សារព័ត៌មាន​ថា មេដឹកនាំ​អូស្ត្រាលី​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ជាមួយ​លោក ហ៊ុន សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់​ដៃ​ជាមួយ​នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី លោក​ Malcolm Turnbull អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ រូបថត៖ 9NEWS

មេដឹកនាំ​អូស្ត្រាលី បាន​បង្ហាញ​ក្ដី​បារម្ភ​ទៅ​កាន់​មេដឹកនាំ​កម្ពុជា ជុំ​វិញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើតា​មការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រាលី។

សារព័ត៌មាន 9NEWS បាន​ចុះ​ផ្សាយ​ថា នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​​នាយករដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី។

លោក Turnbull ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា អូស្ត្រាលី​បាន​មាន​ទំនាក់​ទំនង​ដ៏​ច្បាស់​លាស់​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន។

បើ​តាម 9NEWS នៅ​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​មេដឹកនាំ​កម្ពុជា មេដឹកនាំ​អូស្ត្រាលី​រូប​នេះ បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ។

ក្រៅ​ពី​ជជែក​ពី​បញ្ហា​នៅ​កម្ពុជា មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ជជែក​អំពី​ទំនាក់​ទំនង​សេដ្ឋកិច្ច ការ​ថែរក្សា​សន្តិភាព និង​ការ​គំរាម​កំហែង​ពី​សំណាក់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

ខណៈ​ដែល​មេដឹកនាំ​កម្ពុជា​កំពុង​ស្ថិត​ក្នុងដំណើរ​ចូល​រួម​ប្រជុំ​នៅ​ទីក្រុង​ស៊ីដនី​នោះ ក្រុម​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​ដែល​រស់​នៅ​អូស្ត្រាលី​នោះ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​​នៅ​តំបន់​ Hyde Park ស្ថិត​ក្នុង​ទីក្រុង​ស៊ីដនី កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន។

នៅ​មុន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី លោក ហ៊ុន សែន បាន​គំរាម​តាម​វាយ​ក្រុម​បាតុករ​ដល់​ផ្ទះ​របស់​ពួកគេ ប្រសិន​បើ​ក្រុម​បាតុករ​ដុត​រូប​តំណាង​រូប​លោក​នោះ។

បើ​តាម 9NEWS ក្រុម​បាតុករ​ទាំង​នោះ បាន​ចោទ​លោក ហ៊ុន សែន​ ថា «ជន​រំលោភ​សិទ្ធិ​មនុស្ស» ហើយ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង។

ចំណែក​ក្រុម​បាតុករ​ខ្លះ​ទៀត បាន​ជំរុញ​ទៅ​មេដឹកនាំ​អូស្ត្រាលី លោក Turnbull កុំ​ឲ្យ​ទាក់ទង​ជាមួយ​លោក ហ៊ុន សែន ដែល​ក្រុម​បាតុករ​ហៅ​ថា «បិសាច»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ