រដ្ឋាភិបាលដាក់ចេញវិធានការលើកតម្លៃស្រូវ-អង្ករ

កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវកាល​ពី​ពេល​កន្លង​ទៅ (រូបថត៖ បូ សាវី)

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ(គ ស ហ) នៃរដ្ឋាភិបាល បានដាក់ចេញវិធានការមួយចំនួន ដើម្បីធានា ការលើកកម្ពស់តម្លៃស្រូវ អង្ករ។​

ក្នុងសេចក្តីប្រកាសព័ត៌មាន​ស្តីពីលទ្ធផលនៃការប្រជុំ​គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្ងៃទី១៦ខែកុម្ភៈបានកំណត់វិធានការចំនួន​៨ចំណុច។ ចំណុចទាំងនោះរួមមានដូចជា ការលុបបំបាត់កុងត្រូលជជុះការបង់ប្រាក់ក្រៅផ្លូវការ, សម្រួលជាមួយស្ថាប័នផ្តល់កម្ចីឲ្យបញ្ចុះអត្រាការប្រាក់ដល់កសិករ,   ដោះស្រាយបញ្ហាដឹកជញ្ជូនកាត់បន្ថយថ្លៃដើម, និង សម្រួលជាមួយប្រទេសជិតខាងឲ្យបន្តទិញកសិផលពីកម្ពុជាជាដើម។​

នៅក្នុងកិច្ចប្រជុំ​កាលពីថ្ងៃទី១៦នោះ មានការចូលរួមពីលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​ជាប្រធាន គ ស ហ ជាអ្នកដឹកនាំការប្រជុំ ចូលរួមពី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​លោក ប៉ាន់ សូស័ក្តិ លោក សុខ ចិន្តា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយមន្ត្រីនៅតាមស្ថាប័នរដ្ឋមួយចំនួនទៀត។​

របាយការណ៍​នាំ​ចេញ​អង្ករ​កម្ពុជា ចេញ​ដោយ​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយសម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មករា​នេះ បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជាង ៥៤​ម៉ឺន ២​ពាន់​តោន កាល​ពី​ឆ្នាំ​២០១៦ ដោយ​មាន​កំណើន​ត្រឹម​០.៧​ភាគរយ​ប៉ុណ្ណោះ បើធៀប​ទៅ​នឹង​តួលេខ​ឆ្នាំ​២០១៥ ដែលមាន​ជាង ៥៣​ម៉ឺន​តោន។

តួលេខ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១២​ រហូត​ដល់​ឆ្នាំ​២០១៥​កន្លង​មក។ ប៉ុន្តែប្រទេស​នេះមិន​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ដែល​ចង់​នាំចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន នៅ​ត្រឹម​ឆ្នាំ​២០១៥​និង២០១៦កន្លង​មក​នោះ​ឡើយ។

កាលពីពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅ កសិករនៅខេត្តបាត់ដំបងផ្ទុះការតវ៉ាចាក់ស្រូវបិទផ្លូវ ដោយសារបញ្ហាស្រូវថោក និង មិនមានទីផ្សារលក់។ អ្នកជំនាញកសិកម្មបារម្ភថា បើមិនមានដំណោះស្រាយសមស្របនោះទេ វិបត្តិលក់ស្រូវមិនចេញនេះអាចផ្ទុះការតវ៉ានៅឆ្នាំ២០១៧ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ