ក្រុមអាជីវករផ្សារច្បារអំពៅជិត ១០០នាក់ បានប្រមូលគ្នានៅឯផ្សារមួយនេះ ដើម្បីបង្ហាញក្ដីបារម្ភរបស់ពួកគេជុំវិញការឈូសឆាយតូបរបស់ពួកគេ ដែលនៅសេសសល់បន្ទាប់ពីត្រូវភ្លើងឆេះកាលពីយប់ថ្ងៃព្រហស្បតិ៍រហូតដល់ព្រឹកថ្ងៃសុក្រកន្លងមកនេះ។
អាជីវករផ្សារច្បារអំពៅ អ្នកស្រី ឡេង សម្ផស្ស ដែលតូបលក់ដូររបស់គាត់ត្រូវភ្លើងឆេះនោះ បានប្រាប់ថា ក្រុមអាជីវករបានប្រមូលផ្ដុំគ្នានៅលើទីតាំងផ្សារដែលត្រូវភ្លើងឆេះ ដោយបង្ហាញក្ដីបារម្ភជុំវិញការឈូសឆាយតូបរបស់ពួកគេ ដែលនៅសេសសល់ បន្ទាប់ពីរងភ្លើងឆេះ។
អាជីវកររូបនេះ បានប្រាប់ថា អ្នកស្រី និងក្រុមអាជីវករដទៃទៀត មិនចង់ឲ្យឈូសឆាយកម្ទេចទាំងអស់នោះទេ ដោយថា ក្រុមអាជីវករចង់ជួសជុលតូបនៅសេសសល់ទាំងនោះដោយខ្លួនឯង ដើម្បីឆាប់បានវិលត្រឡប់ទៅលក់ដូរឡើងវិញ។
អាជីវករមួយរូបទៀត ដែលអះអាងថាជាអ្នកលក់ឆ្នាំងចាននៅក្នុងផ្សារច្បារអំពៅមុនផ្សារនេះត្រូវភ្លើងឆេះនោះ បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បើអាជ្ញាធរឈូសឆាយទាំងអស់ ហើយមិនអនុញ្ញាតឲ្យពួកគាត់ជួសជុលឡើងវិញនោះ នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ក្រុមអាជីវករ ដោយថា ក្រុមអាជីវករមួយចំនួនជាប់បំណុលធនាគារ។
អាជីវករដែលរងគ្រោះរូបនេះ ក៏អំពាវនាវទៅរដ្ឋាភិបាល ឲ្យជួយរកដំណោះស្រាយឲ្យពួកគាត់មានដើមទុន និង អាចប្រកបមុខរបរឡើងវិញឲ្យបានឆាប់ផងដែរ។
អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា តូបលក់ដូរ ១៤៤៧ នៅក្នុងផ្សារច្បារអំពៅ ត្រូវបានភ្លើងឆាបឆេះ ក្នុងនោះតូបចំនួន ៦៤៦ បានខូចខាតទាំងស្រុង ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍រហូតដល់ព្រឹកថ្ងៃសុក្រកន្លងមកនេះ៕