លិខិតមិត្តអ្នកអាន៖ សារ​ថ្មី​ អត្ថន័យ​​ចាស់​

សារនយោបាយ “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” (ហ្វេសប៊ុក)

ពី​សារ​នយោបាយ​ «ដូរ​មិន​ដូ​រ»​ មក​ «ប្តូរ​មេ​ឃុំ​បម្រើ​បក្ស​ ដាក់​មេ​ឃុំ​បម្រើ​​រាស្ត្រ​!» ពាក្យ​ «ដូរ​» នេះ​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​កើន​សំឡេង​និង​ប្រជាប្រិយ​ភាព​ជា​ខ្លាំង​ ហើយ​វា​ក៏​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​ឈឺ​ចាប់​ខ្លាំង​ណាស់​ដែរ​ ដែល​ធ្វើ​ឱ្យ​បក្ស​នេះ​បាត់​បង់​ ២២កៅអី​ កាល​ពី​អាណត្តិ​ទី​៥ ម្ល៉ោះ​ហើយ​​ពួក​គេ​ស្អប់ពាក្យ​ «ដូរ​ឬ​ប្តូរ»​ នេះ​ពេក​ក្រៃ​។ នេះ​ក៏​ដោយ​សារ​ គណបក្ស​ប្រជាជន​កាន់​អំណាច​​យូរ​ពេក​ មាន​លក្ខណៈ​អភិរក្ស​ ដឹក​នាំ​តាម​របៀប​៧៩​ ដែ​ល​មិន​អាច​ផ្លាស់​ប្តូរ​តាម​កាល​សម័យ​នៃ​យុវជន​សម័យ​ថ្មី​បាន​ ហេតុ​នេះហើយ​ ​បក្ស​នេះ​មាន​ចំណុច​ជា​ច្រើន​ដែល​ត្រូវ​ផ្លាស់​ប្តូរ​​ ប៉ុន្តែ​ដោយ​សារ​ផ្លាស់​ប្តូរ​ខ្លួន​ឯង​មិន​បានច្រើន​តាម​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​​ ដូច្នេះ​មាន​តែ​ចាំ​ឱ្យបក្ស​ផ្សេង​មក​​ផ្លាស់​ប្តូរឱ្យ ​ឬ ​ជំនួស​បក្ស​នេះ​តែ​ម្តងប៉ុណ្ណោះ​​ (ពាក្យ​របស់​ កែម​ ឡី​)​​។

បក្ស​ប្រឆាំង​សម្លឹង​ឃើញ​​ឱកាស​ដែល​បក្ស​កាន់​អំណាច​ មិនអាច​​ផ្លាស់​ប្តូរ​ខ្លួន​ឯង​បាន​ច្រើនក៏​​មិន​ចង់​ផ្លាស់​ប្តូរ​តែ​ម្តង​នៅ​ផ្នែក​ស៊ី​រូងជ្រៅ​​ខ្លះ​​ ក៏​ប្រើ​ប្រាស់​សារ​នយោបាយ​ឃោសនានៅ​ក្នុង​​ការ​បោះឆ្នោត​​ជាតិ​ឆ្នាំ​២០១៣​ ថា​ «ដូរ​មិន​ដូរ»​ ដែល​ឆ្លុះ​បញ្ចាំង​នូវ​ខ្លឹម​សារ​បង្កប់​មួយ​ថា​ មិន​សំខាន់​ថា​គណបក្ស​ប្រឆាំង​នឹង​អាច​ដឹក​នាំ​ប្រទេស​ ដោះ​ស្រាយ​បញ្ហា​កំពុង​ប្រឈម​ឬ​បន្សល់​ទុក​ពី​រដ្ឋាភិបាល​មុនមិន​បាន​ឬ​បានកម្រិត​ណា​នោះ​​​ទេ​ សំខាន់​បំផុត​គឺ​ប្តូរ​បក្ស​កាន់​អំណាច​ឱ្យ​បាន​សិន​ រឿង​បក្ស​ប្រឆាំង​នឹង​ធ្វើ​ការ​ដោយមាន​​ប្រសិទ្ធភាព​ឬ​អត់​ គឺ​មិន​ពាក់​ព័ន្ធ​។ ហៀប​នឹង​ការ​បោះ​ឆ្នោតឃុំ​សង្កាត់​ គណបក្ស​កាន់​អំណាច​នៅ​តែ​ដដែល​ គឺ​នៅ​តែ​ត្រូវ​ការការ​​ផ្លាស់​ប្តូរ​ ដូច្នេះ​បក្ស​ប្រឆាំង​មិន​ចាំ​បាច់​ផ្លាស់​ប្តូរ​អ្វី​ច្រើនទេ​​ ព្រោះ​មិន​ពាក់​ព័ន្ធ​ អ៊ីចឹង​ហើយ​ ពាក្យ​ «ដូរ​ឬ​ប្តូរ​» នៅ​តែ​ត្រូវ​បក្ស​ប្រឆាំងប្រើ​ជា​សារ​នយោបាយ​ ឯ​បក្ស​កាន់​អំណាច​វិញ​ កាល​បើ​មាន​បទ​ពិសោធ​កាល​ពី​អាណត្តិ​ទី​៥​ម្តងហើយ​​ ក៏​ប្រញាប់​ចាត់​វិធានការ​ប៉ុន​ប៉ង​ប្តឹង​ផ្តល់​គណបក្ស​ប្រឆាំងភ្លាម​​ មិន​ចង់​អាម៉ាស់​នឹង​ពាក្យ​ប្តូរ​នេះ​ម្តង​ទៀត​។

មិន​ថា​កាល​នៅ​ជា​គណបក្ស​សម​រង្ស៊ី​ គណបក្ស​សិទ្ធិ​មនុស្ស​ ឬ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ​ ប្រជាប្រិយភាព​បក្ស​ប្រឆាំង​គឺ​បាន​ពី​គុណ​វិបត្តិ​​របស់​បក្ស​កាន់​អំណាច​ ជា​ជាង​គុណ​សម្បត្តិ​របស់​បក្ស​ប្រឆាំង​ខ្លួនឯង​​ ហើយ​បក្ស​ប្រឆាំង​ខ្លួន​ឯង​ក៏​បាន​ដឹង​ដែរ​ថា​ សារ​នយោបាយ​របស់​ខ្លួន​ បើ​ចង់​ឱ្យ​​​មាន​ប្រសិទ្ធភាព ត្រូវ​តែ​ផ្តោត​លើ​ការ​រិះ​គន់​បក្ស​កាន់​អំណាច​ ដូច្នេះ​ហើយ​ទើប​សារ​ឃោសនា​បោះ​ឆ្នោតឃុំ​សង្កាត់​​របស់​ពួក​គេ​សម្រាប់​អាណត្តិ​ទី​៦ ជា​សារ​ថ្មី​តែ​អត្ថន័យ​ចាស់​។ ការ​ប្រើសារ​ខ្លី​ សាមញ្ញ​ ​មាន​ពាក្យ​ចួន​​ គឺ​ទំនង​ជាមាន​បំណង​ចង់​​ឱ្យ​ងាយ​យល់​ ​ស្តាប់​ឬ​អាន​ទៅ​ងាយ​ចាំ​ ​ពិសេសគឺ​ត្រូវ​តែ​មាន​ខ្លឹម​សារ​​រិះ​គន់​បក្ស​កាន់​អំណាច​ ដែល​ធាតុ​ផ្សំ​សំខាន់ក្នុង​ការ​កំណត់​ប្រសិទ្ធភាព​សារ​ក្នុង​កាលៈ​ទេសៈ​ដែល​គេ​ស្អប់​បក្ស​កាន់​អំណាច​ ត្បិត​ធម្មតា​ ​ចិត្ត​សាស្ត្រ​របស់​មនុស្ស​​ចង​ចាំឬ​ឆាប់​ចាំ​​អ្វី​ដែល​អវិជ្ជមាន​ជា​ជាង​វិជ្ជមាន​។ មិន​ខុស​ប៉ុន្មាន​ពី​សារ​ «ដូរ​មិន​ដូរ» បក្ស​ប្រឆាំង​ដែល​ជា​អ្នក​​ទៅ​​ប្តូរ​គេ​ មិន​ចាំ​បាច់​ប្តូរខ្លួន​ឯង​​ច្រើន​ទេ​ ព្រោះ​ម្ចាស់​ឆ្នោត​​​មិន​មែន​បោះ​ឱ្យបក្ស​ប្រឆាំង​ ដើម្បី​ឱ្យ​បក្ស​ប្រឆាំងប្តូរ​​ខ្លួន​ឯង​ទេ​ ប៉ុន្តែ​គឺ​ដើម្បី​ប្តូរ​គណបក្ស​ប្រជាជន​​ មិន​មែន​អ្នក​បោះ​ឆ្នោត​មិន​ដឹង​ថា​ បក្ស​ប្រឆាំង​គ្មាន​អ្វី​ល្អ​ណាស់​ណា​ទេ​ គឺ​មក​ពី​បក្ស​កាន់​អំណាច​មាន​ចំណុច​មិន​ល្អ​ច្រើន​ពេក​ ដែល​ត្រូវ​តែ​ប្តូរ​ចោល​ឱ្យ​បាន​សិន​។បក្ស​ប្រឆាំង​សំណាង​ដែល​រួប​រួម​គ្នានៅ​ឆ្នាំ​២០១២ ​ទាន់​សភាព​ដែល​គេ​ស្អប់​បក្ស​កាន់​អំណាច​ បក្ស​កាន់​អំណាច​វិញ​ក៏​សំណាង​ដែរ​ដែល​មាន​គណបក្ស​ប្រឆាំង​ បើ​មិន​អាច​និយាយ​ថា​ខ្សោយ​ទេ​ ក៏​មិន​ចាតុទុក​ថា​ខ្លាំង​ណាស់​ណា​ដែរ​​។គួរ​បើក​​រង្វង់​ក្រចក​បន្តិច​អំពី​ការ​ហៅ​ប្រជាពលរដ្ឋថា​ «​ម្ចាស់​ឆ្នោតឬ​អ្ន​ក​បោះ​ឆ្នោត​​» ពិត​មែន​តែ​វា​មាន​ន័យកណ្តាល ត្រង់​ៗ ​​ចំៗ ​​ តែ​វា​មាន​ផល​អាក្រក់​របស់​វា​ ពោល​គឺ​ វា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មើលមក​​កាន់​ខ្លួនឯង​ក្នុង​រូប​ភាព​តូច​ចង្អៀត​មួយ​គឺ​​ថា​ ខ្លួន​ឯង​គ្រាន់​តែ​តួ​អង្គ​បោះ​ឆ្នោត​ឱ្យ​អ្នក​នយោបាយ​,​ នយោបាយ​គ្រាន់​តែ​ជា​ការ​បោះ​ឆ្នោត,​ ពល​រដ្ឋ​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​បោះ​ឆ្នោត​ពឹង​អ្ន​ក​នយោបាយ​ បោះ​ឆ្នោត​ហើយ​កាល​ណា​ លែង​ខ្វល់​ ដែល​នេះ​ ប្រាកដ​ណាស់​ ផ្ទុយ​ពីខ្លឹម​សារ​នៃ​លទ្ធិប្រជាធិបតេយ្យ​ ដែល​ប្រជាពលរដ្ឋ​ចូល​រួម​សកម្ម​ លើស​ពី​ការ​បោះ​ឆ្នោត​ ដូច្នេះ​ហើយ​ ពាក្យ​ ម្ចាស់​ឆ្នោត​ឬ​អ្នក​បោះ​ឆ្នោត​ មិន​គួរ​ត្រូវ​បាន​សង្កត់​ធ្ងន់​ឬ​ប្រើ​ប្រាស់​ញឹក​ញាប់​ពេក​ទេ​។

ទោះ​បី​យើង​មិន​ច្បាស់​ជា​បាន​ ឮ​ពាក្យ​រិះ​គន់​សារ​នយោបាយ​របស់​បក្ស​ប្រឆាំង​ពី​មាត់​អ្នក​វិភាគ​ឯករាជ្យ​ក៏​ដោយ​ តែ​បើ​ចង់​រិះ​គន់,​ ពួក​គេ​អាច​​ពោល​បែប​នេះ​​ថា​ បក្ស​ប្រឆាំង​គួរ​ប្រើ​សារ​ចៀស​វាង​ការ​វាយ​ប្រហារ​ ប្រើ​សារ​​បង្ហាញ​ពី​គុណ​សម្បត្តិ​របស់​ខ្លួន​វិញ​ប្រសើរ​ជាង​។ ទោះ​បី​យ៉ាង​ណា​ គេ​គប្បី​យល់​ថា​ ​ធ្វើ​នយោបាយ​គឺ​ដើម្បី​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​ រឿង​ក្រោយ​មក​កាន់​អំណាច​ ត្រូវ​ធ្វើ​ខ្លះ​ ត្រូវ​ធ្វើ​ខ្លះ​ដោយ​របៀប​ណា​ មាន​គោល​នយោបាយ​អ្វី​ខ្លះ​ គឺ​ជា​ជម្រើស​សំខាន់​បន្ទាប់​ប៉ុណ្ណោះ​ ក៏​ព្រោះ​បើ​​មិន​អាច​ឡើង​កាន់​អំណាច​បាន​ទេ​ គេ​ក៏​មិន​អាច​​អនុវត្ត​គោល​នយោបាយ​អ្វី​បាន​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ យើង​ពុំ​មែន​លើកយក​អំណះ​អំណាង​នេះ​ដើម្បី​មក​​គាំទ្រ​របៀប​ធ្វើ​នយោបាយ​ ប្រាថ្នា​អំណាច​ជា​ត្រី​មុខ​នោះ​ទេ​ ព្រោះ​អ្នក​​នយោបាយ​ជា​ច្រើន​បាន​ប្រើ​ហេតុផល «យក​អំណាច​ឱ្យ​បាន​សិន» នេះ​មកធ្វើ​ជា​លេស​ ក្រោយ​បាន​អំណាច​ហើយ​ ពួក​គេ​យក​អំណាច​មក​ពង្រឹង​ពង្រីក​អំណាច​បន្ថែម​ទៀត​ ជា​ជាង​ផ្គាប់​ចិត្ត​ប្រជាពលរដ្ឋ​ទួទៅ​ (មិន​មែន​ផ្គាប់​ចិត្តតែ​អ្នក​បោះ​ឆ្នោត​ឱ្យបក្ស​ខ្លួន​​នោះ​ទេ​ ព្រោះ​ជា​គោល​ការណ៍​ ពលរដ្ឋ​ប្រគល់អំណាច​សាធារណៈ​ឱ្យ​គណបក្សប្រើ​ ​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​ មិន​មែន​ដើម្បី​តែ​អ្នក​បោះ​ឆ្នោត​ឱ្យ​ខ្លួននោះ​​ទេ​​)។ តួយ៉ាង​ ការ​ចរ​ចា​នយោបាយ​ឆ្នាំ​២០១៤​ លោក​ សម​ រង្ស៊ី​ បាន​ស្នើ​សុំជា​​ប្រធានរដ្ឋ​សភា​ ក្រោម​ហេតុ​ផល​តុល្យភាព​អំណាច ដើម្បី​ឱ្យ​បក្ស​ប្រឆាំង​អាច​មាន​ឥទ្ធិពល​ក្នុង​សភា​ត្រួត​ពិនិត្យ​កិច្ចការ​​រដ្ឋាភិបាល​​ និង​ហេតុ​ផល​បានអំណាច​សិន​ទើប​បំពេញ​តាម​ការ​សន្យា​បាន​ ប៉ុន្តែក៏​​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​បដិសេធ​ ទី​បំផុត​ការ​សន្យា​របស់​បក្ស​ប្រឆាំង​នៅ​មុន​ការ​បោះ​ឆ្នោត​មិន​ត្រូវ​បាន​​​​​​បំពេញ​ បក្ស​នេះ​បានត្រឹម​តែ​​ដោះ​សាយក​រួច​ខ្លួន​​ថា ​មិន​ទាន់​ឈ្នះ​ឆ្នោត​និងមក​ពី​​បក្ស​កាន់​អំណាច​ជំទាស់​ប៉ុណ្ណោះ​។

បទពិសោធ​ពី​ឆ្នាំ​២០១៣ បង្ហាញ​ថា​សារ​ ‘ដូរ​មិន​ដូរ​’ ត្រូវ​បាន​ប្រជាជន​ចាំ​រត់​ម៉ាត់​ រីឯ​ការ​សន្យាជា​ច្រើន​ចំណុច​ ដូច​ជា​ ដំឡើង​​ប្រាក់​ខែ​មន្ត្រី​រាជការកម្មករ​​ ត្រូវ​បាន​ប្រជាជន​ចង​ចាំ​តិច​ជាង, ​​ ប្រសិទ្ធភាព​នេះ​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​នៅ​តែ​រក្សា​សារ​នយោបាយ​ «ដូរ​ឬ​ប្តូរ»​ ដដែល​ ដែល​ជា​ជម្រើស​ត្រឹម​ត្រូវ​និង​ឈ្លាស​វៃ​ ហើយ​និង​យល់​ពី​អារម្មណ៍​របស់ប្រជាពលរដ្ឋ​​ដែល​ស្អប់​បក្ស​កាន់​​អំណាច​ ចង់​ផ្លាស់​ប្តូរ​បក្ស​នេះ​ ជាង​ជាង​ចង់​ដំឡើង​បក្ស​ប្រឆាំង​។ លោក​ កែម​ ឡី​ បាន​មើល​​ឃើញ​ចំណុច​នេះ​យូរ​មក​ហើយ​​​ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៨ខែ​កក្កដាឆ្នាំ​២០១៦ លោក ជុន​ ច័ន្ទបុត្រ​ រំឭក​ពី​សម្តីក្រោយ​ការ​បោះ​ឆ្នោត​របស់​លោក​ កែម ឡី​ កាល​នៅ​រស់​ ថា​ ​«គណបក្ស​សង្គ្រោះ​ជាតិ​​…ទទួល​បានអាសនៈ​​ច្រើន…​មិន​ប្រាកដ​ដោយសារ​មាន​វិធី​សាស្ត្រក្នុង​ការ​​ឃោសនាបោះ​ឆ្នោត​​អី​ច្រើន​ទេ​…ភាគ​ច្រើន​មក​ពី​គេ​ស្អប់​គណបក្ស​ប្រជាជន​កម្ពុជា។​» ដូចគ្នា​ដែរ​ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅ​ក្នុង​កម្មវិធីវិទ្យុរបស់​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រធានបទ ‘ស្ថានភាពនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន’ លោក​ អ៊ូ​ វីរៈ​ បាន​អះ​អាង​ថា​ «ទោះ​បី​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា​គណបក្ស​ប្រឆាំង[ខ្លួន​ឯង]​​ ខ្លាំង[ក៏​ដោយ​ក៏​] ​ តាម​ពិត គណបក្ស​ប្រជាជន​ខ្លាំង​ជាង​។​ គណបក្ស​ប្រឆាំង​…ខ្លាំង​, មែន​ដោយ​សារ​គាត់​ខ្លាំង​ទេ​ គឺ​ដោយសារគេ​ខឹង​​គណបក្ស​ប្រជាជន​។ ចឹង​គណបក្ស​ប្រជាជន​ខ្លាំងរឿង​ពីរ​៖​​ ទី​មួយ​ ខ្លាំង​ក្នុង​ការ​​ទាក់​ទាញ​​ឱ្យ​គេ​ស្រឡាញ់​គាំទ្រ​​គាត់​, ទី​ពីរ​ ក៏​ទន្ទឹម​នឹង​ហ្នឹងដែរ​ គាត់​ខ្លាំង​ឱ្យ​អ្នក​ផ្សេង​មួយ​ចំនួន​ ប្រជាពលរដ្ឋផ្សេង​ទៀត​​ ខឹង​​ស្អប់​គាត់ ទៅ​គាំទ្រ​គណបក្ស​ប្រឆាំង​ទៅ​​​។ ចឹង​ ប្រជាពលរដ្ឋ​ស្រុក​ខ្មែរ​មានតែ​​ពីរ​ទេ​ មាន​អ្នក​ស្រឡាញ់​គណបក្ស​ប្រជាជន​ហើយ​និងមាន​​អ្នក​ស្អប់​គណបក្ស​ប្រជាជន​ អត់​សូវ​ជា​មាន​អ្នក​ស្រឡាញ់​គណបក្ស​ប្រឆាំង​ប៉ុន្មាន​ទេ​…។»បើ​​យល់​ថា​អ្នក​វិភាគ​ទាំង​ពីរ​ខាង​លើ​យល់​ខុស​ គេ​អាច​តេស្ត​ការ​អះ​អាង​​របស់​ពួក​គេបាន​​ តាម​មធ្យោបាយ​​មិន​ពិបាក​អនុវត្តណាស់​ណា​​​៖ ស្តាប់​ប្រជាពលរដ្ឋ​ពី​ច្រើនប្រភព​ ភេទ​ អាយុ​ ការងារ​ ​ស្រទាប់​សង្គម ភូមិ​សាស្ត្រ​រស់​នៅ​…​ផ្សេងៗ​ពី​គ្នា​ និយាយ​ពី​បញ្ហា​នយោបាយ​ គេ​នឹង​ទទួល​បាន​ខ្លឹម​សារ​អាក់​អន់​ស្រពន់​ចិត្ត​នឹង​​បក្ស​កាន់​អំណាច​ច្រើន​ជាង​​ពេញ​ចិត្ត​​បក្ស​ប្រឆាំង​។

តើ​បក្ស​ប្រឆាំង​មិន​ខ្លាំង​ ដូច​ការ​យល់​ឃើញ​របស់​លោក​ អ៊ូ វីរៈ​ ឬ​?​លោក​ សម​ រង្ស៊ី​ បាន​​លើក​ឡើងនៅ​ក្នុង​កម្ម​វិធី​ Hello VOA ​​​ថ្ងៃ​ទី​១៤​ធ្នូ​២០១៦ ថា ​«អ្វី​ដែល​ថា ខ្ញុំ​នៅ​ក្រៅ​ប្រទេស​ លោក​ កឹម​ សុខា​ នៅ​ក្នុង​ប្រទេស​ មិន​មែន​ជា​ចំណុច​ខ្សោយ​ទេ​ ជា​ចំណុច​ខ្លាំង​ ពី​ព្រោះ​បើ​យើង​ចេះ​ចែក​ការ​​គ្នា​​ធ្វើ​​ ការ​ងារ​យើង​នោះ​គឺ​នឹង​មាន​ប្រសិទ្ធភាពខ្ពស់​​ជា​ទី​បំផុត​»។ បើ​មេ​បក្ស​ទាំង​ពីរ​បែង​ចែក​ការ​ងារ​គ្នា​ធ្វើ​ក្នុង​និង​ក្រៅ​ប្រទេស​បំពេញ​គ្នា​ទៅ​វិញទៅ​​មកគឺ​ជា​ចំណុច​ខ្លាំង​មិន​មែន​ចំណុច​ខ្សោយពិត​មែន​ គេ​គួរ​មើល​សម្លឹង​រក​មើល​ភស្តុតាង​អ្វី​ខ្លះ​ដែល​បង្ហាញ​​ថា​ គណបក្សប្រឆាំងខ្លាំង​។​ ​ចាប់​តាំង​​ពី​ពេល​ក្រោយចូល​សភា​ឆ្នាំ​២០១៤មក​ គណបក្ស​ប្រឆាំង​ចាញ់​ប្រៀប​គណបក្ស​កាន់​អំណាច​រហូត​មក​ទល់​ឥឡូវ​ ​ឋិត​​ក្នុង​ស្ថានភាព​ទប់​ទល់​រហូត​ រង​ការ​គំរាម​កំហែង​ជា​ច្រើន​រូប​ភាព​ មិន​មាន​ជំហាន​នយោបាយ​ដែលអាច​​រារាំង​មិន​ឱ្យ​គណបក្ស​ប្រជាជន​ធ្វើ​អ្វី​តាម​ចិត្តនោះ​ឡើយ។ តួ​យ៉ាង​ ​ករណី​គ.ជ.ប. ទោះ​ពិត​ជា​គ្រាន់​បើ​ជាង​មុន,​ ទោះ​បី​លោក​ សម​ រង្ស៊ី​ និងសង្គម​ស៊ីវិល​ ​ចាត់​ទុក​គ្រាន់​បើ​ជាងមុន,​​ បក្ស​ប្រឆាំង​សង្ឃឹម​ឈ្នះ​ឆ្នោត​ក៏​ដោយ,​​ ក៏​គណបក្ស​ប្រជាជនអាច​ទាត់​ចោល​ការ​ប្តូរ​កាលបរិច្ឆេទ​បោះ​ឆ្នោតមក​ខែ​កុម្ភៈ​ ​ ដែល​លោកនាយករដ្ឋមន្ត្រី​​បាន​សន្យា​នឹង​លោក​ សម​ រង្ស៊ី​, អាច​​​ដំឡើង​អគ្គលេខាធិការ​គ.ជ.ប. ​ចាស់​លោក ទេព​ នីថា​, អាច​ចាប់​ខ្លួន​អគ្គលេខាធិការ​រងលោក​ នី ចរិយា​​, អាច​សើ​រើករណីអំពើ​ហិង្សា​ក្នុង​បាតុកម្ម​ឆ្នាំ​២០១៣-១៤ ​មក​រក​រឿងសមាជិក​គ.ជ.ប. ​លោក​ រ៉ុង​ ឈុន​ ដែល​ជា​មនុស្ស​ជ្រើស​រើស​ដោយ​បក្ស​ប្រឆាំង, ការ​ទាម​ទារ​ដោះ​ស្រាយ​​បញ្ហា​ទាក់​ទង​នឹង​ការ​ចុះ​ឈ្មោះ​ឆ្នោត​ពី​គណបក្ស​ប្រឆាំង​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​​ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ គ.ជ.ប.​ នៅ​តែ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច, ពិសេស​ វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ បក្ស​ប្រឆាំង​បាន​ត្រឹមតែ​ធ្វើ​​ពហិការប៉ុណ្ណោះ​​​។​ តើ​ការ​នៅ​ក្រៅ​ប្រទេស​ជា​ចំណុច​ខ្លាំង​​យ៉ាង​ម៉េច បើលោក​ខ្លួន​ឯងក៏​​​ទទួល​ស្គាល់​ដែរ​ថា​ ​លោក​ពុំអាច​​មក​ប្រជុំ​ឬ​ដឹក​នាំ​បក្ស​ដោយ​ផ្ទាល់​ ត្រូវ​ឱ្យ​លោក​ កឹម​ សុខា​ ដើរ​តួ​នាទី​ជំនួស​​​ រហូត​ដល់​បង្ខំចិត្ត​​លា​លែង​ពី​តំណែង ក្រោម​សម្ពាធ​ច្បាប់​គណបក្ស​នយោបាយ​​។ ​តើ​បក្សប្រឆាំង​​អាច​ខ្លាំង​ដូច​ម្តេច​ បើ​សូម្បីមេ​បក្ស​មិន​អាច​បំពេញ​តួនាទី​បាន​ពេញ​លេញ​​ផងហ្នឹង​​!

គេ​មិន​គួរ​ប្រញាប់​វាយ​បក​វិញ​ថា​​ទស្សនៈ បក្ស​កាន់​អំណាច​ខ្លាំង​ ​បក្ស​ប្រឆាំង​ខ្សោយ​ ជា​ការ​លើក​ជើងបក្ស​មួយ​ បង្អាប់​បក្ស​មួយ​ នោះ​ទេ​ ពី​ព្រោះ​ថា​បក្ស​កាន់​អំណាច​ខ្លាំងក៏​​ពុំ​មែន​ខ្លាំង​ ដោយ​សារ​ឈ្លាស​វៃ​ណាស់​ណា​ដែរ​ គឺ​ដោយ​សារ​ពួក​គេ​គ្រប់​គ្រង​ធន​ធាន​រដ្ឋ​ អាច​ប្រើ​ប្រាស់​វា​មក​ពង្រឹង​ប្រយោជន៍​និង​អំណាច​បក្ស​ (ដោយ​មិន​ចាំ​បាច់​ខ្វល់​ថា​ទង្វើ​នេះ​ត្រឹម​ត្រូវស្រប​ច្បាប់​ ឬ​អត់)​, ជា​គុណ​សម្បត្តិ​ប្រៀប​ប្រៀប​យ៉ាង​ខ្លាំង​ បើ​ធៀប​នឹង​បក្ស​ដែល​មិន​កាន់​អំណាច​ ដែលនេះ​​ជា​ប្រការ​ធម្មតា​ប៉ុណ្ណោះ​ បក្ស​ណាក៏ដោយ​ឱ្យ​តែ​​កាន់​អំណាច​តែង​ខ្លាំង​ដោយ​សារ​កត្តា​នេះ​ គ្មាន​អ្វី​ចម្លែក​ទេ​។ មួយ​ទៀត​គឺ​​ ​ដោយ​សារ​គណបក្ស​ប្រជាជន​វិវត្ត​មក​ពី​ចលនា​ឧទ្ទាមកុម្មុយនិស្តដែល​បាន​​​ផ្តួល​រំលំរដ្ឋាភិបាល​​ខ្មែរ​ក្រហម​៖ ជា​គុណ​សម្បត្តិ​ផ្នែក​អង្គការ​ដឹក​នាំ​រឹង​មាំ មាន​លក្ខណៈ​យោធា​ ចាត់​តាំង​ បញ្ជា​ពី​លើ​​ បន្សល់​ទុក​ក្នុង​ជា​របៀប​ធ្វើ​ការ​របស់​បក្ស​នេះ​មក​ទល់​ឥឡូវ​ ផ្ទុយ​ពី​បក្ស​ដទៃ​ដែល​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ​ បក្ស​ប្រជាជន​អាច​បន្តពី​​អ្វី​ដែល​ខ្លួន​មានស្រាប់តាំង​​ពី​ទសវត្ស​ឆ្នាំ​៨០មក​ រួច​ប្រើ​ធន​ធាន​រដ្ឋ​ ក្រោយ​ក្តោប​ក្តាប់​រដ្ឋាភិបាលបាន​​ និង​ទទួល​ជំនួយ​អន្តរជាតិសន្ធឹក​សន្ធាប់​​ នៅ​សម័យ​អ៊ុនតាក់​និង​សម័យ​ក្រោយ​មកទៀត​មក​ពង្រឹង​បក្ស​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​​។ ដូច្នេះ​ហើយ​ គេ​មិន​គួរ​ព្រោះ​តែ​ស្អប់​គណបក្ស​ប្រជាជន​ រួច​មើល​ស្រាល​បក្ស​នេះ​ថា​ខ្សោយ​ទេ​ ហើយ​ក៏​ពុំ​គួរ​មក​ពី​ស្រឡាញ់​បក្ស​សង្គ្រោះ​ជាតិ​ ហើយ​ចេះ​សរសើរ​ពី​ចំណុច​ល្អ​ រួច​ចោទ​អ្នក​រិះ​គន់​បក្ស​ប្រឆាំង​ថា ស៊ី​ឈ្នួល​​បក្ស​កាន់​អំណាច​​នោះ​ដែរ​ បើ​ពុំ​នោះ​ទេ​ បាន​សេចក្តី​​ថា​ ស្អប់​វប្បធម៌លាប​​ពណ៌​ តែ​នៅ​តែ​សាប​ព្រោះ​វប្បធម៌​​លាប​ពណ៌ សម្តី​ថា​ស្អប់​ការ​ពណ៌​ សកម្មភាព​ថា​ចូល​ចិត្តលាប​ពណ៌​ដូច​​តែ​គ្នា​​​។ ក៏​គួរ​បញ្ជាក់​ដែរ​ថា​ មាន​ការ​គាំទ្រ​ពី​ប្រជាជន​ ជា​គុណ​សម្បត្តិ​និង​ជា​ចំណុច​ខ្លាំង​ដែរ​ តែ​​​ពុំ​គ្រប់​គ្រាន់​ឡើយ​ ក៏ពុំ​​គួរ​មាន​មោទនភាពពេកដែរ​​​ ព្រោះជា​មេរៀន​កាល​ពី​អាណត្តិ​ទី​មួយ​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ជាប់​ខ្សែ​ស្តេច​ ឈ្នះ​ឆ្នោត​ មាន​រាស្ត្រ​គាំទ្រ​ តែ​មិន​មាន​អំណាច​ពិត​ប្រាកដ​កាន់​​ឡើយ ពោល​គឺ​គណបក្ស​នេះ ​នៅ​តែ​ខ្សោយ​ ទោះ​មាន​រាស្ត្រ​គាំទ្រ​នា​កាល​ណោះក៏​ដោយ​​ ដូច្នេះ​បក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​គួរ​ចាត់​ទុក​ថា​ខ្លួន​ឯង​ថា​ខ្លាំង​ដែរ​ ទោះ​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាង​បក្ស​ប្រជាជន​ក៏​ដោយ​។

សារ​នយោបាយ​ត្រូវ​ផ្អែក​ទៅ​លើ​ប្រសិទ្ធភាព​របស់​វា​ ក្នុង​ការ​បាញ់​ឆ្ពោះ​ទៅ​រកគំនិត​ ការ​គាំទ្រ​ចង់​បាន​និង​​ការ​ចង​ចាំ​របស់​ប្រជាពលរដ្ឋ​​ បើ​ប្រើ​សារ​សុភាព​បង្ហាញ​ពី​គុណ​សម្បត្តិ​ ពី​ចំណុច​ខ្លាំង​ មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ម្ចាស់​ឆ្នោត​ ហើយ​សារ​រិះ​គន់ឬ​ទម្លាយ​ចំណុច​ខ្សោយ​របស់​បក្ស​កាន់​អំណាច​​មាន​ប្រសិទ្ធភាព​ជាង​ គេ​ត្រូវ​ជ្រើស​រើស​សារ​នយោបាយ​អាស្រ័យលើ​​ប្រសិទ្ធភាព​របស់​វា​ មិន​មែន​អាស្រ័យ​លើ​រូបភាព​តួ​ចិត្ត​ល្អ​របស់​វានោះ​​ទេ​។ ទោះ​បី​សារ​នយោបាយ​របស់​បក្ស​ប្រឆាំង​នេះ ​បង្ហាញ​ពី​ការ​ស្ទង់​កំហឹង​ប្រជាពលរដ្ឋ​បាន​ត្រឹម​ត្រូវ​ក៏​ដោយ​ ក៏​ពុំ​មែន​មាន​ន័យ​ថា គណបក្សប្រឆាំង​នឹង​​ទទួល​​ស្គាល់​ ឬ​យល់​ស្រប​​នឹង​ទស្សនៈ​របស់​អ្នកវិភាគដែល​​ថា​ បក្ស​ខ្លួន​ខ្សោយ​ឬ​បក្ស​ប្រឆាំង​ល្បី​ដោយ​សារ​បក្ស​ដទៃ​អសោចិ៍​នោះ​ឡើយ​​ ព្រោះ​មោទនភាព​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ច្រើន​នាំ​ឱ្យ​បក្ស​ប្រឆាំង​ស្រវឹង​ដូច​ហ៊្វុនស៊ិនប៉ិច​កាល​ពី​អាណត្តិ​ទី​មួយ​ មិន​ទំនង​ជា​​មើល​ឃើញ​ពី​ការ​ពិត​មួយនេះ​​​ទេ​ ម្យ៉ាង​ទៀត​ បើ​ទទួល​ស្គាល់​ ខ្លាច​សាធារណជន​លែង​គាំទ្រ​ ត្បិត​មាន​ន័យ​ស្មើ​នឹង​យល់​ថា​បក្ស​ខ្លួន​អន់​មែន​ ដូច្នេះ​មិន​មែន​អ្វី​ចម្លែក​ទេ​ ដែល​ថា​ អ្នក​នយោបាយ​ឬ​គណបក្ស​នយោបាយជា​ទូទៅ​​មិន​ទំនង​ជា​​ទទួល​ស្គាល់​កំហុស​ ភាព​អវិជ្ជមាន​ ពាក្យ​រិះ​គន់ពី​មជ្ឈដ្ឋាន​នា​នា​ឡើយ​​។

សារ​នយោបាយ​ ប្តូរ​មេ​ឃុំ ​នេះ​ មិន​ត្រឹម​តែ​ទាក់​ទាញ​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ​ ប៉ុន្តែ​ក៏​បាន​ជួយ​ផ្សព្វ​ផ្សាយ​បន្ត​ដោយ​បក្ស​កាន់​អំណាច​ដែរ​ ទោះ​មិន​មែន​ជា​ការ​ផ្សព្វ​ផ្សាយ​គាំទ្រ​ក៏​ដោយ​ ក៏​នៅ​តែ​ជាការ​​ផ្សព្វ​ផ្សាយដែរ​​។ លោក​នាយករដ្ឋមន្ត្រី​បាន​ចំណាយ​​​យ៉ាង​ច្រើន​នៅ​ក្នុង​សន្ទរកថា ​ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​តាម​​​ទូរទស្សន៍​នា​នា (មធ្យោបាយ​ឃោសនា​ដែល​បក្ស​ដទៃ​គ្មាន​) ​មក​រិះ​គន់​សារ​នយោបាយ​បក្ស​ប្រឆាំង​ ដែល​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុនតិញ​ ចាត់​ទុក​ថា​ជា​ការ​ជួយ​ឃោសនា​ឱ្យ​បក្ស​ប្រឆាំង​ដោយ​ប្រយោលនិង​មិន​ដឹង​ខ្លួន​​។ លោក​ អេង​ ឆៃអ៊ាង​ វិញ​ នៅ​ក្នុង​បទសម្ភាស​ជា​មួយ​វិទ្យុ​បារាំង​ថ្ងៃ​ទី​១០មីនា​ បាន​ពោល​អរគុណ​គណបក្ស​ប្រជាជន​និង​​មេ​ឃុំ​ចៅ​សង្កាត់​របស់​បក្ស​នេះ​ ដែល​បាន​ជួយ​ផ្សាយ​សារ​នយោបាយ​បន្ត​ឱ្យ​​បក្ស​ប្រឆាំង​​​។

ជា​ការ​ឆ្លើយ​តប​គណបក្ស​កាន់​អំណាច​បាន​បង្កើត​សារ​នយោបាយចម្លង​ស្ទីល​គេ​ថា​​ «កុំ​យក​មេឃុំ​ប្រ៉ូ មក​ដូរ​មេឃុំ​ពិត» ទំនង​ជា​មាន​ន័យ​ថា​ កុំ​យក​មេ​ឃុំ​ក្លែង​ក្លាយ​ឬ​និយាយ​កុហក​មក​ជំនួស​មេ​ឃុំ​ពិត​ប្រាកដ​ឬ​និយាយ​ការ​ពិត​។ សារ​នេះ ​​​មិន​ត្រូវ​បាន​គណបក្ស​ប្រជាជន​ទទួល​ស្គាល់ថា​ជា​សារ​​​ឃោសនា​ផ្លូវ​ការ​នោះ​ទេ​ ប៉ុន្តែ​​​​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អំពាវនាវ​​ឱ្យ​​ផ្សព្វ​ផ្សាយឱ្យ​បាន​ទូលំ​ទូលាយ​ហាក់​ដូច​ជា​សារ​ផ្លូវ​ការ​ដូច្នោះ​ដែរ។ ទោះ​បី​យ៉ាង​ណា​ បើ​ប្រៀប​នឹង​សារឃោសនា​​របស់​បក្ស​ប្រឆាំង​ សារ​បក្ស​កាន់​អំណាច​មាន​គុណ​វិបត្តិមួយ​ចំនួន និង​ទំនង​ជា​មិ​ទទួល​បាន​ប្រជាប្រិយភាពដូច​សារ​បក្ស​ប្រឆាំង​​នោះ​ទេ​។​ ពាក្យ​ប្រ៉ូ​ឬ​កុហកមាន​ន័យហាក់​ដូច​ជា​មិន​សូវ​ច្បាស់​ ព្រោះ​មិន​ដឹង​ថា​ប្រ៉ូ​រឿងអ្វី​ បើ​ថា​ បម្រើ​បក្ស មិន​បម្រើ​រាស្ត្រ​​ ជា​ពាក្យប្រ៉ូ​​ ក៏​មិន​អាច​ប្រ៉ូ​​សាធារណជន​បាន​ដែរ​ ត្បិត​ប្រជាពលរដ្ឋ​សុទ្ធ​តែ​ដឹង​ថា​ មេ​ឃុំ​គណបក្ស​ប្រជាជន​ធ្វើ​តាម​បញ្ជា​និង​ផ្គាប់​ចិត្ត​គណបក្ស​ ជា​ជាង​តម្រូវ​តាម​ឆន្ទៈ​ប្រជាជនត្បិត​​បក្ស​ជា​អ្នក​តែង​តាំង​​ ឧ. មេឃុំនិង​ចៅ​សង្កាត់​នៃ​គណបក្ស​ប្រជាជន​រាប់​រយ​នាក់ មក​ពី​ខេត្ត​ក្រុង​​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេច​ក្តី​ថ្លែងការណ៍​ថ្កោល​ទោស​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​សារ​នយោបាយ​​ ទៅ​តាម​បញ្ជា​ពី​បក្ស បញ្ជាក់ដោយ​ខ្លួន​ឯង​​ថា​ បម្រើបក្ស​មែន​​។ ម្យ៉ាង​ទៀត​ សារ​របស់​បក្ស​ប្រជាជន​ខ្វះ​​គំនិត​ដើម​ ពោល​គឺ​មិន​បង្កើត​ថ្មីមកតែ​ម្តង​ទេ​ តែ​គឺ​ដើម្បី​វាយ​បក​សារ​របស់​បក្សប្រឆាំង​ដែល​គេ​បង្កើត​ហើយ​មុន​តែ​ប៉ុណ្ណោះ​​។ ជា​ពិសេស​  វា​មិន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជាក់​ស្តែងតែ​ម្តង​​ ត្បិត​មេ​ឃុំ​គណបក្ស​ប្រជាជន​មួយ​ចំនួន​បាន​កុហកប្រជាជនអំ​ពី​គម្រោង​អភិវឌ្ឍន៍​នា​នា​​និង​ការ​សន្យា​ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ជា​ច្រើន​ មិន​ទាន់​ត្រូវ​បាន​បំពេញ,​ តើ​សំអាង​អ្វី​លើក​ឡើង​ថា​មេ​ឃុំ​របស់​បក្សខ្លួន​ពិត​?

ជាការ​​ពិត​ណាស់​ សារ​បក្ស​ប្រឆាំង​សំដៅ​មេ​ឃុំ​បក្ស​ប្រជាជន​ ទោះ​ពួក​គេ​ចង់​បក​ស្រាយ​គេច​វេះ​ការ​ចោទ​ប្រកាន់​ពី​បក្ស​កាន់​អំណាច​ដូច​ម្តេច​ក៏​ដោយ ក៏​បក្ស​ប្រឆាំង​ខ្លួន​ឯង​ដឹង​ សាធារណជន​ដឹង​។ ការ​រិះ​គន់​ថា​ មេ​ឃុំ​បក្ស​ប្រជាជន​បម្រើ​តែ​បក្ស​​ ​នេះ​ក៏​មិន​មែន​មាន​ន័យស្វ័យ​ប្រវត្តិ​​ថា​ មេ​ឃុំ​បក្ស​ប្រឆាំង​មិន​រង​ឥទ្ធិពល​បក្សនោះ​​ដែរ​ ត្បិត​​កម្ពុជា​អនុវត្ត​ប្រព័ន្ធបោះ​ឆ្នោត​​សមាមាត្រ​ ដែល​បោះ​ឆ្នោត​ជ្រើស​រើស​គណបក្ស​ ហើយ​គណបក្ស​ជា​អ្នក​កំណត់​លេខ​រៀងបេក្ខជន​​ឈរ​ឈ្មោះ​ក្នុង​បញ្ជីឱ្យ​​គេ​បោះ​ឆ្នោតឱ្យ​​ ពោល​គឺ​បក្ស​ជា​អ្នក​​​កំណត់​លទ្ធភាព​ជាប់​ឆ្នោត​ទៅ​តាម​លេខ​រៀងបេក្ខជន​​ ជា​លទ្ធផល​ អំណាច​បក្ស​មាន​ខ្លាំង​សម្បើម​ទៅ​លើ​សមាជិក​។ បើ​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក្នុង​បក្ស​ លេខ​រៀង​គួរ​តែ​ត្រូវ​បាន​កំណត់​តាម​ការ​បោះ​ឆ្នោត​ពីអ្នក​​គាំទ្រ​នៅ​មូលដ្ឋានផ្ទាល់​​ឬ​សកម្មជន​បក្ស​មូលដ្ឋាន​​​ មាន​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តធម៌​​ មិន​គួរ​បក្ស​ជា​អ្នក​ជ្រើស​រើស ឬ​លុយ​បេក្ខជន​ជា​កត្តា​កំណត់​លេខ​រៀង​ឈរ​ឈ្មោះ​នោះ​ទេ​​ ព្រោះ​វា​ងាយ​មាន​ទំនាស់​ដណ្តើម​គ្នា​ឈរ​លេខ​រៀង​ដំបូង ពិសេស​វា​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​គាំទ្រ​ផ្ទាល់​របស់​​​ប្រជាពលរដ្ឋ​​​ ប៉ុន្តែ​គឺ​ការ​គាំទ្រ​របស់​បក្ស​​។

ប៉ុន្តែ​ថា ​តើ​បក្ស​ប្រឆាំង​នឹង​នៅ​តែ​រក្សា​សារ​នយោបាយនេះ​​បន្ត​ឬ​ទេ​ បើ​​ពិចារណា​ប្រៀប​ធៀប​រវាង​ប្រជាប្រិយ​ភាព​និង​ការ​រង​បណ្តឹងពី​បក្ស​កាន់​អំណាច​​? លោក ​កឹម សុខា នៅ​ថ្ងៃ​ទី១៣មីនា​ នៅ​ក្នុងយុទ្ធនាការ​​បណ្តុះ​បណ្តាល​​គោល​នយោបាយ​ចំនួន​៥​ចំណុច​របស់​ខ្លួន​ទៅ​ដល់​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខេត្ត​កំពង់ចាម ​បាន​ណែនាំ​​សកម្មជនកុំ​ឱ្យ​​ប្រើ​ប្រាស់​សារ​នយោបាយ​​ដូរ​មេ​ឃុំនេះ​ បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​ប្រកាស​ថា​គ្រោង​ប្តឹង​បក្ស​ប្រឆាំង​ឡើង​តុលាការ​។ ពាក្យ​ «សម្លុត​មិន​ខ្លាច​» របស់​លោក​ កឹម​ សុខា​ អាច​នឹង​ត្រូវ​សរ​សេរ​បញ្ច្រាស ​បើ​ក្នុង​នាមលោក​ទើប​តែ​ឡើង​​ជា​​ប្រធានបក្ស​​ថ្មី​​ ​​ពិត​ជាផ្លាស់​ប្តូរ​សារ​នយោបាយ​នេះ​មែន​។​ បើបារម្ភ​ពី​ច្បាប់​គណបក្ស​នយោបាយ​ដែល​បក្ស​កាន់​អំណាច​អាច​រក​លេស​រំលាយ​គណបក្ស​ប្រឆាំង​ព្រោះ​តែ​សារ​មួយ​នេះ​ ដោយ​ចោទ​ថា​ ញ៉ុះ​ញង់​បង្កឱ្យមាន​​បទ​ឧក្រិដ្ឋ​អសន្តិសុខ ជំរុញឱ្យ​មាន​​ការ​រើស​អើងតាម​តែ​ការនឹក​ឃើញ​របស់​ពួក​គាត់​នោះ​ គេ​​គប្បី​យល់​ថា​ ការ​ធ្វើ​នយោបាយ​​ដើម្បី​ទៅដល់​​គោល​ដៅ​ គេ​មិន​អាច​អនុវត្ត​តាក់ទិច​ទប់​ទល់​រហូត​នោះ​ទេ ទប់​ទល់​បាន​ត្រឹម​តែ​ការ​ពារ​ប៉ុណ្ណោះ​ មិន​អាច​យក​ឈ្នះបាន​​នោះ​ទេ​​, គេ​មិន​អាច​ថយ​ក្រោយ​មួយ​ជំហាន​ហើយ​ មួយ​ជំហាន​ទៀត​នោះ​ឡើយ​​ ព្រោះវា​​មិន​ត្រឹម​តែ​មិន​អាច​ទៅ​ដល់​គោល​ដៅ​ទេ​ ថែម​ទាំង​មិន​ទាំង​រក្សា​កន្លែង​ចាស់​ដែល​ខ្លួនកំពុង​​ឈរនៅ​​ផងដែរ​​, ​ធ្វើ​តាម​ការ​ចង់​បាន​របស់​គូ​ប្រជែង​មាន​តែ​ធ្វើ​ឱ្យ​គូ​ប្រជែងកាន់​តែ​​បាន​ចិត្ត​ប៉ុណ្ណោះ​ មិន​អាច​បញ្ឈប់​ការ​យាយី​របស់​ពួក​គេ​នៅ​លើក​ក្រោយៗ​រហូត​នោះ​ទេ​, បើ​បក្ស​កាន់​អំណាច​ចង់​រំលាយ​បក្ស​ប្រឆាំង​នៅ​ក្នុង​កាលៈ​ទេសៈនេះ​​ ពួក​គេគង់​តែ​នឹង​រក​លេស​ឬ​បទ​ចោទ​ឃើញដូច្នោះ​ រំលាយ​ឬ​ចាប់​ខ្លួន​ជា​មុន​ រក​មាត្រា​ឱ្យ​ស៊ី​ក្នុង​ច្បាប់​ជា​ក្រោយ​ បើ​រកលេស​​មិន​ឃើញទេ​​ ក៏​អាច​ប្រតិដ្ឋ​ឡើង​បាន​ដែរ​​​។

មក​ទល់​ពេល​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិទាំង​លោក​ យឹម សុវណ្ណ និងអនុប្រធាន​បក្ស​​ ​លោក​ អេង​ ឆៃ​អ៊ាង​ បាន​​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ គណបក្ស​នៅ​មិន​ទាន់​បញ្ជាក់​ជា​ជំហរ​ផ្លូវ​ការ​ថា ដូរ ឬ​ក៏​មិន​ដូរ​សារ​នេះ​នោះ​ទេ​។ ដូច្នេះ​ គេ​ត្រូវ​រង់​ចាំ​ទស្សនា​ភាគ​បន្ត​ទៀត​ ប៉ុន្តែ​បើ​បក្ស​ប្រឆាំង​ជំនះ​រក្សា​សារនយោបាយ​​នេះ​បាន​ នឹង​​ចំណេញ​ប្រជាប្រិយភាព​ពី​ការ​រក​រឿង​ពី​​គណបក្ស​ប្រជាជនបន្ថែម​ទៀត​ដែរ​​ សារ​ដូរ​មេ​ឃុំ​រឹត​តែ​មាន​ឥទ្ធិពល​ តែ​បើ​ធ្វើ​មិន​បាន​វិញ​ គណបក្សសង្គ្រោះ​ជាតិ​​នឹង​មិន​មាន​មុខឯណា​​ អះ​អាង​ថា​ខ្លួន​ជា​គណបក្ស​ខ្លាំង​ឬ​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​ទៀត​នោះ​ទេ​ ព្រោះ​បើ​សារ​នយោបាយ​មួយ​រក្សា​មិន​បាន​ផង​ តើ​សង្គ្រោះ​ជាតិ​ដូច​ម្តេច​កើត​ មាន​ទំហំ​ធំ​មាន​ន័យ​​អ្វី​?

ដោយ​ ទេព​ រ៉ានិត​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ