ក្រសួងយុត្តិធម៌បង្កើតក្រុមប្រឹក្សា​ទិដ្ឋភាពច្បាប់សម្រាប់ជួយដល់ចៅក្រមកាន់សំណុំរឿងដីធ្លី

លោក ជិន ម៉ាលីន កាលពីពេលកន្លងទៅ (រូបភាព៖ ទូច សុខា)

ក្រសួងយុត្តិធម៌សម្រេចបង្កើតក្រុមពិភាក្សាទិដ្ឋភាពច្បាប់សម្រាប់ផ្ដល់ប្រឹក្សាដល់ចៅក្រមដែលទទួលជំនុំជម្រះសំណុំរឿងទំនាស់ដីធ្លី ដោយក្រសួងថាធ្វើដូចនេះដើម្បីធានាឲ្យការសម្រេចសេចក្តីរបស់ចៅក្រមកាន់តែមានភាពសុក្រិត និងចៀសវាងការតវ៉ាពីពលរដ្ឋមានទំានាស់ដីធ្លី។

ក្រោយបញ្ចប់កិច្ចប្រជុំស្តីពីគោលការណ៍ការឃុំខ្លួនបណ្តោះអាសន្នក្នុងសំណុំរឿងទំនាស់ដីធ្លីនៅរសៀលថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំបានសម្រេចបង្កើតក្រុមពិភាក្សាផ្នែកច្បាប់មួយក្រុម ដោយមានសមាសភាពមន្ត្រីក្រសួងយុត្តិធម៌រួមទាំងរដ្ឋមន្ត្រីលោក អង្គ វង្ស វឌ្ឍានា និងអ្នកជំនាញផ្នែកច្បាប់ដទៃទៀត ដើម្បីផ្តល់ជាយោបល់ដល់ចៅក្រមរូបណាដែលទទួលជំនុំជម្រះសំណុំរឿងទំនាស់ដីធ្លីបែបសមូហភាព។ លោកថា ទោះបីជាមានការផ្តល់យោបល់ពីក្រុមអ្នកច្បាប់យ៉ានេះក្តី ប៉ុន្តែសេចក្តីសម្រេចបែបណានោះ នៅតែជាឆន្ទានុសិទ្ធិរបស់ចៅក្រមកាន់សំណុំរឿងដដែល។

លោក ជិន ម៉ាលីន បន្តថា ការផ្តល់យោបល់នេះអាចនាំឲ្យចៅក្រមសម្រេចចិត្តត្រឹមត្រូវទាំងយុត្តិធម៌តាមផ្លូវច្បាប់ និងយុត្តិធម៌សង្គម។ លោកបន្ថែមថា៖ “ក៏ប៉ុន្តែគាត់អាចពិភាក្សាគ្នាបាន ពិភាក្សាយ៉ាងម៉េចយើងមានយន្តការក្រុមដើម្បីពិភាក្សានេះគឺពិភាក្សាតាម (បណ្ដាញទំនាក់ទំនងសង្គម) Telegram ឬ group chat ផ្សេងៗទៀត ពេលគាត់មានបញ្ហាមួយ យើងដាក់គោលការណ៍ពិចារណាគ្នាឲ្យបានច្បាស់លាស់ក្នុងក្រុមនេះ។ ក្នុងក្រុមនេះមានអ្នកផ្សេងទៀតមានបទពិសោធន៍រឿងហ្នឹងដែរ ឬក៏អ្នកជំនាញនៅក្រសួង ប៉ុន្តែការសម្រេចគឺនៅលើតុលាការដែលជាអំណាចឯករាជ្យដែលជាឆន្ទានុសិទ្ធិ”

ទន្ទឹមនឹងការបង្កើតក្រុមពិភាក្សាផ្នែកច្បាប់នេះ លោក ជិន ម៉ាលីន ថាកិច្ចប្រជុំក៏សម្រេចឲ្យតុលាការទូទាំងប្រទេសបង្កើតនូវក្រុមអ្នកនាំពាក្យដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់សាធារណជនចំពោះនីតិវិធីរបស់តុលាការ តែលោកថា អ្វីដែលអ្នកនាំពាក្យឆ្លើយគឺមិនឲ្យប៉ះពាល់ដល់ការសម្រេចសេចក្តីរបស់ចៅក្រមនោះទេ។ លោកន្ថែមថា អ្នកនាំពាក្យនេះអាចជាព្រះរាជអាជ្ញារង ឬមន្ត្រីរដ្ឋបាលរបស់តុលាការ ដោយលោកថាចៅក្រមត្រូវច្បាប់ហាមមិនឲ្យឆ្លើយតបជាមួយសាធារណជន។

លោកបន្ថែមថា៖ “ក៏ប៉ុន្តែយើងឯកភាពថាគួរតែមានយន្តការមួយពន្យល់មិនអាចនៅស្ងៀមហើយឲ្យសាធារណជនយល់ច្រឡំពីយើង ឬក៏ឲ្យសារព័ត៌មានដែលគាត់យល់ខុស ឬឲ្យសារព័ត៌មានដែលមានចេតនាមិនល្អបំពុលព័ត៌មានទាំងនេះទេ។ អីចឹងទេយើងបានដាក់ជាគោលការណ៍នេះមួយដើម្បីឆ្លើយតបព័ត៌មានទៅសាធារណជនឲ្យបានយល់ពីដំណើរការប្រព្រឹត្តទៅ”

គួរបញ្ជាក់ថា កិច្ចប្រជុំកាលពីរសៀលថ្ងៃសុក្រនេះ ដែលមានការចូលរួមពីប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី ខេត្តទាំងអស់ ធ្វើឡើងក្រោយពីមានការណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ហ៊ុន សែនបានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ដោយសម្តែងការខកចិត្តចំពោះតុលាការខេត្តកំពង់ស្ពឺដែលបានឃុំខ្លួនតំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាស្រ្តីពីរនាក់។ លោកបានបញ្ជូនកូនប្រុសរបស់លោកពីរនាក់ គឺលោកហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺផងនោះ ទៅធានាអ្នកទាំងពីរនោះឲ្យបាននៅក្រៅឃុំបណ្តោះអាសន្ន និង​បានបញ្ជាឲ្យក្រសួងយុត្តិធម៌ត្រួតពិនិត្យលើករណីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ