ក្រសួងធនធានទឹកប្តេជ្ញាជួយដោះស្រាយបញ្ហា​ប្រឈម​ករណីមានបាតុភូតក្តៅហួតហែងខ្លាំង 

ក្រសួងធនធានទឹកប្តេជ្ញាជួយដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅតំបន់ដែលខ្វះទឹកដោយថាបើករណីមានបាតុភូតធម្មជាតិធ្វើឲ្យអាកាសធាតុនៅកម្ពុជាក្តៅហួតហែងខ្លាំងចាប់ពីខែមីនាដល់ខែមេសាឆ្នំា២០១៦។

រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមលោក ប៊ុន ហ៊ាន មានប្រសាសន៍ប្រាប់VODនៅថ្ងៃចន្ទនេះថាអាកាសធាតុនៅកម្ពុជាក្តៅហួតហែងខ្លាំង បរិមាណទឹកភ្លៀងកក់ខែមានចំនួនតិចតួច ហើយបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ កើតឡើងច្រើន តាំងពីខែមីនាដល់ខែមេសានេះ។ លោកបញ្ជាក់ថាបើករណីមានបាតុភូតធម្មជាតិ ហើយធ្វើឲ្យអាកាសធាតុនៅកម្ពុជាក្តៅហួតហែងខ្លាំងប៉ះពាល់ដល់ប្រជាពលរដ្ឋជាពិសេសនៅតំបន់ដាច់ស្រយាល លោកថាក្រសួងនឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឲ្យស្របតាមប្រសាសន៍របស់រដ្ឋាភិបាល។ លោកបន្តថា៖ចំាបាច់ត្រូវតែជួយ ប្រសាសន៍របស់សម្តេចនាយកគាត់ឲ្យមើលទឹកហ្នឹងជាក់ស្តែងមានមន្ទីរនៅជាមួយចៅហ្វាយខេត្តផ្ទាល់គ្រាន់តែបូកដឹកជញ្ជូនទៅតាមហ្នឹងបានន័យថាមានមន្ទីរគេនៅតាមគ្រប់ខេត្តគេមើល

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកកាលពីខែកុម្ភៈឲ្យដឹងថាបាតុភូត E1 Nino (ក្តៅ) ចាប់ផ្តើមថយឥទ្ធិពលបន្តិចម្តងៗក្នុងខែមីនានិងខែមេសា។ សេចក្តីជូនដំណឹងបន្តថាបន្ទាប់មកបាតុភូត Dipole Model Index នឹងចូលមកជំនួស ហើយនៅរហូតដល់ចុងខែកក្កដាទើបបាតុភូត La Nina (ត្រជាក់) ចាប់មានឥទ្ធិពលវិញ។

លោក ប៊ុន ហ៊ាន បញ្ជាក់ទៀតថា បាតុភូត E1 Nino (ក្តៅ) និងបាតុភូត La Nina (ត្រជាក់) កើតឡើងចេញពីមហាសមុទ្រប៉ាស៊ីហ្វិច ហើយអ្នកជំនាញរបស់ប្រទេសជប៉ុនជាអ្នកសង្កេតការឬតាមដានលើករណីនេះ។ លោកថាបាតុភូត E1 Nino (ក្តៅ) នេះធ្វើឲ្យកម្ពុជានិងប្រទេសដទៃទៀតរងឥទ្ធិពលបាតុភូតក្តៅនេះ។ លោកបន្ថែមថា៖មេតេអូ ជប៉ុន ធ្វើការកត់សំគាល់ជារៀងរាល់ឆ្នាំ ហើយបានឃើញបាតុភូត E1 Nino (ក្តៅ) មកដែលថាបាតុភូតប្រទេសយើងដែលនិយាយថារងឥទ្ធិពល E1 Nino (ក្តៅ) ប្រទេសដទៃទៀត គេថារងឥទ្ធិពល E1 Nino (ក្តៅ) ដូចតែគ្នាជាពាក្យអន្តរជាតិមួយដែលថាប្រទេសជុំវិញប៉ាស៊ីហ្វីបជុំវិញតំបន់ប៉ាស៊ីហ្វិចគេប្រើពាក្យអស់ហ្នឹងហើយ

នៅពេលសួរថាតើអាកាសធាតុនៅកម្ពុជាក្តៅហួតហែងខ្លាំងនៅរដូវប្រាំងនេះដោយសារកម្ពុជាបាត់បង់ព្រៃឈើដែរឬទេ? លោក ហ៊ាន ឆ្លើយយ៉ាងខ្លីថាការបាត់បង់ព្រៃឈើគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះដែលធ្វើឲ្យកម្ពុជាក្តៅហួតហែងខ្លំាង។

នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាលោក តឹក វណ្ណារ៉ា យល់ថាការកើនឡើងកំដៅនៅកម្ពុជាដោយសារការប្រែប្រួលអាកាសធាតុជាសកល ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាលក្ខណៈសកល កង្វះខាតទឹកនៅក្នុងអាងទន្លេមេគង្គ និងការកាប់បំផ្លាញព្រៃឈើ។ លោកថាដើម្បីដោះស្រាយបញ្ហាប្រឈមនៅ២ទៅ៣សប្តាហ៍ខាងមុខនេះ រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធត្រូវជូនដំណឹងទៅប្រជាពលរដ្ឋដើម្បីត្រៀមខ្លួនទប់ស្កាត់បញ្ហាប្រឈមនៃការកើនឡើងកំដៅនោះ។ លោកបន្តថា៖សម្រាប់រាជរដ្ឋាភិបាលឬមួយអាជ្ញាធរពាក់ព័ន្ធគួរតែជូនដំណឹងទៅដល់ប្រជាជនទំាងអស់ឲ្យដឹងជាមុនដើម្បីឲ្យគាត់ត្រៀមខ្លួនក្នុងករណីក្តៅលើសពីហ្នឹង តើគាត់ត្រូវបន្សំាខ្លួននៅក្នុងករណីក្តៅពីហ្នឹងថាតើគាត់ត្រូវបន្សំាខ្លួនរៀបចំយន្តការអ្វីខ្លះ ក្នុងការសម្របខ្លួនអាចមានន័យថាកាត់បន្ថយផលប៉ះពាល់ដែលអាចកើតឡើងចំពោះសុខុមាលភាពចំពោះការរស់នៅរបស់គាត់មានន័យថាធ្វើកិច្ចការប្រកបដោយប្រសិទ្ធិភាព

គួររំឮកថាថ្មីៗនេះរដ្ឋាភិបាលបានរំឭកម្ចាស់សហគ្រាសនិងគ្រឹះស្ថានកាត់ដេរនានាឲ្យយកចិត្តទុកដាក់ថែទាំសុខភាពកម្មករ រួមទំាងអំពាវនាវទៅប្រជាពលរដ្ឋទំាងអស់ប្រុងប្រយ័ត្ន ខណៈកម្ពុជានឹងជួបអាកាសធាតុក្តៅហួតហែងខ្លាំងនៅរដូវប្រាំងនេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ