស៊ី កា​រប្រើ​​ហិង្សាលើតំណាងរាស្ត្រ លោក ញ៉យ ចំរើន និង​​លោ​​ក គង់ សភា ជាដើម។

ខុម​​ហ្វ្រែ​លបានចាត់ទុកថាទង្វើនោះជាអំពើគំរាមកំហែងធ្ងន់ធ្ងដល់អភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រនិងបា​ន​​​ប្រៀ​បធៀបថាតំណាងរាស្ត្រគណបក្សបក្សប្រឆាំងមានសិទ្ធិត្រឹមតែពលរដ្ឋសាមញ្ញ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ អះអាងថារូបភាពគំរាមកំហែងនោះពិតជា​ធ្វើឲ្យតំ​ណា​​ង​រា​ស្ត្របក្សប្រឆាំងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ពេលចុះបំពេញការងារ។ លោកថារូបភាពនេះនឹ​ងបាត់​ទៅវិ​ញ​ ដរាបណាមានប្រព័ន្ធយុត្តិធម៌ឯករាជ្យ។

លោកមានប្រសាសន៍ថា៖ “ខ្ញុំយល់ថាសិទ្ធិយើងមានបុព្វសិទ្ធិយើងលើសប្រជាពលរដ្ឋ ក៏ប៉ុន្តែការអនុវត្ត​ច្បាប់ប្រព័​ន្ធតុលាកា​រ​មិនសូវរឹងមាំ មិនសូវឯករាជ្យអញ្ចឹងហើយបានផ្តល់ឱកាសឲ្យអ្នកប្រើអំពើហិង្សាហ្នឹង មកលើ​អ្នកតំណាងរាស្ត្រ អាចធ្វើឲ្យអ្នកតំណាងរាស្ត្រយើងមួយ​ចំនួននៅក្នុងគណគបក្ស​សង្គ្រោះជាតិ​ហ្នឹង​មាន​ការភ័យខ្លាចបាទ!”

លោកមេធាវីសុក សំអឿន ពន្យល់ថាភាពទន់ខ្សោយរបស់រដ្ឋសភាកម្ពុជា លោកថាដោយ​សា​រប្រព័​ន្ធ​ច្បា​​ប់​នៅកម្ពុជា​ផ្តល់សិទ្ធិអំណា​ចខ្លាំងទៅនា​យករដ្ឋមន្ត្រីក្នុងការ​ដាក់ឬ​ដកបេក្ខ​ភាពតំណា​ងរាស្ត្រណាមួ​យ​ដែ​ល​គេមិនពេញចិត្ត។ លោក​មានប្រសាសន៍ថា​៖ “បើនៅប្រទេសអង់គ្លេសកាលណា​គេជាប់តំណាងរាស្ត្រ​ហើយ​​គេជាប់​មួយអាណត្តិ ទោះបីគេចេញពីបក្សនឹងក៏ដោយ មេបក្សដេញក៏ដោយក៏គេនៅតែ​ជាតំណាងរា​ស្ត្រមួ​យអា​ណត្តិ​។ នៅថៃគេដូចគ្នា វាគ្រាន់តែចង្អៀតបន្តិច ប៉ុន្តែគេកំណត់ថា​អ្នកដែលអា​ជឈើ​ជាតំ​ណា​ងរាស្ត្រ​បាន លុះណាតែជាសមាជិករបស់គណបក្សណាមួយ ដូច្នេះបើអ្នកឯងចេញពីបក្សហ្នឹង អ្នកឯងត្រូ​វរកបក្ស​​ថ្មីឲ្យបា​នរយៈពេលមួយខែ អាហ្នឹងនៅថៃ”។ លោក​បន្ថែមថា៖ “ខ្ញុំគិតថាចំណុចនេះល្អណាស់ បើយើង​មាន​ដាក់ចូលទៅក្នុងច្បាប់យើង ប្រធានគណបក្សនិងគណបក្សហ្នឹងលែងមានអំណាចគ្រប់គ្រង ព្រោះ​យើ​ងសព្វថ្ងៃបើអែងនិយាយខុសចិត្តអញអែងអស់សិទ្ធិឥឡូវ”

យ៉ាងណា​ក៏​ដោយ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានច្រានចោលការលើកឡើង​របស់​ក្រុ​​​ម​អង្គការសង្គមស៊ីវិលទាំងនោះ ដោយលោកអះអាងថាករណីប្រើហិង្សាវ៉ៃអ្នកតំណាងរាស្ត្រ រដ្ឋសភាបាន​ថ្កោ​ល​ទោ​​​ស​និងអំពាវឲ្យចាត់វិធានការលើជនដៃដល់។ ចំណែកការមិន​បញ្ជូនលិខិ​តណា​មួយ​​ទៅរ​ដ្ឋា​ភិបាល​លោកថាជាឆន្ទានុសិទ្ធិ​របស់ប្រធាន​រដ្ឋសភាដែលលោកថាត្រូវធានាដោយច្បាប់។

លោកមានប្រសាសន៍ថា៖ “មែនទែនទៅយើបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្ការហើយ ហើយទាម​ទា​រឲ្យ​រដ្ឋាភិបាលនឹងចាប់ជនល្មើសហ្នឹងមកផ្តន្ទាទោសទៀតផង ហើយចោទថាមិនបានកា​រពា​រហ្នឹ​ងវាពិបា​កណាស់ៗ ព្រោះថានៅស្រុកណាក៏មានជនពាលដែ ហើយជនពាលដែ​លធ្វើហ្នឹងយើង​ពិបា​កកា​រពា​រណាស់ មិនដឹងថាយើការពារយ៉ាងម៉េចទេ គឺជនពាវៗ”។  លោក​បញ្ជាក់បន្ថែមថា៖ “ការដកតំណែ​ងអីហ្នឹ​ងជារឿងនយោបាយគឺថារឿងនយោបាយ តំណាងរាស្ត្រគាត់មើលឃើញថាគួរដកគឺដកហើយ ខ្ញុំមិនចង់មានយោ​បល់ប​ញ្ហហ្នឹងទេ? គឺថាអាហ្នឹងជារឿងរបស់តំណាងរាស្ត្រ ព្រោះគាត់មានសិទ្ធិធ្វើ ព្រោះគាត់​មានសិ​ទ្ធិតែងតាំង គាត់មានសិទ្ធិធ្វើ”

ទោះជាយ៉ាងណា របាយការណ៍អង្កេតរបស់អង្គការខុមហ្វ្រែលបានកត់សម្គាល់ថារដ្ឋាភិបា​ល​ទំ​​នងជាឆ្លើ​យត​បនឹងការទាមទាររបស់គណបក្សប្រឆាំងខ្លះដែរ ដូចជាការដកហូតយកផ្លូវជាតិ​លេ​ខ៤ និងការដកប្រា​សា​ទអ​ង្គរវត្តមកឲ្យរដ្ឋគ្រប់គ្រងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ