រដ្ឋមន្ត្រីព័ត៌មាន៖ រដ្ឋមន្រ្តីយុត្តិធម៌ឲ្យ​អ្នករកឃើញលោកលាក់លុយនៅក្រៅប្រទេសយកលុយទាំងអស់នោះ​

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា កាលពីកន្លងទៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រាប់រូបលោកថាលោកមិនមានលុយលាក់នៅក្រៅប្រទេសដូចការចុះផ្សាយនោះទេ ដោយថាបើលោកមានលុយនៅក្រៅប្រទេសមែននោះ អ្នកណាដែលរកឃើញអាចយកលុយទាំងអស់នោះបាន។

នៅលើប្រព័ន្ធសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ បានសរសេរថារដ្ឋមន្រ្តីយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បានប្រាប់លោកក្នុងពេលទទួលទានអាហារពេលល្ងាចជាមួយរូបលោកថា៖ “បើអ្នកណារកឃើញថាបើលោកមានលុយនៅក្នុងoffshore companiesនៃប្រទេសប៉ាណាម៉ាមែននោះ  អ្នកណាដែលរកឃើញអាចយកលុយទាំងអស់នោះបាន បើមិនចង់យកលោកនឹងផ្ទេរលុយទាំងអស់នោះ ទៅមន្ទីរពេទ្យគន្ធបុប្ផា”

គួបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ត្រូវបានគេរកឃើញឈ្មោះនៅក្នុងបញ្ជី«Panama Paper»ដែលជាការបែកធ្លាយនៃកំណត់ត្រាធនាគារពាក់ព័ន្ធនឹងការ លាក់លុយនៅក្រៅស្រុក។ បុគ្គលមួយចំនួនដែលមានទ្រព្យសម្បត្តិនិងមានអំណាចជាងគេនៅជុំវិញ ពិភពលោកត្រូវបានដាក់នៅក្នុងបញ្ជីមួយនេះ។ ឯកសារបែកធ្លាយនោះត្រូវបានពិនិត្យដោយក្រុមអ្នកសារព័ត៌មានជាង ៣៧០នាក់ មកពីប្រទេសជាង៧០។

ក្រោយសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយពីការលាក់លុយនៅក្រៅប្រទេសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រសួងយុត្តិធម៌កាលពីថ្ងៃទី៤ ខែមេសា បានចេញសេចក្តីប្រកាសមួយបដិសេធនឹងការលើកឡើងថារដ្ឋមន្រ្តីបានទិញភាគហ៊ុននៅក្រៅប្រទេស។ នៅក្នុងសេចក្តីប្រកាសដដែល អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សន សោភ័ណ បានបញ្ជាក់ថាមានការចុះផ្សាយថាលោក អង្គ វង្ស វឌ្ឍានា បានចំណាយប្រាក់៥ពាន់ដុល្លារដើម្បីទិញភាគហ៊ុនចំនួន៥ពាន់ក្នុងឆ្នាំ ២០០៧ ក្នុងក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅBritish Virgin Islands។ លោកបញ្ជាក់ថា៖ “ឯកឧត្តមរដ្ឋមន្រ្តីមិនធ្លាប់ស្គាល់ក្រុមហ៊ុនខាងលើនេះ ហើយក៏មិនធ្លាប់បានទិញភាគហ៊ុន ក្នុងក្រុមហ៊ុនបរទសណាមួយឡើយ”។

កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង ធ្លាប់លើកឡើងថាលោកបានដឹងពីឯកសារដែលបង្ហាញថារដ្ឋមន្រ្តីក្រសួង យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានទិញភាគហ៊ុននៅក្រៅប្រទេស ដែលត្រូវបានចាត់ទុកថាជាមធ្យោបាយមួយនៃការលាក់លុយក្រៅប្រទេសហើយថាអង្គភាពកំពុងផ្ទៀងផ្ទាត់លើករណីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ