កូន​ស្រី​​​ ហួត សារ៉ាវឌី ចោទ​ប៉ូលិស​​ខេត្ត​​​​​​ព្រៃ​វែង​​​​ក្លែង​ករណី​ស្លាប់​របស់​ម្ដាយ

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 5:00 PM | សិទ្ធិមនុស្ស | 3 | 17349 ក្រុមគ្រួសារសពរបស់អ្នកស្រី ​​​​ហួត សារ៉ាវឌី (រូបថតពីហ្វេសប៊ុក​របស់​ជុំ សារ៉ាច័ន្ទ)

មកទល់នឹងពេលនេះករណីស្លាប់របស់អ្នកស្រី ហួត សារ៉ាវឌី អតីតតារាសម្ដែងយ៉េៗតាំងពីជំនាន់អ្នកនាងអម្ពរទេវីនិងអ្នកនាងសុខ ស្រីមុំនៅក្មេង នៅតែធ្វើឲ្យមានប្រតិកម្មពេញបណ្ដាញហ្វេសប៊ុក បន្ទាប់ពីប៉ូលិសខេត្តព្រៃវែងរក្សាជំហរបញ្ជាក់ក្នុងរបាយការណ៍ថាអ្នកស្រីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែគ្រួសារសពថាជាករណីឃាតកម្ម។ គ្រួសារសពប្រកាសប្ដឹងឲ្យមន្ត្រីអាជ្ញាធរឲ្យសើរើលើករណីនេះនិងបានចោទថាប៉ូលិសមូលដ្ឋានមានបំណងគេចវេសពីការទទួលខុសលើភូមិឃុំមិនមានសុវត្ថិភាពរបស់ខ្លួន ទើបបន្តកំណត់ថាអ្នកស្រីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដែលជារឿងអយុត្តិធម៌មិនអាចទទួលយកបាន។

កូនច្បងរបស់អ្នកស្រីហួត សារ៉ាវឌី គឺកញ្ញា ជុង សារ៉ាច័ន្ទ វ័យ២៥ឆ្នាំ បានប្រាប់VOD ថានាងនិងគ្រួសារមិនអាចទទួលយកបាននោះទេ បន្ទាប់ពីប៉ូលិសឃុំប្រាសាទ ក្នុងខេត្តព្រៃវែងទីដែលម្ដាយនាងនិងស្វាមីក្រោយ(ដែលក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកអះអាងថាជាម៉ូតូឌុប) ត្រូវស្លាប់កាលពីយប់ថ្ងៃទី១៤ មេសា ថាជាករណីគ្រោះថ្នាក់ចរាចរណ៍។ នាងថាទាំងស្ថានភាពស្លាប់និងភស្ដុតាង គឺស្ថិតក្នុងសភាពឃាតកម្មទាំងអស់ ហើយនាងក៏មិនយល់នោះដែរដែលប៉ូលិសមិនមានការធ្វើកោសល្យវិច្ច័យសាកសពក្នុងពេលវាស់វែងនិងបានកំណត់ក្នុងរបាយការណ៍ថាម្ដាយខ្លួនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ នាងនិយាយថា៖ “មុនពេលពួកខ្ញុំទៅដល់(ឡើងពីភ្នំពេញ) ពួកគាត់(ប៉ូលិសអាជ្ញាធរ)បានឲ្យមីងខ្ញុំផ្ដិតមេដាយទទួលស្គាល់ថាម្ដាយខ្ញុំស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយមីងខ្ញុំគាត់ភ័យ គាត់ស្លន់និងប្រញាប់យកសពមកធ្វើបុណ្យ ទើបគាត់ចេះតែផ្ដិត(មេដាយ)តាម ដល់ពេលយកមកអានទើបដឹងថាជាលិខិតនោះគឺឲ្យគ្រួសារទទួលថាម្ដាយខ្ញុំគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ពួកខ្ញុំទទួលយកអត់បានទេព្រោះសព និងសភាពសព ខ្ញុំយល់ថាជាករណីឃាតកម្ម ស្ទាក់ និងរំលោភសម្លាប់ច្រើនជាង!”។

នាងថាសាកសពម្ដាយរបស់ខ្លួនត្រូវគេវាយនឹងដំបងចំក្បាលនិងស្លៀកខោតែមួយចំហៀងជើងប៉ុណ្ណោះ ដែលមិនខុសពីគេចាប់សម្រាតហើយរំលោភសម្លាប់បំបិទ ដោយភ្លៅក៏មិនមានរបួសក្រៅពីស្នាមជាំនោះដែរ។ នាងថាមុនពេលម្ដាយស្លាប់ ម៉ោងប្រហែលជាង៧យប់ថ្ងៃទី១៤ មេសា អ្នកស្រីហួត សារ៉ាវឌី បានហៅទូរសព្ទមកកាន់អ្នកផ្ទះថាមានក្មេងស្ទាវៗ៤៥នាក់ចេញមកស្ទាក់ម៉ូតូនិងថាពួកនោះបានវាយឲ្យអ្នកបើកម៉ូតូឲ្យសន្លប់បាត់ហើយ ដោយនាងថាអ្នកស្រីសុំឲ្យកូនក្មួយទៅជួយ។ នាងថាអ្នកស្រីហៅទូរស័ព្ទប្រាប់ត្រឹមចំណុចនេះក៏បាត់សំឡេង ហើយពេលកូនក្មួយខលរកក៏អត់លើករហូតទល់ភ្លឺ។ ជុង សារ៉ាច័ន្ទ និយាយថា៖ “ពេលដាច់សំឡេងគាត់ពួកយើងព្យាយាមខលមកគាត់ទាំងយប់ប៉ុន្តែអត់មានអ្នកលើកទេ រហូតដល់ព្រឹកឡើងក៏មានអ្នកដំណើរឃើញសាកសពពួកគាត់និងរើសទូរស័ព្ទគាត់ក៏ខលមកតាមលេខដែលយើងទាក់ទងទៅគាត់ហ្នឹង! ខ្ញុំគិតថាក្នុងពេលដែលគាត់អត់លើកហ្នឹង គឺក្នុងពេលអ្នកស្ទាក់នោះធ្វើបាបហើយ។ រឿងគាត់ស្លាប់ទោះមើលយ៉ាងម៉េចមិនអាចជាគ្រោះថ្នាក់ចរាចរណ៍ដែរ ម្យ៉ាងបើគាត់គ្រោះថ្នាក់ចរាចរណ៍មែនហេតុអ្វីខោគាត់រហែកត្រូវគេសម្រាត ហើយក្បាលគាត់មានរបួសដូចត្រូវគេវ៉ៃដំណំណាស់!”។

នាងថាមកដល់ពេលនេះ ពាក្យបណ្ដឹងរបស់នាងបានឆ្លាក់ដល់ដៃប៉ូលិសក្នុងឃុំអន្សោង ខេត្តព្រៃវែង កន្លែងដែលគ្រួសារធ្វើបុណ្យសពឲ្យអ្នកស្រីហួត សារ៉ាវឌីនិងបានឮដល់ស្នងការខេត្តហើយ ប៉ុន្តែជំហររបស់មន្ត្រីប៉ូលិសនៅតែថាម្ដាយនាងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ សារ៉ាច័ន្ទ និយាយថា៖ “អ្នកណាក៏និយាយដែរថាបើគាត់(ប៉ូលិស)ធ្វើរបាយការណ៍ថាម្ដាយខ្ញុំត្រូវស្លាប់ដោយឃាតកម្ម គឺរឿងហ្នឹងពិតជាវែងឆ្ងាយព្រោះការស្លាប់របស់ម៉ាក់ខ្ញុំស្ថិតក្នុងតំបន់ដែលពួកគាត់គ្រប់គ្រង ប៉ុន្តែករណីគាត់ថាម្ដាយខ្ញុំស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ហ្នឹង ពួកខ្ញុំអត់ទទួលយកបានទេព្រោះខ្ញុំមានអង្គហេតុច្រើនដែលបញ្ជាក់ថាគាត់ស្លាប់ដោយគេធ្វើឃាត!”។

លោក វ៉ា សាមុត មេប៉ុស្ដិ៍ឃុំប្រាសាទ នៅតែអះអាងថានោះជាករណីគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ ដោយថាមកពីជនរងគ្រោះជិះម៉ូតក្នុងពេលងងឹតបុកនឹងសសរនៅក្បែរថ្នល់ទើបបណ្ដាលឲ្យដួលបុកសសរនិងបែកក្បាលបណ្ដាលឲ្យស្លាប់ទាំងពីរនាក់។ លោកថាហេតុផលដែលអ្នកស្រីហួត សារ៉ាវឌី របូតខោគឺអាចបណ្ដាលមកទាក់នឹងសសរក្នុងពេលដួលក្រឡាប់ផ្កាប់ផ្ងារនោះឯង។ លោកប្រាប់តាមទូរស័ព្ទថា៖ “ពួកគាត់(គ្រួសារសព)ចេះតែបង្ហោះអញ្ចេះបញ្ចុះលើហ្វេសប៊ុក តែការពិតបើមកមើលបានដឹងថារឿងហ្នឹងជាគ្រោះថ្នាក់ចរាចរណ៍ទេ ព្រោះទាំងម៉ូតូទាំងសរសរដែលបុកនោះគឺវាមានសភាពស្របគ្នា ខ្ញុំឲ្យអ្នកជំនាញមកវាស់វែងក៏គេថាជារឿងគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងដែរ”។

លោក ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែងក៏បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថាករណីស្លាប់របស់អ្នកស្រីហួត សារ៉ាវឌី និងបុរសជាស្វាមីគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមិនទាក់ទិននឹងអំពើឃាតកម្មឡើយ។ ការលើកឡើងរបស់លោកត្រូវបានកញ្ញាសារ៉ាច័ន្ទ បានសរសេរនៅលើហ្វេសប៊ុកថាជាការអះអាងថាគ្មានការទទួលខុសត្រូវ មិនពិនិត្យភស្ដុតាងនិងបានចោទថានគរបាលថាបានយកភស្ដុតាងគឺដំបងដែលនាងសង្ស័យថាជនល្មើសប្រើសម្លាប់ម្ដាយ និងស្វាមីក្រោយទៅបោះចោល។ នាងសរសេរថា៖ “មកពិនិត្យសាកសពគ្មានជំនាញ មិនពាក់ស្រោមដៃ ខ្ញុំសុខចិត្តឲ្យលើកសាកសពមកពិនិត្យក៏មិនលើកសាកសពចេញដែរ ឆ្លុះពិលចុះឡើងរួចដើរចេញអស់ ខ្ញុំនិយាយថាម្តាយខ្ញុំត្រូវគេរំលោភបើចង់ដឹងការពិតម៉េច មិនពិនិត្យអវយវៈភេទគាត់ឲ្យច្បាស់ទៅ មួយភ្លេតមកពិនិត្យសព២ដង មិនអស់ចិត្តចង់ទុកឲ្យខេត្តមកពិនិត្យទៀតទាំងដឹងថាសពត្រូវបូជា”។ នាងសរសេរបង្ហោះបន្តថា៖ “សមត្ថកិច្ចមានភ្នែកមើលទេថាមនុស្សស្លាប់មានទាំងដំបង ម៉ូតូក៏នៅគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់ធ្លាយខួរលានភ្នែក ហេតុអីម៉ូតូបាក់ត្រឹមកង់ក្បាំងម៉ូតូនៅល្អទាំងអស់។ សពដួលដល់ថ្នាក់រយះខោអាវ សាច់គួរតែខ្ទេចមិនមែននៅមូលល្អចឹងទេ ហើយមិនឲ្យជាប់គ្រួសយ៉ាងម៉េចបើគាត់ធ្លាក់លើដី។ ខ្ញុំឈឺចិត្តណាស់នៅពេលស្នងការនិយាយគ្មានការពិតបែបនេះ ឬគិតថាខ្មោចស្លាប់ហើយក៏ស្លាប់ទៅ នៅវែងឆ្ងាយធ្វើអី”។ នាងបានបញ្ជាក់បន្ថែមក្នុងពេលសម្ភាសន៍ នគរបាលគ្រប់ជាន់ថ្នាក់ខេត្តព្រៃវែងបានក្លែងករណីស្លាប់របស់ម្ដាយ ដើម្បីបញ្ចប់រឿងដែលនាងយល់ថានោះជារឿងអយុត្តិធម៌ ដែលនាងត្រូវតែតស៊ូរកការពិតឲ្យម្ដាយ។

អ្នកស្រី ហួត សារ៉ាវឌី (រូបថតពីហ្វេសប៊ុករបស់ជុំ សារ៉ាច័ន្ទ)
អ្នកស្រី ហួត សារ៉ាវឌី (រូបថតពីហ្វេសប៊ុករបស់ជុំ សារ៉ាច័ន្ទ)

សារ៉ាច័ន្ទ បញ្ជាក់ថាម្ដាយរបស់ខ្លួនបានធ្វើដំណើរពីផ្ទះនៅគៀនស្វាយជាមួយស្វាមីក្រោយ ទៅស្រុកកំណើតស្ថិតនៅឃុំអន្សោង ក្នុងខេត្តព្រៃវែង ប៉ុន្តែមកដល់ត្រឹមឃុំប្រាសាទក្នុងខេត្តព្រៃវែង ក៏ខលមកប្រាប់ថាមានគេស្ទាក់ផ្លូវ។ នាងសន្និដ្ឋានថាម្ដាយនិងស្វាមីក្រោយទំនងត្រូវបានស្លាប់ក្រោយហៅទូរសព្ទលែងលើកនៅវេលាម៉ោងជាង៧យប់ក្នុងថ្ងៃទី១៤ ខែមេសា។ នាងថាអ្នកស្រីហួត សារ៉ាវឌី មានវ័យ៤៤ឆ្នាំ ឯស្វាមីក្រោយឈ្មោះប៊ុន ថនដែលស្លាប់ក្នុងហេតុការណ៍នោះដែរមានវ័យ៣៤ឆ្នាំ។  អ្នកស្រីមានតែកូនស្រី២នាក់ប៉ុណ្ណោះជាមួយស្វាមីមុន ក្រោយពេលស្វាមីដើមចែកឋាន ចំណែកការរួមរស់ជាមួយស្វាមីក្រោយអ្នកស្រីមិនមានកូនចៅនោះទេ។ សារ៉ាច័ន្ទ បន្ថែមថា ម្ដាយរបស់ខ្លួនបើទោះឈប់ទទួលសម្ដែងរឿងនិងឡើងឆាកទូរទស្សន៍ ទន្ទឹមនឹងតារារួមជំនាន់ដូចជាអម្ពរទេវី កែវ កល្យាណ និងសុខ ស្រីមុំ ឈប់សិល្បៈអស់ ប៉ុន្តែអ្នកស្រីមិនបានបោះបង់សិល្បៈនោះទេ គឺនៅតែច្រៀងតាមអកកេសនិងក្នុងរង្គសាលមកទល់នឹងមុនទទួលមរណភាព៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required